អតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ ៥រូប បន្ថែមទៀត យល់ព្រមទទួលយកប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ

ភ្នំពេញ៖ អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ៥រូប បន្ថែមទៀត ក្នុងចំណោមអតីតបុគ្គលិកដែលបានគោរពស្នើសុំអន្តរាគមន៍ បានមកទទួលយកដំណោះស្រាយតាមរយៈការធ្វើលិខិតព្រមព្រៀងទទួលយកប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈចេញផ្សាយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ។
អនុវត្តតាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មន្ត្រីជំនាញរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានធ្វើការពិនិត្យផ្ទៀងផ្ទាត់ការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារជាមួយតំណាងក្រុមហ៊ុន ហើយពិនិត្យឃើញថា ការទូទាត់ចំនួន ៤ចំណុច គឺបានត្រឹមត្រូវស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងការបញ្ឈប់ពីការងាររួម។
ក្រសួងការងារបញ្ជាក់ថា នៅថ្ងៃទី២៥ឧសភានេះ មានអតីតបុគ្គលិកចំនួន៥នាក់បន្ថែមទៀត រួមមាន ១.លោក ផាន់ សុធី ២.លោក សៅ សម្បត្តិ ៣. លោកស្រី អ៊ុក សោភ័ណ ៤.លោក សេង វណ្ណារិទ្ធិ និង៥. លោក រស់ សុភ័ក្រ។ បុគ្គលិកទាំង៥រូប បានយល់ព្រមទទួលយកប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ។
សូមបញ្ជាក់ថា គិតមកដល់ថ្ងៃនេះ មានអតីតបុគ្គលិកសរុបចំនួន ១៩២រូបក្នុងចំណោម ៣៧៣រូប ដែលបានទទួលយកនូវប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ ដែលធ្វើឲ្យចំនួនអតីតបុគ្គលិកដែលមិនព្រមទទួលយកសំណងនៅសល់ត្រឹម ១៨១រូប៕