រាជរដ្ឋាភិបាល អនុញ្ញាតឲ្យកម្មករនិយោជិត ឈប់សម្រាកមុន ១ថ្ងៃ និងក្រោយថ្ងៃបោះឆ្នោត ១ថ្ងៃ
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុញ្ញាតឲ្យកម្មករនិយោជិតនៅទូទាំងប្រទេសឈប់សម្រាកមុន ១ថ្ងៃ និងក្រោយថ្ងៃបោះឆ្នោត ១ថ្ងៃ ដើម្បីទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខ។ នេះបើយោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្តី ផ្ញើជូនរដ្ឋមន្ត្រីក្រសួង ការងារ និងបណ្តុះបណ្តាលវិជា្ជជីវៈ នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២នេះ។
នៅក្នុងលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា យល់ព្រមជាគោលការណ៍ឲ្យកម្មករនិយោជិតឈប់សម្រាក ដើម្បីទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ១ថ្ងៃមុនថ្ងៃបោះឆ្នោត និង១ថ្ងៃក្រោយថ្ងៃបោះឆ្នោត ដោយ រក្សាប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗជូនដល់បងប្អូនកម្មករនិយោជិតដដែល។
សូមបញ្ជាក់ថា ការសម្រេចនេះ ក្រោយពីមានចំណារដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២៕