យុទ្ធនារការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នឹងចាប់ផ្តើមនៅថ្ងៃស្អែកនេះ
ភ្នំពេញ៖ នៅថ្ងៃទី២១ឧសភាស្អែកនេះ គណបក្សនយោបាយដែលដាក់ឈ្មោះបេក្ខជនរបស់ខ្លួនចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នឹងចាប់ផ្តើមដំណើរការឃោសនាគណបក្សរបស់ខ្លួននៅទូទាំងប្រទេស។
ខណៈថ្ងៃយុទ្ធនាការឃោសនាបោះឆ្នោតឃុំ-សង្កាត់ នឹងចូលមកដល់នៅថ្ងៃស្អែកនេះ ឯកឧត្តម ឯម សូផាត សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្តីពីការចាប់ផ្តើមបើកដំណើរការនៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។ កិច្ចប្រជុំនេះមានការចូលរួមពីតំណាងស្ថាប័ន តំណាងគណបក្សនយោបាយ និងតំណាងអង្គការសង្គមស៊ីវិល ។
ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប ឲ្យដឹងថា គិតមកទល់ពេលនេះមានគណបក្សចំនួន១៧ បានស្នើដើម្បីធ្វើសកម្មភាពឃោសនាបោះឆ្នោត ខណៈគណៈកម្មការរៀបចំការបោះឆ្នោតរាជធានី-ខេត្ត កំពុងពិនិត្យអំពីការស្នើសុំ និងរៀបចំតម្រាយផ្លូវសម្រាប់គណបក្សនយោបាយហែរក្បួនឃោសនា។ ជុំវិញការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ អំឡុងឃោសនាបោះឆ្នោត ឯកឧត្តម អ្នកនាំពាក្យ គ.ជ.ប បញ្ជាក់ថា ដើម្បីបង្កលក្ខណៈងាយស្រួល និងធានាដល់សន្តិសុខ និងសុវត្ថិភាពដល់ឃោសនិករបស់គណបក្សនយោបាយនីមួយៗ ក្រសួង និងស្ថាប័នពាក់ព័ន្ធ នឹងត្រៀមអន្តរាគមន៍សម្របសម្រួលគ្រប់ពេលវេលា។
សូមជម្រាបជូនថា ដំណើរការនៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ មានរយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃទី២១ ខែឧសភា រហូតដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ខណៈការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនាខាងមុខ៕