ឯកឧត្ដម ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធជាផ្លូវការ រោងចក្រដំឡើងរថយន្តដំបូងគេបង្អស់នៅកម្ពុជា
ពោធិ៍សាត់៖ រោងចក្រដំឡើងរថយន្ត FORD ដំបូងគេបង្អស់នៅព្រះរាជាណាចក្រកម្ពុជា ដែលស្ថិតនៅក្នុងខេត្តពោធិ៍សាត់បានប្រារព្ធពិធីសម្ពោធជាផ្លូវការហើយនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ាណែត តំណាងសម្ដេចតេជោ ហ៊ុន សែន។
កម្មវិធីសម្ពោធជាផ្លូវការនេះ ក៏មានវត្តមានអញ្ចើញចូលរួមពីសំណាក់ថ្នាក់នាំរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រុមហ៊ុន Ford Motor Company ថ្នាក់ដឹកនាំក្រុមហ៊ុន RMA Group និង ក្រុមហ៊ុន RMA Cambodia រួមទាំងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ជាច្រើនទៀតផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ាណែត លោកបានថ្លែងអរគុណចំពោះក្រុមហ៊ុនអន្តរជាតិ RMA Group ជាក្រុមហ៊ុននាំមុខមួយក្នុងការផ្គត់ផ្គង់ផលិតផល និងសេវាកម្មជូនដល់ប្រជាពលរដ្ឋកម្ពុជា និងក្រុមហ៊ុន Ford Motor Company ជាក្រុមហ៊ុនដ៏ធំរបស់សហរដ្ឋអាមេរិក ដែលបានផ្តល់ទំនុកចិត្តជ្រើសរើសប្រទេសកម្ពុជា ជាទីតាំងវិនិយោគក្នុងវិស័យឧស្សាហកម្មដំឡើងរថយន្ត ដើម្បីចែកចាយនៅលើទីផ្សារក្នុងស្រុកប្រកបដោយសក្តានុពល ដោយយោងទៅលើស្ថានភាព នៃការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសកម្ពុជា និងកំណើនជីវភាពរបស់ប្រជាពលរដ្ឋដូចពេលបច្ចុប្បន្ន។
ឯកឧត្តម បានបញ្ជាក់ថា ការបង្កើតរោងចក្រដំឡើងរថយន្ត Ford នៅក្នុងទឹកដីនៃខេត្តពោធិ៍សាត់ ប្រទេសកម្ពុជា ជាពេលនេះ គឺជាមោទនភាពមួយសម្រាប់អ្នកមូលដ្ឋាននៅទីនេះ ក៏ដូចជាប្រជាជននៅទូទាំងប្រទេស ក្នុងការទទួលស្វាគមន៍វត្តមានរបស់ឧស្សាហកម្មធុនធ្ងន់ដ៏ទំនើបមួយនេះ ដែលពិតជាបានចូលរួមបង្កើនឱកាសការងារ និងកំណើនប្រាក់បៀវត្សរ៍, ការអភិវឌ្ឍធនធានមនុស្ស តាមរយៈការបណ្តុះបណ្តាលជំនាញ និងបែបបទស្តង់ការងារលើគ្រប់កម្រិត ព្រមទាំងការផ្ទេរបច្ចេកវិទ្យាដោយការអនុវត្តការងារផ្ទាល់នៅក្នុងខ្សែច្រវាក់ផលិតកម្ម ដោយមិនមែនត្រឹមតែជាការជំរុញកំណើនសេដ្ឋកិច្ចជាតួលេខ មួយមុខនោះឡើយ ហើយទាំងនេះ ក៏សុទ្ធសឹងជាមូលដ្ឋាន ដើម្បីជាការត្រៀមខ្លួនចូលរួមប្រកួតប្រជែងទាញយកផលប្រយោជន៍ពីដំណើរការសេដ្ឋកិច្ចទីផ្សារសេរីនៅក្នុងចរន្តសាកលភាវូបនីយកម្ម និងការអភិវឌ្ឍសម្រាប់រយៈពេលវែងទៅមុខ ។
ឯកឧត្តម ក៏បានអំពាវនាវដល់វិនិយោគិនទាំងអស់ ឱ្យជ្រើសរើសយកកម្ពុជាជាគោលដៅសម្រាប់ការវិនិយោគ ដោយយោងទៅលើអំណោយផលនៃសុខសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ចរបស់កម្ពុជា ហើយរាជរដ្ឋាភិបាល ក៏នឹងបន្តទទួលស្វាគមន៍ និងផ្តល់កិច្ចសហប្រតិបត្តិការជានិច្ចចំពោះគម្រោងវិនិយោគទាំងអស់ ជាពិសេសគម្រោងវិនិយោគដែលនឹងជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ប្រកបដោយភាពធន់, ចីរភាព និងបរិយាបន្ន ដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០ នាពេលអនាគត៕