គ.ជ.ប ចេញសេចក្ដីបំភ្លឺពាក់ព័ន្ធនឹងជនដែលត្រូវបានអនុញ្ញាត ឲ្យចូលក្នុងការិយាល័យរាប់សន្លឹកឆ្នោត
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ បានចេញសេចក្ដីបំភ្លឺ ពាក់ព័ន្ធនឹងជនដែលត្រូវបានអនុញ្ញាត ឱ្យចូលក្នុងការិយាល័យរាប់សន្លឹកឆ្នោត។
សេចក្តីបំភ្លឺបញ្ជាក់ថា លទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ត្រូវបានអបអរសាទរពីគ្រប់ភាគីពាក់ព័ន្ធនឹងការបោះឆ្នោត មានគណបក្សនយោបាយចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត រួមទាំងអ្នកសង្កេតការណ៍ជាតិ អន្តរជាតិ បានវាយតម្លៃថា ការបោះឆ្នោតបានប្រព្រឹត្តទៅដោយរលូនល្អ សេរី យុត្តិធម៌ តម្លាភាព គ្មានការគំរាមកំហែង គ្មានអំពើហិង្សា ឬភាពមិនប្រក្រតីណាមួយកើតឡើងឡើយ។
ដោយឡែក មានតែគណបក្សភ្លើងទៀនមួយប៉ុណ្ណោះ ដែលបានធ្វើការវាយតម្លៃ ផ្ទុយពីការអបអរសាទររបស់ភាគីពាក់ព័ន្ធនឹងការបោះឆ្នោតខាងលើ។ មិនត្រឹមតែប៉ុណ្ណោះ គណបក្សភ្លើងទៀន បានលើកឡើងខុសពីច្បាប់ បទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប ថែមទៀត ដើម្បីបំភាន់សាធារណៈមតិឱ្យយល់ខុស មកលើ គ.ជ.ប ក៏ដូចជាការរៀបចំការបោះឆ្នោតទាំងមូល។