គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ឯកឧត្ដម ហ៊ុន ម៉ាណែត៖ ព្រះពុទ្ធសាសនាមានតួនាទីសំខាន់ណាស់ សម្រាប់​ការ​កសាង​សង្គម​ខ្មែរ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី៤ ខែកក្កដា ឆ្នាំ២០២២​ |
    ឯកឧត្ដម ហ៊ុន ម៉ាណែត៖ ព្រះពុទ្ធសាសនាមានតួនាទីសំខាន់ណាស់ សម្រាប់​ការ​កសាង​សង្គម​ខ្មែរ​ ឯកឧត្ដម ហ៊ុន ម៉ាណែត៖ ព្រះពុទ្ធសាសនាមានតួនាទីសំខាន់ណាស់ សម្រាប់​ការ​កសាង​សង្គម​ខ្មែរ​

    ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត បាន​អញ្ជើញ​ជា​អធិបតីភាព​​ក្នុងពិធីបញ្ចុះបឋមសិលា និងបុណ្យផ្កា​សាមគ្គី​កសាង​អគារសិក្សា​ពុទ្ធិក​សាកល​វិទ្យា​ល័យ​​ព្រះសីហមុនីរាជា ស្ថិតក្នុងវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២។

    ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានសម្តែងនូវមោទនភាពចំពោះការរីកចម្រើនជាលំដាប់របស់ “ពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហមុនីរាជា” ដែលបានចាប់ផ្តើមបើកដំណើរការនាខែធ្នូឆ្នាំ២០០៤ ជាពុទ្ធិកមហាវិទ្យាល័យ ហើយបានវិវឌ្ឍជាពុទ្ធិកសាកលវិទ្យាល័យ នាខែកក្កដា ឆ្នាំ២០០៧ ដោយ​បាន​ចូលរួមក្នុងការបណ្តុះបណ្តាលធនធានសមណនិស្សិត និងនិស្សិត ទាំងកម្រិតឧត្តមសិក្សា និង​ក្រោយឧត្តមសិក្សាជាច្រើនម៉ឺនអង្គ/នាក់ឱ្យក្លាយជាបណ្ឌិតបញ្ញាវ័ន្ត ដែល​ជា​មូល​ធន​មនុស្ស​ដ៏​ចាំ​បាច់​ សម្រាប់ដំណើរការកសាងអភិវឌ្ឍសង្គមជាតិ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ។

    ឯកឧត្ដមមានប្រសាសន៍បន្តថា ព្រះពុទ្ធសាសនា​មាន​តួនាទី​សំខាន់​ណាស់​សម្រាប់​ការ​កសាង​សង្គម​ខ្មែរ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។ ក្នុងរយៈកាលកន្លងមកនេះ រាជរដ្ឋាភិបាល​តែង​បាន​ខិត​ខំ​កសាង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ដែល​បាន​ផ្តល់​ជា​ផល​លាភ​ជូន​ប្រជាជន នៅ​ទូទាំង​ប្រទេ​សបានប្រើប្រាស់។ ក្នុងនោះការរីកចម្រើន នៃពុទ្ធិកសាកលវិទ្យាល័យ គឺជាផ្នែក​មួយ​នៃ​ការ​ផ្តល់ឱកាសដល់កូនចៅប្រជាពលរដ្ឋក្នុងការទទួលបានចំណេះដឹង ដើម្បីក្លាយជា​ធន​ធាន​មនុស្ស​ពោរ​ពេញដោយសមត្ថភាព និងផលិតភាពខ្ពស់ សម្រាប់ទីផ្សារការងារដ៏សម្បូរបែប ស្រប​ពេល​ដែលកម្ពុជាកំពុងខិតខំពង្រឹង និងពង្រីក​សក្តានុពល​សេដ្ឋកិច្ច​របស់​ខ្លួន​ឈាន​ឆ្ពោះ​ទៅ​រក​សេដ្ឋកិច្ច​បែប​ឧស្សាហកម្ម និងបច្ចេកវិទ្យា ដែលមានតម្រូវ​ការ​ខ្ពស់​នូវ​ធន​ធាន​មនុស្ស​ជំនាញ​បច្ចេក​ទេស។ ឯកឧត្ដមបន្តទៀតថា​ សាសនាទាំងអស់ គឺអប់រំមនុស្សឱ្យរស់នៅប្រកដោយធម៌ និងផ្តល់នូវ​ពុទ្ធិ​បញ្ញា​ញាណ ដោយបែងចែករវាងអំពើអាក្រក់ និងអំពើល្អ ដើម្បីចៀស​វាង​ការ​ប្រើប្រាស់​ចំណេះដឹង និង​ជំនាញក្នុងផ្លូវខុស ដែលអាចប្រែក្លាយទៅជាការបំផ្លិចបំផ្លាញទៅវិញ។

    ឯកឧត្ដម ហ៊ុន​ ម៉ាណែត បានគូសបញ្ជាក់ថា ការពង្រឹងផ្នែកពុទ្ធចក្រ មិនមែន​ពង្រឹ​ង​តែខា​ង​សាសនា​នោះ​ទេ ប៉ុន្តែជាការពង្រឹង និងបណ្តុះបណ្តាល​ធន​ធាន​មនុស្ស​ដែល​មាន​សមត្ថភាព​ប្រកប​ដោយ​សីលធម៌ និងគុណធម៌។ ព្រះពុទ្ធសាសនា គឺជាមូលដ្ឋាន​ក្នុង​ការអប់រំ​ផ្នត់គំ​និត​ឱ្យ​មនុស្ស​ប្រព្រឹត្ត​នូវ​អំពើជាកុសល ហើយអ្វីដែលសំខាន់ផងដែរនោះ គឺការយកចិត្ត​ទុក​ដាក់​លើ​ការ​ពង្រឹង​ឆន្ទៈ គុណធម៌ សីលធម៌ ស្មារតីគោរពច្បាប់ ព្រមទាំងការយល់ដឹងអំពីវប្បធម៌ និង​ប្រវត្តិសាស្ត្រ​របស់​ជាតិ​ឱ្យ​ដល់កុលបុត្រ កុលធីតាជាសិស្ស-និស្សិត ដើម្បីឱ្យពួកគេក្លាយជាមិត្តល្អ កូនល្អ និង​ពលរដ្ឋ​ល្អសម្រាប់សង្គមជាតិ ជាពិសេសក្នុងបរិការណ៍នៃការរីកចម្រើនជឿនលឿនផ្នែកបច្ចេកវិទ្យា ដូចពេល​បច្ចុប្បន្ន ដែលទន្ទឹមនឹងការផ្តល់នូវចំណុចវិជ្ជមានជាច្រើន ប៉ុន្តែក៏បាន​នាំ​មក​នូវ​ចំណុច​អវិជ្ជមាន​មួយចំនួនផងដែរ ដូចជា បញ្ហាព័ត៌មានមិនពិត និងអំពើល្មើស​ផ្សេង​ៗ​ក្នុង​បណ្តាញ​អ៊ីនធើណេត​ជា​ដើម។

    ជាមួយគ្នានេះដែរឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​បន្ត​ការ​ចូលរួម​អនុវត្ត​នូវ​រាល់​ការណែនាំរបស់រាជរដ្ឋាភិបាល ដើម្បី​ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងសូមទៅទទួល​​ការ​ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូស​ជម្រុញទី៣ ទី៤ និងទី៥ ឱ្យ​បាន​គ្រប់​គ្នា ដើម្បី​បន្ត​ភាព​ស៊ាំ​សហគមន៍ឱ្យកាន់តែរឹងម៉ាំប្រកបដោយចីរភាព និងនិរន្តរភាព៕

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង