គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ឯកឧត្តម ហង់ជួន ណារ៉ុន៖ “សក្តានុពលនៃធនធានមនុស្សរបស់កម្ពុជា កាន់តែមានឧត្តមភាព”

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី១៩ ខែមិថុនា ឆ្នាំ២០២២​ |
    ឯកឧត្តម ហង់ជួន ណារ៉ុន៖ “សក្តានុពលនៃធនធានមនុស្សរបស់កម្ពុជា កាន់តែមានឧត្តមភាព” ឯកឧត្តម ហង់ជួន ណារ៉ុន៖ “សក្តានុពលនៃធនធានមនុស្សរបស់កម្ពុជា កាន់តែមានឧត្តមភាព”

    ទាញយករូបភាព៖ https://photos.app.goo.gl/SwWYQwP1R9sABJ5F7

    សៀមរាប៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ថ្លែង​ក្នុងឱកាសនៃពិធីបិទការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស បានមានប្រសាសន៍ថា កន្លង​មកអតីតជ័យលាភីសិស្សពូកែកម្ពុជាបានលើកកម្ពស់មុខមាត់ និងមោទនភាពជាតិ តាមរយៈ​ការចូលរួមប្រកួតប្រជែងសមត្ថភាព និងទទួលបានមេដាយជាបន្តបន្ទាប់ ពីការប្រកួតប្រជែង​កម្រិត​តំបន់ និងអន្តរជាតិ ដែលប្រការនេះបានបង្ហាញឱ្យយើងឃើញថា សក្តានុពល នៃធនធាន​មនុស្សរបស់កម្ពុជា កាន់តែមានឧត្តមភាពប្រៀបធៀបនៅលើឆាកអន្តរជាតិ គួរឱ្យស្ញប់ស្ញែង។

    ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ថ្វីបើការប្រឡងនេះត្រូវបានខកខានរយៈពេល២ឆ្នាំ ដោយសារវិបត្តិ​កូវីដ-១៩ ក្ដី ក្រសួងតែងតែរៀបចំការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស​ជារៀងរាល់ឆ្នាំ ដើម្បីជាឱកាសសម្រាប់សិស្សឆ្នើម និងពោរពេញដោយសមត្ថភាព បានបញ្ចេញសមត្ថភាព និងជា​ឱកាស​សម្រាប់ក្រសួងពិនិត្យមើលអំពីអាទិភាព និងអន្តរាគមន៍ចាំបាច់នានា ដើម្បីថែទាំ បំពាក់​បំប៉ន និងគាំទ្រដល់សិស្សពូកែ ឱ្យកាន់តែមានសមត្ថភាពខ្លាំងថែមទៀត និងមាន​ឱកាស​បន្តការ​សិក្សានៅមហាវិទ្យាល័យ។

    ឯកឧត្តមក៏បានកោតសរសើរចំពោះស្មារតីទទួលខុសត្រូវខ្ពស់របស់ ឯកឧត្តម លោក លោកស្រី ជាគណៈកម្មការមេប្រយោគគ្រប់លំដាប់ថ្នាក់ ដែលបានបំពេញការងារប្រកបដោយវិជ្ជាជីវៈ និងគោរពនូវគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តសៀមរាប អាជ្ញាធរពាក់ព័ន្ធ និងមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប ដែលបានបំពេញការងារជាម្ចាស់ផ្ទះយ៉ាងល្អឥតខ្ចោះ និងបានសហការធ្វើឱ្យការប្រឡងនេះប្រព្រឹត្តទៅប្រកបដោយជោគជ័យ ព្រមទាំងអ្នកអាណាព្យាបាល និងសប្បុរសជនទាំងអស់ ដែលបានជួយឧបត្ថម្ភ ទាំងថវិកា និងសម្ភារៈ ដល់ជ័យលាភីសិស្សពូកែទូទាំងប្រទេស។

    ក្នុងឱកាសនោះឯកឧត្តមបណ្ឌិតសភាចារ្យ បានផ្តល់អនុសាសន៍ដល់អង្គភាពពាក់ព័ន្ធ និងមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្តទាំងអស់ សូមយកចិត្តទុកដាក់កាន់តែខ្លាំងថែមទៀតដើម្បីជំរុញ និងលើកទឹកចិត្តសិស្សពូកែ នូវចំណុចមួយចំនួន ដូចខាងក្រោម ៖

    ១. កំណត់អត្តសញ្ញាណសិស្ស ដែលមានឧបនិស្ស័យជាសិស្សពូកែ រាប់ចាប់តាំងពីកម្រិតបឋមសិក្សា ដល់មធ្យមសិក្សាទុតិយភូមិ និងរៀបចំជាការគាំទ្រនិងអន្តរាគមន៍ជួយដល់ពួកគេ។

    ២. ផ្តល់កិច្ចគាំទ្រចំពោះមុខដល់សិស្សពូកែ ដែលកំពុងជួបបញ្ហាទាំងក្នុងការរស់នៅ និង ការរៀនសូត្រ។

    ៣. ផ្តល់នូវការតម្រង់ទិសសិក្សា ដើម្បីឱ្យសិស្សពូកែរបស់យើងអាចឈានចូលនិងបន្តការ សិក្សានៅថ្នាក់បន្តបន្ទាប់ ដែលនឹងអាចក្លាយជាធនធានដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ លើមុខជំនាញ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។

    ៤. ចងក្រងនូវបទពិសោធន៍របស់ក្មួយៗ ដែលជាសិស្សពូកែ អំពីវិធីសាស្ត្រក្នុងការរៀន សូត្រឱ្យក្លាយជាសិស្សពូកែ ដើម្បីចែករំលែកដល់ក្មួយៗសិស្សានុសិស្សដទៃទៀត។

    ៥. បំពាក់បំប៉នបន្ថែមដល់ក្មួយៗជ័យលាភី និងសិស្សនិទ្ទេស A ឱ្យកាន់តែមានលទ្ធភាពប្រកួតប្រជែងខ្ពស់ជាងមុន ក្នុងការប្រកួតប្រជែងកម្រិតតំបន់និងអន្តរជាតិ។

    ដោយឡែកបេក្ខជនជ័យលាភីសិស្សពូកែទូទាំងប្រទេស ក៏បានដឹងគុណចំពោះរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា ដែលបានរក្សាប្រពៃណីប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស និងឧបត្ថម្ភរាល់ការចំណាយទាំងអស់សម្រាប់ការប្រឡង ជាពិសេសចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកកម្ពស់លើវិស័យអប់រំ ជាអាទិភាពចម្បង ជាពិសេសបានផ្តួចផ្តើមឱ្យមានការរៀបចំការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស។ សូមជម្រាបថា ការប្រឡងសិស្សពូកែទូទាំងប្រទេសផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី៩ និងថ្នាក់ទី១២ ប្រចាំឆ្នាំ ២០២២ បានដំណើរការអស់រយៈពេល ១សប្តាហ៍ ដោយក្នុងនោះជ័យលាភី ៦០រូប ត្រូវបានប្រកាសទទួលស្គាល់ជាសិស្សពូកែទូទាំងប្រទេស៕

     

    អត្ថបទទាក់ទង