គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    កំពង់ទឹករបស់ស្ពានហាលស្រះស្រង់បានបញ្ចប់ការជួសជុលជាស្ថាពរហើយ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី១២ ខែកក្កដា ឆ្នាំ២០២២​ |
    កំពង់ទឹករបស់ស្ពានហាលស្រះស្រង់បានបញ្ចប់ការជួសជុលជាស្ថាពរហើយ កំពង់ទឹករបស់ស្ពានហាលស្រះស្រង់បានបញ្ចប់ការជួសជុលជាស្ថាពរហើយ

    សៀមរាប៖ គម្រោងជួសជុលកំពង់ទឹករបស់ស្ពានហាលស្រះស្រង់ផ្នែកខាងត្បូង ទទួលបន្ទុកដោយនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា ដែលបានចាប់ផ្តើមតាំងពីខែមករា ដើមឆ្នាំ២០២២ ប្រើរយៈពេល៧ខែ បានបញ្ចប់រួចរាល់ជាស្ថាពរនៅខែកក្កដា ឆ្នាំ២០២២នេះ។

    លោក ក្រឹម គ្រួន អ្នកគ្រប់គ្រងការដ្ឋានជួសជុលឱ្យដឹងនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះថា ការងារជួសជុលស្ពានហាលរបស់កំពង់ទឹកនេះ គឺដើម្បីពង្រឹងរចនាសម្ព័ន្ធរបស់កំពង់ទឹក​ស្ពានហាល​​ឱ្យមានរូបរាងដើម និងរឹងមាំឡើងវិញ។ លោក ក្រឹម គ្រួន បានបញ្ជាក់ពីមូលហេតុ ដែលធ្វើឱ្យរចនាសម្ព័ន្ធសំណង់កំពង់ទឹករបស់ស្ពានហាល នៃស្រះស្រង់ ផ្នែកខាងត្បូងរងនូវការខូចខាត ដោយសារអាយុកាលនៃសំណង់ ការពុកផុយនៃស្រទាប់ថ្មបាយក្រៀមខាងក្រោម ឫសឈើចាក់ជ្រែកទៅក្នុងថ្មធ្វើឱ្យថ្មរំកិលខុសពីទីតាំងដើម។

    លោក បន្តទៀតថា ការងារជំហានដំបូងក្រុមការងារធ្វើសម្រង់ប្លង់ និងការរើថ្ម លាងសម្អាត ចុះបញ្ជីថ្ម និងជួសជុលថ្ម ព្រមទាំងធ្វើកំណាយបុរាណវិទ្យាដើម្បីសិក្សាពីស្ថានភាពគ្រឹះ។ ក្រោយពីពង្រឹងគ្រឹះដោយប្រើវិធីសាស្រ្តបុរាណឡើងវិញរួចរាល់ អ្នកជំនាញបានរៀបចំផ្គុំថ្មបាយក្រៀម និងថ្មភក់ទៅតាមលំនាំដើម ដោយបន្ថែមថ្មថ្មីក្នុងចំនួនតិចបំផុត ហើយក្រុមការងារបានបិទភ្ជិតមុខដំណរថ្មដើម្បីការពារជម្រាបទឹក ជៀសវាងការខូចខាតគ្រឹះបន្តទៀត។

    លោក ក្រឹម គ្រួន បញ្ជាក់ថា កំពង់ទឹកនេះ ធ្លាប់បានជួសជុលកាលពីសម័យបារាំងរួចម្តងមកហើយ ដោយការរៀបថ្ម ចាក់បេតុង ចាក់ល្បាយដីពង្រឹងគ្រឹះឡើងវិញ ប៉ុន្តែដោយកត្តាអាយុកាល និងធម្មជាតិ ទឹកភ្លៀងបានហូរច្រោះគ្រឹះបណ្តាលបាក់ស្រុតតាមកន្លែងផ្សេងៗជាអន្លើរ។ក្រោយពីអាជ្ញាធរជាតិអប្សរា បញ្ចប់ការជួសជុលកំពង់ទឹកផ្នែកខាងត្បូងនេះរួចរាល់ រក្សាបាននូវភាពរឹងមាំស្ថិតនៅគង់វង្សយូរអង្វែង បានដល់កូនចៅខ្មែរជំនាន់ក្រោយជាបន្តទៀត និងលើកកម្ពស់សោភ័ណភាពរបស់ស្ពានហាលនេះ កាន់តែមានភាពស្រស់ស្អាតទ្វេឡើង៕

    អត្ថបទទាក់ទង