អ្នកនាំពាក្យ គ.ជ.ប៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥នេះ មានសន្លឹកឆ្នោតមិនបានការជិត ២ភាគរយ

ភ្នំពេញ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានបញ្ជាក់ថា សម្រាប់ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ មានសន្លឹកឆ្នោត មិនបានការជិត ២ភាគរយ បើធៀបនឹងសន្លឹកដែលមានក្នុងហិបឆ្នោតទាំងអស់។
ឯកឧត្តម សោម សូរីដា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបាន បញ្ជាក់ឲ្យ ដឹង នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ ថា ប្រជាពលរដ្ឋដែលបានអញ្ជើញទៅ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ មានចំនួន៧ ៣៨២ ៤៤៩ នាក់ស្មើ៨០.១៩ភាគរយ នៃចំនួនអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុប ជាង៩លាន ២សែននាក់។
ឯកឧត្ដមបានលើកឡើងថា ចំពោះសន្លឹកឆ្នោតបានការមាន ចំនួន ៧ ២៣៦ ២៤៤ សន្លឹក និងសន្លឹកឆ្នោតមិនបានការមានចំនួន ១៤៦ ២០៥ សន្លឹក បើធៀបនឹងចំនួន សន្លឹកដែលមានក្នុងហិបឆ្នោតចំនួន ៧ ៣៨២ ៤៤៩ សន្លឹក គឺស្មើ១.៩ភាគរយ ជាសន្លឹក ឆ្នោត មិនបានការសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥នេះ។
សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ ២០២២នេះ មានគណបក្សនយោបាយចំនួន១៧ គណបក្ស បានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត។ សម្រាប់លទ្ធផលបឋមក្រៅផ្លូវការបានបង្ហាញថា គណបក្សប្រជាជនកម្ពុជា បានទទួលសំឡេងគាំទ្រច្រើនជាង គណបក្សនយោបាយផ្សេងៗទៀត៕