រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចុះពិនិត្យ និងវាយតម្លៃ មនី្ទរពេទ្យហ្លួងម៉ែ ត្រៀមរៀបចំឲ្យក្លាយជាមនី្ទរពេទ្យព្យាបាលជំងឺមហារីក

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២នេះ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមជាមួយផ្នែកពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យ និងវាយតម្លៃនូវសម្ភារបរិក្ខារពេទ្យ និងសម្ភារប្រើប្រាស់ផ្សេងៗទៀត នៃមនី្ទរពេទ្យហ្លួងម៉ែ ដែលមានទីតាំងស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីត្រៀមរៀបចំឲ្យក្លាយជាមនី្ទរពេទ្យព្យាបាលជំងឺមហារីក។
ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានបញ្ជាក់ថា ក្រុមការងារបច្ចេកទេសនឹងពន្លឿនដំណើរការ នៃការរៀបចំមនី្ទរពេទ្យនេះឲ្យបានលឿនតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដើម្បីផ្តល់សេវាព្យាបាលជំងឺមហារីកជូនប្រជាពលរដ្ឋ ដំណាក់កាលដំបូង ដូចជាការថែទាំប្រើជាតិគីមី និងការវះកាត់តូច និងពង្រីកជាបន្តបន្ទាប់ទៀត ដោយបន្ថែមម៉ាស៊ីនកាន់តែទំនើបៗ ដើម្បីធ្វើឲ្យការព្យាបាលជំងឺមហារីក កាន់តែមានប្រសិទ្ធភាពខ្ពស់។
ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក៏មានផែនការក្នុងការសាងសង់មនី្ទរពេទ្យ និងមណ្ឌលសុខភាព តាមបណ្តាខេត្តនានា(ដូចជាខេត្តត្បូងឃ្មុំ សៀមរាប ឧត្តរមានជ័យ ប៉ៃលិន រតនគិរី មណ្ឌលគិរី) ពិសេសការបណ្តុះបណ្តាលធនធានមនុស្ស។ ឯកឧត្ដមសាស្ត្រាចារ្យបានបញ្ជាក់ទៀតថា “សំខាន់បំផុត គឺមានធនធានមនុស្សដែលមានចំណេះចេះប្រើ ហើយទើបយើងយកឧបករណ៍បរិក្ខារវេជ្ជសាស្រ្តមកដាក់ឲ្យដំណើរការ ជួនកាលយើងមានឧបករណ៍បរិក្ខារវេជ្ជសាស្រ្ត ប៉ុន្តែខ្វះធនធានមនុស្សដែលចេះប្រើប្រាស់ គឺយកមកទុកអត់ប្រយោជន៍ ដូច្នេះសំខាន់ណាស់ ត្រូវធ្វើការបណ្តុះបណ្តាលធនធានមនុស្សជាមុន”៕ ប្រភព៖ BTVNews