គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ឯកឧត្តម ហ៊ុន​ ម៉ាណែត៖ ក្រៅពីភារកិច្ចស្នូលលើការងារត្រៀមប្រយុទ្ធ កងទ័ព​ក៏មានតួនាទី​សំខាន់​ក្នុង​បេសកកម្មសង្គ្រោះគ្រោះមហន្តរាយផងដែរ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី១៧ ខែមិថុនា ឆ្នាំ២០២២​ |
    ឯកឧត្តម ហ៊ុន​ ម៉ាណែត៖ ក្រៅពីភារកិច្ចស្នូលលើការងារត្រៀមប្រយុទ្ធ កងទ័ព​ក៏មានតួនាទី​សំខាន់​ក្នុង​បេសកកម្មសង្គ្រោះគ្រោះមហន្តរាយផងដែរ ឯកឧត្តម ហ៊ុន​ ម៉ាណែត៖ ក្រៅពីភារកិច្ចស្នូលលើការងារត្រៀមប្រយុទ្ធ កងទ័ព​ក៏មានតួនាទី​សំខាន់​ក្នុង​បេសកកម្មសង្គ្រោះគ្រោះមហន្តរាយផងដែរ

    នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុនម៉ាណែត អគ្គ​មេ​បញ្ជា​ការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញជាអធិបតី ក្នុង​ពិធីបើកវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញប្រឆាំងភេរវកម្មជំនាន់ទី៥ និង​វគ្គ​ហ្វឹក​ហ្វឺន​បំប៉ន​ជំនាញ​បច្ចេក​ទេសសង្គ្រោះគ្រោះមហន្តរាយ និងវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញបើក-ជួស​ជុល​អូប័រ និងរបៀបសង្គ្រោះជំនាន់ទី៦ របស់បញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក ។

    ថ្លែងក្នុងពិធីនេះ ឯកឧត្ដម​ ហ៊ុន​ ម៉ាណែត បានមានប្រសាសន៍ថា ក្រៅពីភារកិច្ច​ស្នូល​លើ​ការងារ​ត្រៀម​ប្រយុទ្ធ បម្រើប្រយុទ្ធ និងប្រយុទ្ធ កងទ័ពក៏​មាន​តួនាទី​សំខាន់​ក្នុង​បេសកកម្ម​សង្គ្រោះ​គ្រោះ​មហន្តរាយ ដូចជាគ្រោះទឹកជំនន់ និងការបាក់រលំអគារ ជាដើម។ ដូច្នេះ ការហ្វឹកហ្វឺន​ជំនាញ​បច្ចេក​ទេសសង្គ្រោះគ្រោះមហន្តរាយ និងជំនាញបើក-ជួសជុលអូប័រ និងរបៀបសង្គ្រោះ ក៏​មាន​សារៈសំខាន់ផងដែរដើម្បីបណ្តុះបណ្តាលបំប៉នឱ្យយោធិនជាសិក្ខាកាមមានជំនាញច្បាស់លាស់លើផ្នែកបច្ចេកទេស និងស្តង់ដារប្រតិបត្តិការ ដើម្បីធានាបា​ន​នូវ​ប្រសិទ្ធភាព នៃ​ការ​បំពេញ​ភារកិច្ច​អនុវត្ត​បទ​បញ្ជារបស់រាជរដ្ឋាភិបាល នៅពេលមានគ្រោះមហន្តរាយកើតឡើង។

    ឯកឧត្ដម បានថ្លែងកោតសរសើរចំពោះបញ្ជាការដ្ឋានទ័ពពិសេស ដែលតែង​បាន​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​ការងារ​ហ្វឹកហ្វឺនប្រកបដោយសា្មរតីទទួលខុសត្រូវខ្ពស់ ដោយរក្សា​បាន​នូវ​ប្រសិទ្ធភាព​ជាប់​ជា​ប្រចាំ និងយ៉ាងទៀងទាត់ ស្របតាមទិសដៅ និង​ផែនការ​ហ្វឹកហ្វឺន​ប្រចាំ​ឆ្នាំ​នីមួយៗ​របស់​អង្គភាព ព្រមទាំងផែនការហ្វឹកហ្វឺនរបស់កងយោធពលខេមរភូមិន្ទ និង​បញ្ជាការដ្ឋាន​កងទ័ព​ជើង​គោក ដែលបានដាក់ចេញ។ ជាក់ស្តែង ក្នុងថ្ងៃនេះ អង្គភាពបានបើកដំណើរការវគ្គហ្វឹកហ្វឺនចំនួន ០២ វគ្គ ដែលរួមមាន៖ (i) វគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញប្រឆាំងភេរវកម្មជំនាន់ទី៥ និង (ii) វគ្គហ្វឹកហ្វឺនបំប៉នជំនាញបច្ចេកទេសសង្គ្រោះគ្រោះមហន្តរាយ និង​វគ្គ​ហ្វឹកហ្វឺន​បណ្តុះ​បណ្តាល​ជំនាញ​បើក-ជួសជុលអូប័រ និងរបៀបសង្គ្រោះជំនាន់ទី៦។

    ជាមួយគ្នានេះ ឯកឧត្ដម​បាន​វាយ​តម្លៃ​ខ្ពស់​ផង​ដែរ​ចំពោះ​ការ​ចូលរួម​ចំណែក​ឧបត្ថម្ភ​ទាំង​ផ្នែក​ស្មារតី ថវិកា និងសម្ភារ របស់បណ្តាប្រទេសជាមិត្ត, អង្គភាពជាដៃគូ និងក្រសួង-ស្ថាប័ន​សម្ព័ន្ធ​មេត្រីភាព ក៏ដូចជាសប្បុរសជនទាំងអស់ ដែលពិតជា​បាន​ជួយ​បង្កើន​លទ្ធភាព​របស់​អង្គភាព​លើ​ការ​ស​ម្រួលដោះស្រាយតម្រូវការចាំបាច់ក្នុងការងារហ្វឹកហ្វឺន និងតម្រូវ​ការ​ប្រចាំ​ថ្ងៃ​ផ្សេង​ៗ​របស់​អង្គភាព៕

     

    អត្ថបទទាក់ទង