ឯកឧត្តម ហ៊ុន ម៉ានី៖ “ប្រជាធិបតេយ្យរស់ក្រោមម្លប់ នៃសន្តិភាព”
ភ្នំពេញ៖ តាមរយៈហ្វេសប៊ុក នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា ក្រោមម្លប់នៃសន្តិភាព ថ្ងៃនេះ ប្រជាជនកម្ពុជាដែលគ្រប់អាយុបោះឆ្នោត បានចេញដំណើរទៅតាមមូលដ្ឋានរៀងៗខ្លួន ធ្វើចលនាឃោសនាគណបក្ស ដែលខ្លួនគាំទ្រ។
ឯកឧត្ដមមានប្រសាសន៍ថា នេះមិនត្រឹមតែជាសេរីភាពបុគ្គល ប៉ុន្តែជាការសរបញ្ជាក់ពីលំនឹងប្រជាធិបតេយ្យ ដែលកម្ពុជាខ្លួនឯង ប្រឹងប្រែងបណ្តុះ និងទទួលបានផ្លែផ្កានៅពេលនេះ។ ឯកឧត្ដមបានជូនពរ ឲ្យដំណើរការនៃយុទ្ធនាការនេះ ប្រព្រឹត្តិទៅដោយជោគជ័យ ក្នុងភាពថ្លៃថ្នូរ និងដើម្បីអនាគតកម្ពុជាតែមួយ។
នៅក្នុងថ្ងៃនេះដែរ ឯកឧត្ដម ហ៊ុន ម៉ានី សមាជិកគណៈកម្មាធិការថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា និងអនុប្រធានទី១ ក្រុមការងារបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ក៏បានអញ្ជើញបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅស្រុកឧត្ដុង្គ ខេត្តកំពង់ស្ពឺ។
ឆ្លៀតឱកាសនេះ ឯកឧត្ដមសូមថ្លែងអំណរគុណ ដល់សមាជិកគ្រប់រូប ដែលបានដាក់ការជឿជាក់មកលើបក្សប្រជាជនកម្ពុជា ជារៀងរហូតមក ហើយក៏សូមជូនពរឲ្យសមាជិកគ្រប់រូប ដែលចូលរួមក្នុងយុទ្ធនាការនេះ បានប្រកបដោយភាពជោគជ័យ និងសុខសុវត្ថិភាព។
បន្ទាប់ពីជួបសំណេះសំណាលជាមួយសមាជិក-សមាជិកាបក្សរួចមក ឯកឧត្ដម ហ៊ុន ម៉ានី ក៏បានធ្វើដំណើរទៅតាមមូលដ្ឋានដើម្បីធ្វើការឃោសនាពីគោលនយោបាយបក្សជូនដល់ប្រជាពលរដ្ឋ។ ឯកឧត្ដមបាន រំឭកដល់អនុស្សាវរីយ៍កាលពី១០ឆ្នាំមុន ដែលក្រុមការងារត្រូវមូរជើងខោ ដើរកាត់ទឹក កាត់ផ្លូវដែលពិបាកធ្វើដំណើរ ទម្រាំបានមកដល់ភូមិនៅខាងក្នុង។
ប្រជាពលរដ្ឋក៏ដូចជាមេភូមិអូរលើ ឃុំព្នាយ ស្រុកសំរោងទង (ដែលភូមិនេះមានព្រំប្រទល់ ជាប់ជាមួយឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ) បានរៀបរាប់ថា “យើងមានហេដ្ឋារចនាសម្ព័ន្ធទាំងប្រព័ន្ធផ្លូវថ្នល់ ស្ពាន ប្រព័ន្ធប្រឡាយទឹក ទំនប់ទប់ទឹក ដែលបានសម្រួលដល់ការធ្វើដំណើរ និងការងារកសិកម្មរបស់បងប្អូនក្នុងភូមិ។ ទីនេះមានសាងសង់ផ្ទះថ្មីៗ ធំៗជាច្រើនខ្នងបន្ថែម ហើយប្រជាពលរដ្ឋលោកយាយ លោកតា អ៊ំ ពូ មីង ក៏មានសុខភាពរឹងមាំ ហើយអ្នកភូមិនេះរីករាយស្រស់ស្រាយណាស់។”