គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    មីយ៉ាន់ម៉ា សម្រេចមិនបញ្ជូនតំណាង​មក​ចូល​រួម​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រីការ​បរទេស​អាស៊ាន​នៅ​កម្ពុជា​ នាចុងខែកក្កដានេះទេ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែកក្កដា ឆ្នាំ២០២២​ |
    មីយ៉ាន់ម៉ា សម្រេចមិនបញ្ជូនតំណាង​មក​ចូល​រួម​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រីការ​បរទេស​អាស៊ាន​នៅ​កម្ពុជា​ នាចុងខែកក្កដានេះទេ មីយ៉ាន់ម៉ា សម្រេចមិនបញ្ជូនតំណាង​មក​ចូល​រួម​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រីការ​បរទេស​អាស៊ាន​នៅ​កម្ពុជា​ នាចុងខែកក្កដានេះទេ

    ភ្នំពេញ៖ ប្រទេសមីយ៉ាន់ម៉ា បាន​សម្រេចមិនបញ្ជូនតំណាង ឲ្យ​ម​ក​ចូល​រួម​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធជាច្រើន នៅរាជធានីភ្នំពេញ ដែល​ចាប់​ផ្តើម​នៅ​ចុង​​ខែ​កក្កដានេះទេ។ នេះបើតាមការបញ្ជាក់​របស់​ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋ​មន្ត្រី​ការ​បរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុង​កិច្ច​សម្ភាស​ជា​មួយ​ទីភ្នាក់​ងារ​សារ​ព័ត៌មា​ន​ជាតិ​កម្ពុជា (AKP) ។

    ឯកឧត្ដម ប្រាក់ សុខុន បានបញ្ជាក់ដូច្នេះថា «ចម្លើយរបស់មីយ៉ាន់ម៉ា នៅតែដូចមុនដដែល។ អ្នក​តំណាង​មិន​មែន​កម្រិតនយោបាយ មិនអាចត្រូវបានតែងតាំង ឲ្យមក​ចូល​រួម​កិច្ច​ប្រជុំ​ទាំង​នោះ​បាន​ទេ។​ ទោះបីជាយ៉ាងនេះក្តី កៅអីរបស់មីយ៉ាន់ម៉ា នៅអាស៊ាននៅតែរក្សាដដែល»

    ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ដែរថា ទោះបីជាមីយ៉ាន់ម៉ា បោះបង់​សិទ្ធិ​ក្នុង​ការ​មក​ប្រជុំទាំងនេះ ក៏ដោយក៏មិនបាត់កៅអីនៅអាស៊ាននោះដែរ។ ឯកឧត្ដម​បាន​ថ្លែង​ទៀត​ថា ទោះ​បីជាយ៉ាងនេះក្តី កម្ពុជាមិនបោះបង់ក្នុងការរកដំណោះស្រាយជូនមីយ៉ាន់ម៉ា និង​ព្យាយាម​ត្រួស​ត្រាយ​ផ្លូវ ដើម្បីនាំប្រទេសនេះមកកាន់អាស៊ានវិញ។

    សូមជម្រាបថា ក្នុងនាមជាប្រធានអាស៊ាន រាជរដ្ឋាភិបាលកម្ពុជា បាន​សម្រេច​មិន​អញ្ជើញ​រដ្ឋ​មន្ត្រី​ការ​បរទេសមីយ៉ាន់ម៉ា លោក វ៉ុនណា ម៉ោងល្វីន មកចូលរួម​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន​លើក​ទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ។ ការសម្រេច គឺ​ធ្វើ​ឡើង​តាម​ការ​ឯកភាព​ជាឯ​កច្ឆន្ទ​របស់​សមាជិក​អាស៊ាន​ទាំង៩ ដែលយល់ឃើញថា មិនទាន់មានការជឿនលឿនគ្រប់គ្រាន់ ក្នុងការ​អនុវត្ត​កិច្ច​ព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច របស់អាស៊ាន ដែលឲ្យមីយ៉ាន់ម៉ាអនុវត្តកន្លងមក។​ អាស៊ាន​ទាំង ៩ប្រទេស បានឯកភាពគ្នាថា ដរាបណា​ដែល​មិន​ទាន់​មាន​វឌ្ឍនភាព​គ្រប់គ្រាន់​នៅ​មីយ៉ាន់ម៉ា ដរាបនោះការចូលរួមរបស់មីយ៉ាន់ម៉ា គឺស្ថិតត្រឹមតែជាតំណាងមិនមែនរដ្ឋាភិបាល។

    សូមបញ្ជាក់ថា នៅថ្ងៃទី៣១ ខែកក្កដា រហូតដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ ខាងមុខនេះ កម្ពុជានឹងរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ (55th AMM and Related Meetings) រួមមាន​ទាំង​សន្និសីទ​ក្រោយ​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន​ (ASEAN Post Ministerial Conference) កិច្ចប្រជុំអាស៊ានបូក៣ លើកទី២៣ (23rd ASEAN Plus Three) កិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១២ (12th East Asia Summit) និង​វេទិកា​​តំបន់​អាស៊ាន លើកទី២៩ (29th ASEAN Regional Forum)។

    ប្រភព៖ FreshNews

    អត្ថបទទាក់ទង