ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ វាយតម្លៃថា ការបោះឆ្នោតបានប្រព្រឹត្តទៅប្រកបដោយសមធម៌ ទៅតាមក្បួនច្បាបអន្តរជាតិ

ភ្នំពេញ៖ ក្រុមអ្នកសង្កេតការណ៍អន្តរជាតិដែលបានចូលរួមសង្កេតការណ៍ ក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅកម្ពុជា កាលពីថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយវាយតម្លៃពីការបោះឆ្នោតនៅកម្ពុជាថា បានប្រព្រឹត្តិទៅប្រកបដោយសមធម៌ ទៅតាមក្បួនច្បាប់អន្តរជាតិ។
ក្នុងសេចក្តីប្រកាសរបស់ក្រុមអ្នកសង្កេតការណ៍អន្តរជាតិឯករាជ្យ បានបញ្ជាក់ដូច្នេះថា៖ «ក្រុមអ្នកសង្កេតការណ៍អន្តរជាតិឯករាជ្យ សូមធ្វើការសន្និដ្ឋានដោយបញ្ចាក់ថា ការបោះឆ្នោតនេះបានប្រព្រឹត្តិទៅប្រកបដោយសមធម៌ ទៅតាមក្បួនច្បាប់អន្តរជាតិ។ យើងខ្ញុំសូមសំដែងការកោតសរសើរដល់អ្នកទាំងឡាយណាដែលបានជួយឱ្យការបោះឆ្នោតនេះទទួលបានជោគជ័យ កោតសរសើរទ្វេរដង ជាពិសេស បន្ទាប់ពីគ្រាដ៏លំបាកដែលប្រទេសកម្ពុជាធ្លាប់បានឆ្លងកាត់កមន្លងមក»។
ក្រុមអ្នកសង្កេតការណ៍អន្តរជាតិឯករាជ្យ បានសង្កេតឃើញថា ស្ថិតក្នុងបរិយាកាសស្ងប់ស្ងាត់ តម្លាភាព និងសេរីភាព ហើយប្រទេសកម្ពុជាហាក់ដូចជាមានស្ថិរភាពនយោបាយយ៉ាងពិតប្រាកដ។ កម្ពុជាគ្រប់គ្រងជំងឺរាតត្បាតកូវីដ១៩ បានយ៉ាងល្អ។ ជោគជ័យនេះ បានអនុញ្ញាតឱ្យកម្ពុជាអាច បើកច្រកព្រំដែនរបស់ខ្លួនឡើងវិញបាន និងផ្ដល់លទ្ធភាពជូនភ្ញៀវអាចមកធ្វើទេសចរណ៍ឡើងវិញ ហើយប្រជាជនកម្ពុជានៅ ក្រៅប្រទេសក៏អាចវិលត្រលប់មកប្រទេសកំណើតរបស់ខ្លួនបាន ដើម្បីចូលរួមបោះឆ្នោត។
ក្រុមអ្នកសង្កេតការណ៍អន្តរជាតិឯករាជ្យ បានបន្តថា ការបោះឆ្នោត ដែលមានការចូលរួមប្រកួតប្រជែងពីសំណាក់គណបក្សនយោបាយចំនួន១៧នេះ បានអនុញ្ញាតឱ្យ ស្ទើរតែគ្រប់មតិទាំងអស់ត្រូវបានបញ្ចេញដោយសេរី។
ក្រុមអ្នកសង្កេតការណ៍អន្តរជាតិឯករាជ្យ បានសំដែងនូវការកោតសរសើរចំពោះក្រុមការងារអ្នករៀបចំការបោះឆ្នោត រួមទាំងអ្នកជូនដំណើរ និងមន្ត្រីគណៈកម្មាធិការរៀបចំការបោះឆ្នោត ដែលបានអនុញ្ញាតឱ្យក្រុមអ្នកសង្កេតការណ៍អន្តរជាតិឯករាជ្យ ធ្វើដំណើរទៅការិយាល័យបោះ ឆ្នោតដែលខ្លួនចង់ទៅសង្កេត ដោយគ្មានការហាមឃាត់ផងដែរ៕