គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    NOCC ប្រកាសពីការដង្ហែពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup Trophy Tour នៅកម្ពុជា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី២៧ ខែឧសភា ឆ្នាំ២០២២​ |
    NOCC ប្រកាសពីការដង្ហែពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup Trophy Tour នៅកម្ពុជា NOCC ប្រកាសពីការដង្ហែពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup Trophy Tour នៅកម្ពុជា

    គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ​(NOCC) បាន​ប្រកាស​អំពី​ការ​ដង្ហែ​ពានរង្វាន់​បាល់​ទាត់​ពិភពលោក FIFA World Cup Trophy Tour មកកាន់​ប្រទេស​កម្ពុជា​ជា​ផ្លូវការ​ហើយ ក្រោយ​ទទួល​បាន​ការអនុញ្ញាត​ពី​រាជរដ្ឋាភិបាល។​ នេះបើយោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​ របស់​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជានៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​ឧសភា​ ឆ្នាំ២០២២។

    សេចក្ដីប្រកាស​បាន​បញ្ជាក់​ថា ពានរង្វាន់​បាល់ទាត់​ពិភពលោក​នេះ​នឹង​ត្រូវ​ដង្ហែ​មកដល់​រាជធានី​ភ្នំពេញ តាម​ជើង​ហោះហើរ​ឯកជន​ពិសេស “Private jet” នា​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០២២ ខាង​មុខ។​ ​តាមរយៈ​នេះ ក្នុងនាម​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​​ចាត់​ទុក​នេះ គឺជា​មោទនភាព​ជាតិ​ដ៏​វិសេសវិសាល ដែល​កម្ពុជា​បាន​ទទួល​ព្រឹត្តិការណ៍​នៃ​ដំណើរ​គោចរ​ពានរង្វាន់​បាល់ទាត់​ពិភពលោក​លើក​ទី​១ ដើម្បី​អបអរសាទរ​ការប្រកួត​បាល់ទាត់​ដណ្ដើម​ពានរង្វាន់​ពិភពលោក​នា​ខែ​ធ្នូ ឆ្នាំ​២០២២ ខាងមុខនៅ​ទីក្រុង​ដូ​ហា ប្រទេស​កាតា។​ យោង​តាម​ប្រភព​ដដែល​បាន​បញ្ជាក់​ថា កម្មវិធី​សំខាន់ៗ​ក្រោយ​ពានរង្វាន់​បាល់ទាត់​ពិភពលោក​មក​ដល់​កម្ពុ​ជា នឹង​មាន​ក្បួន​ដង្ហែ​ពាន​នេះ​ពី​ព្រលាន​យន្ដហោះ​អន្ដរជាតិ​ភ្នំពេញមកកាន់​វិមាន​សន្ដិភាព ដោយ​ពិធី​ទទួល​ស្វាគមន៍ និង​លើក​ពានរង្វាន់​ពិភពលោក​នេះ នឹង​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។​

    ​បន្ទាប់មក​នឹង​មាន​ការ​នាំ​យក​ពាន​រ​ង្វាន់​បាល់ទាត់​ពិភពលោក​នេះ ទៅ​ដាក់​តាំងនៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ កន្លែង​ដែល​កម្ពុជា​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដើម្បី​ស្វាគមន៍​ភ្ញៀវ​ចូល​ទស្សនា និង​ថតរូប​ផ្ទាល់​ជាមួយ​ពានរង្វាន់​បាល់ទាត់​ពិភពលោក​នេះចាប់ពី​ម៉ោង ១​រសៀលរហូត​ដល់​ម៉ោង ១០​យប់​អម​ជាមួយ​តន្ដ្រីសម័យ​កំដរ​ទៀត​ផង។​ ​តាមរយៈ​នេះ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ក៏ដូចជា​យុវជន​-​យុវនារី និង​អ្នក​ស្នេហា​វិស័យ​កីឡាបាល់ទាត់ ចូលរួម​ព្រឹត្តិការណ៍​នេះ​ឲ្យ​បាន​ច្រើន​កុះករដើម្បី​អបអរសាទរ និង​បង្ហាញ​នូវ​មោទនភាព​ជាតិចំពោះ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​ថ្មី​មួយទៀត ​សម្រាប់​ប្រទេស​កម្ពុជា​នេះ៕

     

    ពាក្យគន្លឹះទាក់ទង