កម្លាំងកងពលតូចថ្មើរជើងលេខ៥១ជាង៥០០នាក់ ចុះជួយច្រូតស្រូវលិចទឹកប្រជាពលរដ្ឋ នៅស្រុកមង្គលបូរី
បន្ទាយមានជ័យ៖ បន្ទាប់ពីមានករណីទឹកជំនន់ទឹកភ្លៀង ដែលបានបណ្តាលអោយលិចស្រូវប្រាំងរបស់ប្រជាពលរដ្ឋប្រមាណ៥០ហិតា ស្ថិតនៅភូមិក្រមុល និងភូមិចកលិច ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ និងមានការសំណូមពរពីប្រជាពលរដ្ឋ និងអាជ្ញាធរនៅក្នុងមូលដ្ឋាន លោកវរសេនីយ៍ឯក សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ យោធភូមិភាគទី៥ បានអញ្ជើញចុះត្រួតពិនិត្យ ស្ថានភាពដោយផ្ទាល់ និងបានចាត់តាំងកម្លាំងចំនួន៥០០នាក់ សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះជួយច្រូតស្រូវដែលលិចទឹកជូនប្រជាពលរដ្ឋ។
មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានក្រើនរំលឹក ដល់ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ បំផុត ជាពិសេស គឺរឿងទឹកជំនន់ដោយសារទឹកភ្លៀងនេះ ដែលអាចនឹងបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិ និង ផលដំណាំ ខ្ទេចគ្មានសល់អ្វីឡើយបើយើងធ្វេសប្រហែស។
ប្រជាពលរដ្ឋពិតជាមានការសប្បាយរីករាយ ដោយបានឃើញកងកម្លាំងចុះជួយទាន់ពេលវេលា ដែលអាចឱ្យពួកគាត់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការ ប្រមូលផលទុកសម្រាប់ហូបផង លក់ខ្លះបានថវិកាសម្រាប់ ធ្វើឡើងវិញពេលទឹកជំនន់ស្រកចុះ។ ឆ្លៀតក្នុងឱកាសនោះដែរប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានក៏បានថ្លែងអំណរគុណជូនចំពោះ ឯកឧត្តម មេបញ្ជាការ កងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ និងមេបញ្ជាការកងពល ដែលតែងតែយកចិត្តទុកដាក់ចាត់តាំងកម្លាំងចុះជួយប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិផ្សេងៗគ្រប់កាលទេសៈ ស័ក្តិសមជាកងទ័ពសម័យតេជោសន្តិភាពពិតប្រាកដមែន៕