ឯកឧត្តម ហ៊ុន ម៉ាណែត៖ កម្ពុជាជាប់លំដាប់ថ្នាក់លេខ២ បន្ទាប់ពីអាមេរិកនៅក្នុងការប្រកួតប្រជែងផ្នែកសន្តិសុខ និងសុខភាព និងទទួលបានចំណាត់ថ្នាក់ទី២ ក្នុងការគ្រប់គ្រងជំងឺកូវីដ១៩
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) បានមានប្រសាសន៍បញ្ជាក់ថា ប្រទេសកម្ពុជាជាប់លំដាប់ថ្នាក់លេខ២ បន្ទាប់ពីសហរដ្ឋអាមេរិកនៅក្នុងការប្រកួតប្រជែងផ្នែកសន្តិសុខ និងសុខភាព និងទទួលបានចំណាត់ថ្នាក់ទី២ ក្នុងការគ្រប់គ្រងជំងឺកូវីដ១៩ បានល្អប្រសើរ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ការបញ្ជាក់នេះធ្វើឡើងក្នុងឱកាសដែលឯកឧត្ដម ហ៊ុន ម៉ាណែត និងលោកជំទាវ អញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាល ថ្លែងអំណរគុណ និងពិសាអាហារសាមគ្គីជាមួយគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ១៩ នាល្ងាចថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលសន្និបាត និងពិពណ៌អន្តរជាតិជ្រោយចង្វារ។
ឯកឧត្ដមបន្តថា ភាពជោគជ័យនេះមិនមែនជាការចៃដន្យនោះទេ គឺសម្ដេចតេជោ ហ៊ុន សែន មានយុទ្ធសាស្ត្រ និងការសម្រេចចិត្តច្បាស់លាស់ ដើម្បីចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋទូទាំងប្រទេសហើយទទួលបានប្រសិទ្ធភាពក្នុងការទប់ស្កាត់ នៃការរីករាលដាលជំងឺកូវី-១៩ ខណៈដែលប្រទេសជឿនលឿនមួយចំនួនមិនបានចាក់វ៉ាក់សាំងគ្រប់នៅឡើយ៕