ពលរដ្ឋនឹងអាចប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ពេញ១ខែតុលា ដោយឥតបង់ប្រាក់
ភ្នំពេញ៖ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នឹងត្រូវដាក់ឲ្យប្រើប្រាស់ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ និងឥតបង់ប្រាក់ក្នុងការធ្វើដំណើររយៈពេលមួយខែ ខណៈការសាងសង់សម្រេចបាន ៩៥%ហើយ។
នេះបើតាមការបញ្ជាក់របស់ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ខណៈដែលឯកឧត្ដមដឹកនាំក្រុមការងារ និងមន្ត្រីជំនាញបន្តចុះ ពិនិត្យវឌ្ឍនភាព នៃការសាងសង់ផ្លូវល្បឿនលឿនដំបូងនៅកម្ពុជា។
ឯកឧត្ដេមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងបញ្ជាក់បន្តថា សម្រាប់តម្លៃនៃការជិះលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នៅក្នុងឆ្នាំទី១ ដែលជាឆ្នាំដំបូងបន្ទាប់ពីមិនយកប្រាក់ពីប្រជាពលរដ្ឋរយៈពេល១ខែរួចហើយនោះ នឹងត្រូវយកតិចជាង៨សេន និងទៅតាមប្រភេទឡានដែលមាន ៥ប្រភេទ ក្នុងនោះប្រភេទឡានទេសចរណ៍(ឡានតូច) យក១២ដុល្លារក្នុងមួយជើង និងចំពោះឡានធំ (ឡានដឹកទំនិញធុនធំ) យក៦០ដុល្លារ។ ហើយចាប់ពីឆ្នាំទី២ តទៅគឺចាប់ផ្តើមយកតម្លៃទៅតាមកិច្ចព្រមព្រៀងសម្បទាន ដែលបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន។
សូមជម្រាបជូនថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែង ១៨៧.០៥គីឡូម៉ែត្រ មានគន្លងផ្លូវចំនួន៤គន្លង ទទឹងផ្លូវសរុប ២៤,៥ម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ហើយគ្រោងចំណាយថវិកាជិត ២ពាន់លានដុល្លារ សហរដ្ឋអាមេរិក។ ផ្លូវនេះតភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕