គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចពិជ័យសេនា ទៀ បាញ់ ជួបពិភាក្សាការងារទ្វេភាគីជាមួយរដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ី 

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២១ ខែមិថុនា ឆ្នាំ២០២២​ |
    សម្ដេចពិជ័យសេនា ទៀ បាញ់ ជួបពិភាក្សាការងារទ្វេភាគីជាមួយរដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ី  សម្ដេចពិជ័យសេនា ទៀ បាញ់ ជួបពិភាក្សាការងារទ្វេភាគីជាមួយរដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ី 

    ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា នៅព្រឹក​ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២នេះ បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឧត្តមសេនីយ៍ឯក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ (Brabowo Subianto) រដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ី  ដែលមក​កាន់​ប្រទេស​កម្ពុជា​ ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅពេលនេះ។

    សម្ដេចពិជ័យសេនា បានចាត់ទុកវត្តមានរបស់ឯកឧត្តមរដ្ឋមន្ត្រីការពារជាតិប្រទេសឥណ្ឌូនេស៊ី នៅកម្ពុជា ពិតជាមានសារៈសំខាន់ ក្នុងការពង្រឹងទំនាក់ទំនងនៃការរឹតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងក្រសួងការពារប្រទេសទាំងពីរ កម្ពុជា-ឥណ្ឌូនេស៊ី និងលើកកម្ពស់កិច្ចសហប្រតិបត្តិការកងទ័ពទាំងពីរ កម្ពុជា-ឥណ្ឌូនេស៊ី អោយកាន់តែ​មាន​ភាព​ជិតស្និត​ថែមទៀត។

    រដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានមកកាន់​ប្រទេសកម្ពុជាសារជាថ្មី បន្ទាប់ពីមានការអាក់ខានដោយសាររោគរាតត្បាតនៃជំងឺកូវីដ១៩ អស់រយៈពេលជាង២ឆ្នាំ កន្លងមកនេះ ខណៈដែលកម្ពុជា ធ្វើជាប្រធាន និងជាម្ចាស់​ផ្ទះ​ កិច្ចប្រជុំ​រដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក ឆ្នាំ២០២២ ដើម្បី​ពង្រឹងពង្រីក​ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ឥណ្ដូនេស៊ី និងកម្ពុជា។

    ឧត្ដមសេនីយ៍ឯក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ បានវាយតម្លៃខ្ពស់​ចំពោះ​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា នៅក្នុងការប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ១៩ ប្រកបដោយជោគជ័យ ដោយ​ឯកឧត្តម​បានចាត់ទុកថា កម្ពុជា ជាប្រទេសដែលមានការគ្រប់គ្រងជំងឺកូវីដ១៩ បានខ្ពស់ជាង​គេនៅលើពិភពលោក៕

     

    អត្ថបទទាក់ទង