គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ឯកឧត្ដម ហ៊ុន​ ម៉ាណែត អញ្ជើញស្រោចស្រពសុគន្ធវារី ប្រកាសព្រះរាជប្រកាសនីយប័ត្រ តែងតាំងព្រះគ្រូអនុគណស្រុកត្រាំកក់ ខេត្តតាកែវ និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តមង្គលមានលក្ខណ៍

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០២២​ |
    ឯកឧត្ដម ហ៊ុន​ ម៉ាណែត អញ្ជើញស្រោចស្រពសុគន្ធវារី ប្រកាសព្រះរាជប្រកាសនីយប័ត្រ តែងតាំងព្រះគ្រូអនុគណស្រុកត្រាំកក់ ខេត្តតាកែវ និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តមង្គលមានលក្ខណ៍ ឯកឧត្ដម ហ៊ុន​ ម៉ាណែត អញ្ជើញស្រោចស្រពសុគន្ធវារី ប្រកាសព្រះរាជប្រកាសនីយប័ត្រ តែងតាំងព្រះគ្រូអនុគណស្រុកត្រាំកក់ ខេត្តតាកែវ និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តមង្គលមានលក្ខណ៍

    តាកែវ៖ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ របស់ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត តំណាង​ដ៏​ខ្ពង់​ខ្ពស់​របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញ​ជាអធិបតីភាពក្នុងពិធីស្រោចស្រពសុគន្ធវារី ប្រកាស​ព្រះរាជប្រកាសនីយប័ត្រ តែងតាំងព្រះគ្រូអនុគណស្រុកត្រាំកក់ ខេត្តតាកែវ និង​សម្ពោធ​សមិទ្ធ​ផលនានា ក្នុងវត្តមង្គលមានលក្ខណ៍ ស្ថិតនៅឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្ត​តាកែវ។

    ឯកឧត្ដម ហ៊ុន​ ម៉ាណែត បានចូលរួមអបអរសាទរ និងអនុមោទនាត្រេក​អរ​ចំពោះការ​សម្ពោធ​សមិទ្ធផល​ថ្មី​ៗ​បន្ថែមទៀតនៅក្នុងទីអារាមដែលមានអាយុកាលប្រមាណ ២២០ ឆ្នាំមួយនេះ ដែលពីដើមឡើយក៏ធ្លាប់មានការខិតខំកសាងសមិទ្ធផលជាច្រើនបន្តបន្ទាប់ផងដែរ តាមរយៈ​សទ្ធា​ជ្រះថ្លា​របស់ពុទ្ធបរិស័ទ ដោយសារវត្តនេះធ្លាប់ជាទីកន្លែងសម្រាប់ធ្វើបុណ្យទានផង និង​ក៏ជា​សាលា​បង្រៀនអក្សរសាស្ត្រ និងបង្ហាត់ក្បាច់គុណបុរាណដល់កូនចៅអ្នកស្រុកផងដែរ ប៉ុន្តែ​ជា​អកុសល នៅក្នុងរបបអាវខ្មៅប៉ុលពត ព្រះសង្ឃត្រូវបានចាប់ផ្សឹក ហើយទីតាំង​វត្ត​ត្រូវ​បាន​ប្រែ​ក្លាយ​ជា​មន្ទីរពេទ្យ និងតំបន់កប់សពអ្នកជំងឺ។ ដូច្នេះ ការរីកចម្រើននៅទីនេះ ក៏អាច​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញអំពីនិន្នាការរួមនៃការអភិវឌ្ឍរីកចម្រើនក្នុងវិស័យព្រះពុទ្ធសាសនានៅក្នុងសង្គមខ្មែរនៅទូទាំងប្រទេស ដោយបានឆ្លងកាត់ដំណាក់កាលជាច្រើននៅក្នុងប្រវត្តិសាស្ត្រ ជាពិសេស​នៅ​ក្រោយ​ការ​រស់​រាន​ឡើងវិញចាប់ពីឆ្នាំ១៩៧៩ ដែលថ្នាក់ដឹកនាំទាំងក្នុងផ្នែកពុទ្ធចក្រ និងអាណាចក្រ ព្រម​ទាំង​ប្រជាពលរដ្ឋ បានរួបរួមគ្នាក្នុងធ្លុងមហាសាមគ្គី និងខិតខំ​លើក​ស្ទួយ​វិស័យ​ព្រះពុទ្ធសាសនា​ឱ្យ​បាន​រីក​ចម្រើនរុងរឿងឡើងវិញ រហូតមកដល់បច្ចុប្បន្ន។

    ឯកឧត្ដមបានសម្តែងនូវការអបអរសាទរប្រគេនចំពោះព្រះភិក្ខុ សៅរ៍ តារាវី ព្រះចៅ​អធិការ​វត្ត​មង្គល​មានលក្ខណ៍ ដែលទទួលបានការទុកព្រះទ័យ និងការទុកចិត្ត​ពី​សំណាក់​សម្តេច​ព្រះ​អគ្គ​មហា​សង្ឃរាជាធិបតី និង សម្តេចតេជោ នាយករដ្ឋមន្ត្រី, គណៈសង្ឃនាយក និងក្រសួងធម្មការ និង​សាសនា តែងតាំងជា ព្រះគូធីរវង្សាចារ្យ អនុគណស្រុកត្រាំកក់ ដើម្បី​ព្រះអង្គ​បន្ត​ចូល​រួម​ចំណែក​អភិវឌ្ឍ និងពង្រឹងវិស័យពុទ្ធចក្រនៅស្រុកត្រាំកក់ ខេត្តតាកែវ​ឱ្យ​កាន់​តែ​រីក​ចម្រើន​បន្ថែម​ទៀត​។

    ឯកឧត្ដម បានគូសបញ្ជាក់ថា ការកើតឡើងនូវសមិទ្ធផលជាច្រើនក្នុងវិស័យព្រះពុទ្ធសាសនា និងឱកាសបានជួបជុំធ្វើបុណ្យសម្ពោធឆ្លងជាបន្តបន្ទាប់ ដូចពេលបច្ចុប្បន្នេះ គឺ​ពិត​ជា​បាន​បង្ហាញ​ឱ្យ​ឃើញ​នូវអត្ថន័យច្រើនយ៉ាង៖ ទី១. ភាពជោគជ័យគួរជាទីមោទនៈនៃការប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅកម្ពុជា ទាំងលើការងារបង្ការទប់ស្កាត់, ការព្យាបាល និងការចាក់វ៉ាក់សាំង, ទី២. ការ​កើន​ឡើងលទ្ធភាពជីវភាពរបស់ប្រជាពលរដ្ឋក្នុងបរិបទដែលកម្ពុជាជាប្រទេសមានកំណើនសេដ្ឋកិច្ចខ្ពស់ និងមានយុទ្ធសាស្ត្រច្បាស់លាស់ក្នុងការឆ្លើយតបនឹងវិបត្តិផ្សេងៗ ដោយ​រក្សា​បាន​នូវភាព​ធនរឹងមាំ​, ទី៣. ការរីកចម្រើននៃវិស័យព្រះពុទ្ធសាសនានៅក្នុងសង្គមខ្មែរ តាមរយៈ​ជំនឿ​សទ្ធា​ជ្រះថ្លា​ដ៏​មុតមាំរបស់ប្រជាពលរដ្ឋ ព្រមទាំងការបង្កលក្ខណៈរបស់រាជរដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​គណបក្សប្រជាជនកម្ពុជា ចាប់តាំងពីឆ្នាំ១៩៧៩ មក, និងទី៤. បច្ច័យនៃសុខសន្តិភាព សន្តិសុខ សុវត្ថិភាពសាធារណៈ ដែលអំណោយផលដល់ការជួបជុំញាតិមិត្ត ដើម្បីធ្វើបុណ្យធ្វើទាន សម្អាតចិត្តឱ្យបរិសុទ្ធគ្មានទុក្ខកង្វល់ និងចូលរួមកសាងសមិទ្ធផលបានច្រើន។

    ឯកឧត្ដម ហ៊ុន​ ម៉ាណែត បន្តថាប្រទេសកម្ពុជាអាចទទួលបានសន្តិភាពពេញលេញ ឯកភាពជាតិ និង​ឯកភាពទឹកដី ដូចសព្វថ្ងៃនេះ ក៏ ដោយសារការដឹកនាំប្រកបដោយធម៌របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះ ដែលជា​គោល​នយោបាយ​ផ្អែក​លើ​គោលការណ៍គុណធម៌ មនុស្សធម៌ ការចែករំលែក និងការទុកចិត្តគ្នាទៅវិញទៅមក ដោយ​ធ្វើ​យ៉ាង​ណា​រក្សាការពារឱ្យបាននូវអាយុជីវិត, ទ្រព្យសម្បត្តិ និងមុខរបរការងាររបស់ខ្មែរគ្រប់រូប គ្រប់​និន្នាការ ដោយមិនមានការរើសអើងបែងចែក។

    ក្នុងឱកាសនេះដែរឯកឧត្ដមបានថ្លែងអរគុណប្រជាពលរដ្ឋគ្រប់ទិសទីដែលបានចូលរួមថែរក្សាសុខសន្តិភាព និងបន្តជំរុញការអភិវឌ្ឍជាតិទៅមុខទៀត តាមរយៈការរួមគ្នាដើរ​ទៅ​មុខ​លើវិ​ថី​ដ៏​ត្រឹម​ត្រូវ, ការរស់នៅជាមួយគ្នាប្រកបដោយភាពសុខដុមរមនា ដោយមិនមានការបែកបាក់ផ្ទៃក្នុងជាតិ, ការ​ចែករំលែកជួយគ្នាទៅវិញទៅមក និងការខិតខំកសាងអភិវឌ្ឍខ្លួនឯង និង​គ្រួសារ​ឱ្យ​បាន​រីក​ចម្រើន​រុងរឿង។ សន្តិភាពដ៏ពេញលេញ និងសេចក្តីសុខសាន្តត្រាណក្នុងរយៈពេលជិត ២៤ឆ្នាំ មកនេះ អាចនឹងរលាយបាត់បង់ទៅវិញយ៉ាងឆាប់រហ័សក្នុងមួយប៉ប្រិចភ្នែក ប្រសិនបើ​សិនគ្មាន​ការ​ចូលរួមប្រកបដោយស្មារតីទទួលខុសរបស់ប្រជាពលរដ្ឋម្នាក់ៗ និងការប្តេជ្ញា​ចិត្ត​ដ៏ច្បាស់​លាស់​របស់​ប្រមុខ​ថ្នាក់ដឹកនាំក្នុងការបន្តថែរក្សាការពារសន្តិភាព ស្ថិរភាពឱ្យបាន​ដាច់​ខាត​ទោះ​បី​ក្នុង​តម្លៃ​ណា​ក៏ដោយ។ គ្មានអ្នកណាស្រលាញ់ខ្មែរ ការពារខ្មែរ ជាងខ្មែរខ្លួនយើងនោះទេ ដូច្នេះខ្មែរ​ត្រូវ​តែ​ខ្លាំង និងរួមសាមគ្គីគ្នាដើម្បីថែរក្សាអត្តសញ្ញាណជាតិ ឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និង​ការ​អភិវឌ្ឍជាតិ ឱ្យឋិតឋេរចីរកាលតទៅមុខសម្រាប់អ្នកជំនាន់ក្រោយៗទៀត៕

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង