អាងហែលទឹកតម្លៃជិត ៣លានដុល្លាអាមេរិក នឹងត្រូវសម្ពោធដាក់ឲ្យដំណើរការល្ងាចនេះ
គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម បានឲ្យដឹងថា អាងហែលទឹកនៃពហុកីឡដ្ឋានជាតិ កម្រិតស្តង់ដារអន្តរជាតិ នឹងត្រូវសម្ពោធដាក់ឲ្យដំណើរការនាល្ងាចថ្ងៃទី២៨កញ្ញានេះ ក្រោមអិធបតីភាពសម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍(SEA Games) លើកទី៣២ ឆ្នាំ២០២៣ ឬហៅកាត់ថា CAMSOC។
អាងហែលទឹកពហុកីឡដ្ឋានជាតិនេះ មានអាងសម្រាប់ហែលទំហំ ២៥ម៉ែត្រ X ៥០ម៉ែត្រ ស្មើនឹង ១០ខ្សែបន្ទាត់ និងអាងលោតទឹក១ ខ្នាត ២០ម៉ែត្រ X ២៥ម៉ែត្រ។ អាងហែលទឹកនេះ មានការរិយាល័យធ្វើការ គ្រឿងបរិក្ខាបច្ចេកទេស កន្លែងស្នាក់នៅ និងហ្វឹកហាត់សាច់ដុំ ពិសេសបំពាក់កៅអីជាង ១,៦០០កៅអី ដែលចំណាយថវិកាសាងសង់សរុបជិត ៣លានដុល្លារ។
គួរកត់សម្គាល់ថា អាងហែងទឹកពហុកីឡដ្ឋានជាតិលំដាប់ស្តង់ដារអន្តរជាតិនេះ គឺជាផ្នែកមួយដែលកម្ពុជាត្រៀមសម្រាប់ធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ខាងមុខនេះ។
សូមបញ្ជាក់ថា ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ គឺនឹងចាប់ផ្តើមពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣៕