គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ក្រសួងសុខាភិបាល ក្រើនរំលឹកដល់ពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ដើម្បីការពារ​ពីការឆ្លងជំងឺកូវីដ-១៩ ខណៈកម្ពុជារកឃើញអូមីក្រុងបម្លែងថ្មី

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី១២ ខែកក្កដា ឆ្នាំ២០២២​ |
    ក្រសួងសុខាភិបាល ក្រើនរំលឹកដល់ពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ដើម្បីការពារ​ពីការឆ្លងជំងឺកូវីដ-១៩ ខណៈកម្ពុជារកឃើញអូមីក្រុងបម្លែងថ្មី ក្រសួងសុខាភិបាល ក្រើនរំលឹកដល់ពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ដើម្បីការពារ​ពីការឆ្លងជំងឺកូវីដ-១៩ ខណៈកម្ពុជារកឃើញអូមីក្រុងបម្លែងថ្មី

    ភ្នំពេញ៖ ក្រសួងសុខាភិបាល បានក្រើនរំលឹកទៅប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន និងបន្ត​អនុវត្ត​វិធានការ ៣ការពារ ៣កុំ ឲ្យបានខ្ជាប់ខ្ជួន ខណៈប្រទេសកម្ពុជា បាននឹងកំពុង​រក​ឃើញ​ករណី​អ្នក​វិជ្ជមានកូវីដ១៩ អូមីក្រុង​បម្លែងថ្មី (BA.4, BA.5)  ដែល​មាន​សមត្ថភាព​ឆ្លង​លឿន​ជាង​ពពួក​អូមី​ក្រុងមុនៗ។

    យោងតាមសេចក្តីក្រើនរំលឹក របស់ក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា ករណីអ្នកវិជ្ជមានជំងឺកូវីដ-១៩ បានរកឃើញជារៀងរាល់ថ្ងៃចាប់តាំងពីថ្ងៃទី២៨ ខែមិថុនាមក ដោយបានរកឃើញលើអ្នកដំណើរមកពីក្រៅប្រទេស ក្នុងសហគមន៍ និង​អ្នក​ធ្វើ​តេស្ត​សម្រាប់ធ្វើវិញ្ញាបនបត្រធ្វើដំណើរទៅក្រៅប្រទេសមួយចំនួន ។

    ការចរាចរនៃពពួកអូមីក្រុងបម្លែងថ្មី BA.4 BA.5 ដែល​មាន​សមត្ថភាព​ឆ្លង​លឿន​ជាង​ពពួក​អូមី​ក្រុងមុ​នៗ នាំឲ្យមានកំណើនឡើងនូវចំនួនករណី ឆ្លង​ទាំង​ក្នុង​ប្រទេស​កម្ពុជា តំបន់ និង​នៅ​លើ​សកល​លោក ហើយពពួកថ្មីនេះ ក៏មាន​លទ្ធភាព​អាច​បញ្រ្ចៀត​ចូល​ប្រព័ន្ធភាពស៊ាំរបស់មនុស្ស បាន​ងាយស្រួលជាងមុន ដែល​ធ្វើ​ឲ្យ​ភាព​ស៊ាំរ​បស់​បុគ្គល​ឆាប់​ធ្លាក់​ចុះ​លឿន​ជាងមុន ហើយ​អ្នក​ឆ្លង​អូមី​ក្រុង​បម្លែងថ្មីនេះ មានរោគ​សញ្ញា​មិន​ខុស​ពី​វីរុស​ជំនាន់​មុន​ៗ​នោះ​ទេ ដូចជា ក្ដៅខ្លួន ក្អក ឈឺ​បំពង់ក ហៀរសំបោរ មានភាពស្រដៀង ទៅនឹងជំងឺផ្ដាសាយ ធម្មតា ។

    ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បាន​អំពាវ​នាវ​ដោយ​ទទូច និង​សូម​ក្រើន​រំលឹកពលរដ្ឋ ស្ថាប័ន អង្គភាពនានា អាជ្ញាធរ និងសេវាឯកជនទាំងអស់ រួម​សាមគ្គី​ភាពគ្នា ជំរុញបង្កើនការប្រុងប្រយ័ត្នប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុង​ការ​បន្ត​អនុវត្ត​វិធាន​ការ​សុខាភិបាលឲ្យបានខ្ជាប់ខ្ជួន និងគ្រប់ៗគ្នា ដើម្បីការពារពីការចម្លងវីរុសកូវីដ១៩ សំដៅ​ការពារ​សុខ​ភាព​ផ្ទាល់ខ្លួន ក្រុមគ្រួសារ និងនៅទីកន្លែងធ្វើការរបស់ខ្លួនផងដែរ ។

    ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា ដើម្បីបញ្ចៀសនូវការរីករាលដាលឆ្លងជំងឺកូវីដ១៩ ដ៏​ធ្ងន់​ធ្ងរ​ទៅ​ក្នុង​សហគមន៍ សូមប្រជាជនទាំងអស់ (ទាំងកម្ពុជា និងជនបរទេស) ដែល​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវនាំគ្នាបន្តអនុវត្តវិធានការ ៣ការពារ ៣កុំ ព្រមទាំងនាំគ្នាំទៅចាក់វ៉ាក់សាំង ទាំង​ដូស​មូលដ្ឋាន ដូសជំរុញ (ទី៣ ទី៤ និងទី៥) ជាចាំបាច់ ដែល​មាន​គម្លាត​ពី​ដូស​មួយ​ទៅ​មួយ​ទៀត​ មាន​រយៈពេល ៣ខែឡើងទៅ៕

    អត្ថបទទាក់ទង