គ.ជ.ប អំពាវនាវដល់វិស័យឯកជនបង្កលក្ខណៈងាយស្រួល និងអនុញ្ញាតឲ្យនិយោជិត បានធ្វើដំណើរទៅបោះឆ្នោត
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានអំពាវនាវទៅកាន់វិស័យឯកជននានា ជួយសម្រួល និងបង្កលក្ខណៈងាយស្រួល អនុញ្ញាតឲ្យនិយោជិត កម្មករ កម្មការិនី បានធ្វើដំណើរទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅតាមឃុំ-សង្កាត់របស់ពួកគេ ដែលបានចុះឈ្មោះបោះឆ្នោត ។
យោងតាមសេចក្តីអំពាវនាវរបស់ គ.ជ.ប ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា អនុលោមតាមច្បាប់ស្តីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ មានសិទ្ធិបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់របស់ខ្លួន ។
ដើម្បីឲ្យប្រជាពលរដ្ឋ ប្រើសិទ្ធិរបស់ខ្លួនស្របតាមច្បាប់ គ.ជ.ប សូមគ្រប់ម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ សណ្ឋាគារ ភោជនីយដ្ឋាន និងគ្រឹះស្ថានទាំងអស់ ក្នុងប្រទេសកម្ពុជា ជួយសម្រួល និងបង្កលក្ខណៈងាយស្រួលអនុញ្ញាតឲ្យនិយោជិក កម្មករ កម្មការិនី បានធ្វើដំណើរទៅបោះឆ្នោត នៅក្នុងឃុំសង្កាត់ ដែលពួកគាត់បានចុះឈ្មោះបោះឆ្នោត ។
គ.ជ.ប សង្ឃឹមយ៉ាងមុតមាំថា គ្រប់ម្ចាស់សហគ្រាស ក្រុមហ៊ុន សណ្ឋាគារ ភោជនីយដ្ឋាន គ្រឹះស្ថានទាំងអស់ នឹងបង្កលក្ខណៈងាយស្រួលដល់និយោជិត កម្មករ កម្មការិនី បានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ នៅតាមឃុំសង្កាត់ ជាកំណត់។
គួរបញ្ជាក់ថា ដើម្បីបង្កលក្ខណៈងាយស្រួលដល់និយោជិត កម្មករ កម្មការិនី បានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យកម្មករនិយោជិត ឈប់សម្រាក១ថ្ងៃ មុនថ្ងៃបោះឆ្នោត និង១ថ្ងៃក្រោយថ្ងៃបោះឆ្នោត ដោយរក្សាប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗនៅដដែល ៕