គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញដាំដើមឈើ នៅមជ្ឈមណ្ឌលវប្បធម៌​ព្រះពុទ្ធសាសនា​កម្ពុជា​ នៅ​ឧទ្យានជាតិ​គិរីរម្យ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី៣០ ខែឧសភា ឆ្នាំ២០២២​ |
    សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញដាំដើមឈើ នៅមជ្ឈមណ្ឌលវប្បធម៌​ព្រះពុទ្ធសាសនា​កម្ពុជា​ នៅ​ឧទ្យានជាតិ​គិរីរម្យ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញដាំដើមឈើ នៅមជ្ឈមណ្ឌលវប្បធម៌​ព្រះពុទ្ធសាសនា​កម្ពុជា​ នៅ​ឧទ្យានជាតិ​គិរីរម្យ

    កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២២ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានដឹកនាំលោកជំទាវ ជាភិយា ឥស្សរជនថ្នាក់ដឹកនាំ រួមជាមួយមន្ត្រីកាកបាទក្រហមកម្ពុជា ថ្នាក់កណ្តាល,ថ្នាក់សាខា និងយុវជន កាកបាទ ក្រហមកម្ពុជា អញ្ជើញដាំកូនឈើចំនួន ៨០០ដើម និងទស្សនាស្វែងយល់ នូវសមិទ្ធិផលនានា នៅក្នុងបរិវេណ មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា នៃឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ គីរីរម្យ។
    ក្នុងពិធីនេះ ក៏មានការចូលរួមផងដែរពី លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងជាមួយព្រឹទ្ធសភារដ្ឋសភា និងអធិការកិច្ច,ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម វ៉ីសំណាង អភិបាល នៃគណៈអភិបាល ខេត្តកំពង់ស្ពឺ ឯកឧត្តម យឹម សុខុម ប្រធានក្រុម ប្រឹក្សាខេត្ត កំពង់ស្ពឺ មន្ត្រីបរិស្ថាន យុវជននៃសហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាយឬទ្ធិកម្ពុជា មន្ត្រី អ្នកមុខអ្នកការខេត្តនិងសិស្សានុសិស្សផងដែរ។ក្នុងឱកាសមានវត្ថុមាន ដល់ទីតាំងខាងលើ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និង គណៈប្រតិភូ អមដំណើរ បាន អញ្ជើញថ្វាយបង្គំ និងប្រគេនទេយ្យវត្ថុ ថ្វាយ-ប្រគេន សម្តេចព្រះពោធិ៍វង្សកិត្តិបណ្ឌិត អំ លឹមហេង សម្ដេចព្រះ សង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា និងជា ព្រះប្រធានថេរសភា នៃព្រះពុទ្ធសាសនា,សម្ដេចព្រះ ឧត្តមចរិយា បណ្ឌិត ឈឹង ប៊ុនឈា ព្រះអនុប្រធានថេរសភា នៃ ព្រះពុទ្ធសាសនា ,សម្ដេច ព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះប្រធានលេខាធិការដ្ឋាន គណៈសង្ឃនាយក និង ជាអគ្គលេខាធិការរង ថេរសភានៃព្រះពុទ្ធ សាសនា និងព្រះមន្ត្រីសង្ឃចំនួន ៩អង្គទៀតសរុប១២អង្គ ដែលបានយាងនិមន្ត ព្រោះព្រហ្មពុទ្ធជ័យមង្គល ជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងគណៈប្រតិភូ។ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្វាយប្រគេន បច្ច័យកសាង សំរាប់វត្តទាំង១២ ក្នុងវត្តនីមួយៗ ទទួលបានថវិកា ៥លានរៀល បវរណាចតុ បច្ច័យថ្វាយប្រគេន សម្តេចព្រះសង្ឃនាយករងទី១ ព្រះប្រធានថេសភា, សម្តេច ព្រះអនុប្រធាន ថេរសភា និង សម្តេច ព្រះប្រធាន លេខាធិការដ្ឋានគណៈសង្ឃនាយក ក្នុង១ព្រះអង្គៗ ១លានរៀល។ ដោយឡែក ព្រះមន្ត្រី សង្ឃ៩ អង្គទៀតក្នុង១អង្គៗបច្ច័យ៥០ម៉ឺនរៀល។ ជាមួយនេះសំរាប់វត្តធម្មបណ្ឌិតក្នុងមជ្ឈមណ្ឌលវប្បធម៌ព្រះ ពុទ្ធសាសនាកម្ពុជាទទួលបាននូវទេយ្យទានបន្ថែម ក្នុងនោះរួមមាន ៖អង្ករ ២០០គក្រ,មី១០កេស,ត្រីខ៣កេស សាច់ក្រក១០គក្រ,ត្រីងៀត១០គក្រ,ស្កសរ១០គក្រ,ទឹកដោះគោខាប់២កេស,អូវ៉ាន់ទីន២កេស,តែ ៥គក្រ,ទឹក ក្រូច១០កេស,ទឹកបរិសុទ្ធ១០កេស,និងផ្លែឈើស្រស់១កន្ត្រាក។ បន្ទាប់ពីបញ្ចប់ពិធីតាមបែបសាសនា សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា និងគណៈ ប្រតិភូទាំងអស់ បានអញ្ជើញដាំកូនឈើចំនួន៨០០ដើម នៅលើទីតាំងដី​ក្នុងបរិវេណ​មជ្ឈមណ្ឌលវប្បធម៌​ព្រះពុទ្ធសាសនាកម្ពុជា។ បន្ទាប់មកសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធាន និងគណៈប្រតិភូ ក៏បានអញ្ជើញទស្សនា ប្រាសាទតម្កល់ព្រះត្រៃបិតក ដែលជាប្រាសាទទី១ បានបង្ហាញនូវ សោភ័ណ្ឌភាពមុនគេ នៅក្នុងមជ្ឈមណ្ឌល វប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា។ សូមជម្រាបជូនថា មជ្ឈមណ្ឌលវប្បធម៌ ព្រះពុទ្ធសាសនាកម្ពុជា ត្រូវបានបង្កើតឡើងតាមអនុក្រឹត្យលេខ២១៥ អ.ន.ក្រ បក ដោយមានវិសាលភាពលើផ្ទៃដីទំហំប្រមាណ១២៦ហិកតា ក្នុងឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈគីរីរម្យ ក្នុងភូមិ សាស្ត្រឃុំចំបក់ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ ដោយគ្រោងនឹងចំណាយថវិកាលើការស្ថាបនា សមិទ្ធិផលនានាខ្ទង់ រាប់សិបលានដុល្លារ ដែលអាចចាត់ទុកថា គឺជាមជ្ឈមណ្ឌល វប្បធម៌ ព្រះពុទ្ធសាសនា ដ៏ធំជាងគេបំផុតពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្រកម្ពុជា ហើយរាល់សមិទ្ធផលទាំងអស់នេះ នឹងក្លាយជាសម្បត្តិវប្បធម៌ របស់ជាតិដ៏ធំមួយ នៅកម្ពុជា ។ មជ្ឈមណ្ឌលជាប្រវត្តិសាស្ត្រនេះបង្កើតឡើងដើម្បីជាប្រយោជន៍ ក្នុងការសិក្សាស្រាវជ្រាវ ស្វែងយល់ពីព្រះពុទ្ធសាសនានៅកម្ពុជា។តាមគម្រោង មជ្ឈមណ្ឌលវប្បធម៌ ព្រះពុទ្ធសាសនាកម្ពុជា នឹងត្រូវស្ថាបនាមហា ប្រាសាទចំនួន៤ និង ព្រះចុឡាមុនីចេតិយ៍មួយ នៅចំកណ្តាល មហាប្រាសាទទាំង ៤នេះ។ ដោយឡែកមហា ប្រាសាទទី១ ដែលតម្កល់នូវព្រះត្រៃបិតកនេះបានចាប់ផ្តើមសាងសង់កាលពីពាក់កណ្តាលឆ្នាំ២០១៥។ សំណង់ នេះ មានទទឹង ២ ៧ម៉ែត្រ បណ្តោយ ១០៨ម៉ែត្រ និងកំពស់៥៣ម៉ែត្រ បច្ចុប្បន្ន សំរេចបាន ប្រមាណជាង ៩០% ដោយចំណាយថវិកាអស់៣លាន៥សែន៥៨០០០ដុល្លារអាមេរិក។

    សូមបញ្ជាក់ថា ព្រះត្រៃបិតក ដែលបានចារិក លើផ្ទាំងសិលាតម្កល់ ក្នុងមហាប្រាសាទនេះ គឺមានចំនួន១២៣៦ផ្ទាំង។ ក្នុងការសាងសង់ មហាប្រាសាទនេះដែរ ឧកញ៉ា អគ្គមហាឧបាសិកា ធម្មបណ្ឌិត ពុទ្ធសាសនូបត្ថម្ភក៏ ញឹក ប៊ុនថា បានថ្លែងអំណរព្រះរាជគុណ ជាអនេក កប្បកា ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហា ក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលព្រះអង្គទាំងទ្វេ បានប្រោសព្រះរាជទាន ព្រះរាជទ្រព្យចំនួន ២ម៉ឺន៥ពាន់ ដុល្លារអាមេរិករួមចំណែកក្នុងដំណើការនៃការស្ថាបនា មហាប្រាសាទតម្កល់ព្រះត្រៃបិតក និងព្រះរាជទ្រព្យចំនួន ៤ម៉ឺនដុល្លារអាមេរិកទៀតសំរាប់ចូលរួមសាងសង់ព្រះចូឡាមណីចេតិយ។ជាងនេះទៀតក៍សូមថ្លែងអំណរគុណ ចំពោះ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាពិសេស មាតារបស់សម្តេច គឺអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលបានបរិច្ចាគថវិកា ចំនួន១០ម៉ឺន៨ពាន់ដុល្លារ អាមេរិកចូលរួមចំណែកក្នុងការស្ថាបនាកំពូលបុស្បែកទាំងបីនៃប្រាសាទទី១ដែលជាសំណង់ព្រះពុទ្ធសានាដ៏ស្កឹម ស្តនេះឡើងទុកជាសម្បត្តិគរុភណ្ឌរបស់ជាតិជាយូរអង្វែងតរៀងទៅ។ ជាចុងក្រោយ នៃកម្មវិធី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា និង ភរិយាឥស្សរជនថ្នាក់ ដឹកនាំ បានអញ្ជើញថ្វាយផ្កា,គន្ធពិដោរ និងគ្រឿងសក្ការៈបូជា ចំពោះ ព្រះពុទ្ធបដិមាទ្រង់បរិនិពាន្ត ដែលប្រតិ ស្ថាននៅលើខ្នងភ្នំ ផ្នែកខាងស្តាំ នៃ មហាប្រាសាទតម្កល់ព្រះត្រៃបិតក ក្នុងមជ្ឈមណ្ឌលវប្បធម៌ ព្រះពុទ្ធសាសនា កម្ពុជា ដែលការគោរពប្រតិបត្តិ ចំពោះបដិមានេះ គឺជាទំនៀមទំលាប់ប្រពៃណីខ្មែរ តាំងពីបុរាណកាលរៀងមក មិនថាថ្នាក់ដឹកនាំ ឬប្រជាពលរដ្ឋសាមញ្ញនោះទេ ពេលធ្វើដំណើរឆ្លងកាត់ ទីសក្ការៈទាំងឡាយ គឺត្រូវតែគោរព ប្រតិបត្តិ ចំពោះព្រះពុទ្ធរូបស្នងអង្គ ព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើង ដើម្បីជាកិច្ចសុំជោគ សុំជ័យ និងសេចក្តីសុខ ចំរើន។សូមបញ្ជាក់ថា រាល់សមិទ្ធិផលនានា ដែលបានលេចជារូបរាងឡើង ក្នុងមជ្ឈមណ្ឌល់ ព្រះពុទ្ធសាសនា កម្ពុជា មានទីតាំងក្នុងឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ គីរីរម្យនេះ គិតត្រឹមឆ្នាំ២០២១ គឺចំណាយអស់ថវិកាជាង ៥លាន៩សែនដុល្លារអាមេរិក៕

    អត្ថបទទាក់ទង