ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដឹកនាំក្រុមការងារបច្ចេកទេសអន្តរក្រសួង ចុះពិនិត្យគម្រោងស្ថាបនាផ្លូវ ៣៨ខ្សែ ក្នុងខេត្តសៀមរាប
សៀមរាប៖ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអនុប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សា និងអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ ខ្សែនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប បានដឹកនាំក្រុមការងារបច្ចេកទេសអន្តរក្រសួង ចុះពិនិត្យមើលគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទាំងនេះនៅក្នុងក្រុងសៀមរាប។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានសម្រេចផ្ដល់ថវិកាសម្រាប់ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប ក្នុងគោលបំណងកែលម្អហេដ្ឋារចនាសម្ព័ន្ធទីក្រុង បង្កើតការងារ លើកស្ទួយជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ សម្រួលដល់ការធ្វើចរាចរណ៍ទៅមក បង្កើនសោភ័ណភាព ជំរុញកំណើនភ្ញៀវទេសចរណ និងកំណើនសេដ្ឋកិច្ចជាតិ។
ជាមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីកិច្ចប្រជុំពិភាក្សារបស់គណៈកម្មការអន្តរក្រសួង កាលពីពេលថ្មីៗកន្លងមក ដែលបានពិភាក្សា និងសម្រេចជ្រើសរើសខ្សែផ្លូវសរុបចំនួន ៣៨ ខ្សែប្រវែង ១០០ គីឡូម៉ែត្រ ដោយអនុលោមតាមផែនការមេ និងតាមប្លង់គោលប្រើប្រាស់ដីក្រុងសៀមរាប ចក្ខុវិស័យឆ្នាំ ២០៣៥ ដែលត្រូវបានដាក់ឱ្យប្រើប្រាស់ដោយសេចក្តីសម្រេចលេខ ០០៤ សសរ ចុះថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០១៨ របស់គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ និងផែនការមេ នៃការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ នៅក្រុងសៀមរាប ខេត្តសៀមរាប។ ក្នុងនាមគណៈកម្មការអន្តរក្រសួង ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ភ្ញៀវទេសចរ និងប្រជាពលរដ្ឋនៅក្រុងសៀមរាប ទាំងអស់ សូមចូលរួមសហការប្រកបដោយការយោគយល់ជាមួយគណៈកម្មការអន្តរក្រសួង ក្រុមការងារបច្ចេកទេស និងអង្គភាព និងក្រុមហ៊ុនសាងសង់ ដើម្បីឱ្យការសិក្សា និងការអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅក្រុងសៀមរាប ខេត្តសៀមរាប ប្រព្រឹត្តទៅបានដោយរលូន និងទទួលបានជោគជ័យតាមការគ្រោងទុក។
គួរបញ្ជាក់ថាក្នុងគោលដៅលើកកម្ពស់ការផ្ដល់សេវាជូនប្រជាពលរដ្ឋ និងអ្នកទេសចរ នៅក្នុងក្រុងសៀមរាប និងធ្វើឱ្យក្រុងសៀមរាប ក្លាយទៅជាទីក្រុងទេសចរណ៍ កម្រិតពិភពលោកនោះ ខ្សែផ្លូវដែលត្រូវធ្វើការស្ថាបនា និងកែលម្អឡើងវិញទាំងអស់នឹងត្រូវធ្វើឱ្យក្លាយទៅជាផ្លូវ ដែលមានមេត្រីភាពជាមួយវប្បធម៌ ប្រវត្តិសាស្រ្ត និងទេសចរណ៍ និងស្របតាមរូបសាស្រ្តទីក្រុង និងត្រូវមានការគិតគូរជាប្រព័ន្ធលើគ្រប់ទិដ្ឋភាពដូចជាប្រព័ន្ធលូទឹកកខ្វក់ លូទឹកភ្លៀង ចិញ្ចើមផ្លូវ ផ្លូវថ្មើរជើង ផ្លូវសម្រាប់ជនមានពិការភាព ផ្លូវជិះកង់ ចំណតរថយន្ត ប្រព័ន្ធបំភ្លឺផ្លូវសាធារណៈ ផ្លាកសញ្ញា និងគំនូសចរាចរណ៍ ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព អាងចម្រោះទឹកកខ្វក់ ព្រមទាំងការធ្វើសួន និងដាំដើមឈើផងដែរ៕