គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងធ្វើពិធីដង្ហែទង់ស៊ីហ្គេម នៅថ្ងៃស្អែក ជាសារបញ្ជាក់ថាដល់វេនកម្ពុជាធ្វើម្ចាស់ផ្ទះហើយ

នៅរសៀលថ្ងៃទី២៤ ខែសភា ស្អែកនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នឹងរៀបចំក្បួនដង្ហែទង់ស៊ីហ្គេម និងជយលាភីមេដាយ ស៊ីហ្គេមលើកទី ៣១ ដើម្បីជាសារបញ្ជាក់ថា ស៊ីហ្គេម ២០២៣ បានចូលដល់វេនរបស់កម្ពុជាហើយ។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ អ្នកស្នេហាវិស័យកីឡា ក៏ដូចជាយុវជនរបស់យើងទាំងអស់ នៅរាជធានីភ្នំពេញ ក៏ដូចជាទូទាំងប្រទេសចូលរួមអបអរសាទរ និងចូលរួមដង្ហែទង់ស៊ីហ្គេម ពេលទៅដល់ និងលើកទឹកចិត្តដល់កីឡាករ-កីឡាការិនី មេដាយជយលាភីរបស់យើងក្រោយពីចូលរួមការប្រកួតកីឡាស៊ីហ្គេមនៅវៀតណាមផងដែរ។ ឯកឧត្ដមបន្តថា ប្រតិភូដឹកនាំដោយសម្តេចពិជ័យសេនា នឹងទៅដល់ព្រលានយន្ដហោះអន្តរជាតិភ្នំពេញ ហើយយើងនឹងធ្វើពិធីដង្ហែពីព្រលានយន្ដហោះ។ ដង្ហែទង់ស៊ីហ្គេម ដែលនឹងបានមកដល់ព្រះរាជាណាចក្រកម្ពុជា ហាក់បីដូចជាព្រឹត្តិការណ៍ការប្រកួតស៊ីហ្គេម SEA GAMES 2023 បានមកដល់កម្ពុជា ដើម្បីធ្វើជាម្ចាស់ផ្ទះ។
តាមគម្រោងក្បួនដង្ហែនឹងធ្វើនាវេលាម៉ោង ៥និង៣០នាទីល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ដោយក្បួនរថយន្ដនឹងចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមមហាវិថីសហព័ន្ធរុស្សី បត់តាមមហាវិថីព្រះនរោត្តម ត្រង់មន្ទីរពេទ្យអង្គឌួង ឆ្ពោះទៅវិមានឯករាជ្យ ព័ទ្ធជុំវិញសួនវិមានឯករាជ្យខាងកើត ត្រលប់មកមហាវិថីព្រះសុរាម្រិត ដល់មហាវិថីព្រះសីហនុ រួចបត់ចូលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
សូមរំឮកថា ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣(SEA GAMES 2023) ដែលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះ គ្រោងនឹងធ្វើនៅក្នុងខែឧសភា ឆ្នាំ២០២៣៕