គណបក្សប្រជាជនកម្ពុជា ប្ដឹងលោក សុន ឆ័យ រឿងបំភ្លៃការពិតពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់
ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា បានដាក់ពាក្យប្តឹងលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនដែលបានចោទប្រកាន់ និងបំភ្លៃការពិតចំពោះដំណើរការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលទើបតែកន្លងផុតទៅថ្មីៗនេះ ដោយបានស្នើសុំផ្ដន្ទាទោសតាមច្បាប់ និងទារសំណងជំងឺចិត្ត ៤ពាន់លានរៀល (ឬ១លានដុល្លារ)។ នេះបើតាមពាក្យបណ្តឹងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២នេះ។
លោកមេធាវី គី តិច តំណាងឲ្យគណបក្សប្រជាជនកម្ពុជា បានរំលេចពាក្យសម្ដីមួយចំនួនរបស់ លោក សុន ឆ័យ ក្នុងបទសម្ភាសជាមួយនឹងសារព័ត៌មាន ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ក្នុងកម្មវិធី Idea Talk នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២។ ក្នុងកិច្ចសម្ភាសនោះលោក សុន ឆ័យ បានលើកឡើងនូវពាក្យសម្ដីមួយចំនួន ដោយលោកមេធាវីបានចាត់ទុកថាគឺជាអំពើទុច្ចរិត បំភ្លៃខុសពីការពិត ជាការផ្ដល់ព័ត៌មានក្លែងក្លាយ ក្នុងចេតនាទម្លាក់កំហុសដោយអសុទ្ធចិត្ត និងមួលបង្កាច់ដែលនាំឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សឈ្នះឆ្នោត៕