ឯកឧត្តម គន់ គីម អញ្ជើញបិទយុទ្ធនាការឃោសនារកសំឡេងឆ្នោត ខេត្តឧត្ដរមានជ័យ
ឧត្តរមានជ័យ៖ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម គន់ គីម សមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តឧត្តរមានជ័យ អញ្ជើញបិទយុទ្ធនាការឃោសនារកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥។
ក្នុងឱកាសនោះឯកឧត្តម គន់ គីម បានថ្លែងអំណរគុណដល់សមាជិកសមាជិកា កម្លាំងយុវជន និងសកម្មជនទាំងអស់នៅក្នុងខេត្តឧត្តរមានជ័យ ដែលបានធ្វើសកម្មភាពឃោសនា និងចុះជួបប្រជាពលរដ្ឋដោយផ្ទាល់នៅតាមខ្នងផ្ទះបង្រៀនពលរដ្ឋពីរបៀបគូសសន្លឹកឆ្នោត ព្រមទាំងបង្ហាញនូវគុណតម្លៃ និងកិច្ចប្រឹងប្រែងកសាងអភិវឌ្ឍន៍ជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ របស់គណបក្សប្រជាជនកម្ពុជា។
ឯកឧត្តម បន្តថា បើទោះបីខេត្តឧត្តរមានជ័យ ជាទឹកដីទទួលបានសុខសន្តិភាពក្រោយគេ ទឹកដីទទួលបានកិច្ចអភិវឌ្ឍន៍ ក្រោយគេយ៉ាងណាក្តី តែក្រោមគោលនយោបាយប្រែក្លាយទឹកដីអតីតសមរភូមិសង្គ្រាមទៅជាតំបន់អភិវឌ្ឍន៍ និងតំបន់ពាណិជ្ជកម្ម របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើឱ្យខេត្តនេះ មានការរីកចម្រើនលូតលាស់លើគ្រប់វិស័យ ។
ជាមួយគ្នានេះ ឯកឧត្តម ប្រធានក្រុមការងារ បានអំពាវនាវប្រជាពលរដ្ឋទៅបោះឆ្នោតឱ្យបានគ្រប់គ្នានៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ ដោយបោះជូនគណបក្សប្រជាជនកម្ពុជាមានរូបសញ្ញាទេវតាបាចផ្កា ដើម្បីផ្តល់ឱកាសឱ្យមេឃុំ/ចៅសង្កាត់ របស់គណបក្សប្រជាជនកម្ពុជា បានបម្រើប្រជាពលរដ្ឋ កសាងអភិវឌ្ឍន៍ ឃុំ/សង្កាត់ឱ្យកាន់តែរីកចម្រើន និងធ្វើឱ្យជីវភាពកាន់តែល្អប្រសើរ ៕