គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ឯកឧត្ដម ហ៊ុន​ ម៉ាណែត៖ ការអភិវឌ្ឍប្រទេសមួយប្រកបដោយភាពរឹងមាំ ត្រូវការ​ជាចាំបាច់​នូវ​ការ​ចូលរួម​យ៉ាងសកម្ម និងរស់រវើកពីវិស័យឯកជន

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២២​ |
    ឯកឧត្ដម ហ៊ុន​ ម៉ាណែត៖ ការអភិវឌ្ឍប្រទេសមួយប្រកបដោយភាពរឹងមាំ ត្រូវការ​ជាចាំបាច់​នូវ​ការ​ចូលរួម​យ៉ាងសកម្ម និងរស់រវើកពីវិស័យឯកជន ឯកឧត្ដម ហ៊ុន​ ម៉ាណែត៖ ការអភិវឌ្ឍប្រទេសមួយប្រកបដោយភាពរឹងមាំ ត្រូវការ​ជាចាំបាច់​នូវ​ការ​ចូលរួម​យ៉ាងសកម្ម និងរស់រវើកពីវិស័យឯកជន

    កណ្ដាល៖ នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ហ៊ុន ម៉ាណែត បានអញ្ជើញ​ជា​អធិបតី​ភាព​ក្នុងពិធីសម្ពោធជាផ្លូវការរោងចក្រផលិតស្រាបៀអ៊ិនធើ-ម៉ាទ្រីដ បេវើរិច (ខេមបូឌា) នៅក្នុងភូមិស្តៅកន្លែង ២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

    ក្នុងឱកាសនោះឯកឧត្ដម​ ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការអភិវឌ្ឍ​ប្រទេស​មួយ​ប្រកប​ដោយ​ភាព​រឹងមាំ ត្រូវការជាចាំបាច់នូវការចូលរួមយ៉ាងសកម្ម និងរស់រវើកពីវិស័យឯកជន។ ជា​មួយនឹងការគាំទ្រ និងលើកទឹកចិត្តពីសំណាក់រាជរដ្ឋាភិបាល តាមរយៈ​ការ​លើក​កម្ពស់​បរិយាកាស​ធុរកិច្ច-វិនិយោគ គឺវិស័យឯកជននៅកម្ពុជា អាចអភិវឌ្ឍខ្លួនយ៉ាងឆាប់រហ័ស និង​បាន​ដើរ​តួនាទីជាឆ្អឹងខ្នង នៃខឿនសេដ្ឋកិច្ចជាតិ ដែលអាច​ចូល​រួម​ចំណែក​ដោយ​ផ្ទាល់​ដល់​ការ​អភិវឌ្ឍ​សង្គម​-សេដ្ឋកិច្ច និងដោយប្រយោល តាមរយៈបង្កើនចំណូលពន្ធ និងការបង្កើនការវិនិយោគ ដែល​អាច​បង្កើតការងារជាបន្តបន្ទាប់ និងពង្រឹងភាពប្រកួតប្រជែង ព្រម​ទាំង​លើក​កម្ពស់​ពិពិធ​កម្ម​សេដ្ឋកិច្ច​ជាតិ។ បន្ថែមលើនេះ  វិស័យឯកជន ក៏មានតួនាទីយ៉ាងសំខាន់ ក្នុង​ការ​ចូល​រួ​ម​ដោះ​ស្រាយ​បញ្ហាសង្គមផ្សេងៗ ដូចដែលយើងទាំងអស់គ្នាបានឃើញកន្លងមករួចមកហើយ តួ​យ៉ាង​ដូច​ជាការ​ចូលរួមក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាដើម។

    ឯកឧត្ដម​បានមានប្រសាសន៍ឲ្យដឹងដែរថា នៅក្នុងចន្លោះឆ្នាំ១៩៩៨-២០១៨ កម្ពុជា​ជាប់​ចំណាត់​ថ្នាក់​ក្នុង​ចំណោម​ប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុត ដោយរក្សា​បាន​ចីរភាព​នៃ​កំណើន​ជា​មធ្យម ៨%។ ដោយឡែកនៅក្នុងអំឡុងពេលនៃវិបត្តិកូវីដ-១៩ ក្នុងរយៈពេលជាង ០២ ឆ្នាំកន្លងមក​នេះ ប្រទេសកម្ពុជា បានទទួលរងនូវផលប៉ះពាល់គួរឱ្យកត់សម្គាល់  ដែល​បញ្ហា​នេះ​បាន​បង្អាក់​ដំណើរ នៃការបោះជំហានឆ្ពោះទៅមុខនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និង​បាន​ដាក់​សម្ពាធ​យ៉ាង​ធ្ងន់ធ្ងរ​មកលើវិស័យសុខភាពសាធារណៈ។

    ទោះជាយ៉ាងនេះក៏ដោយ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកប​ដោយ​ស្មារតី​បុរេស​កម្ម​របស់​រាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ នាយករដ្ឋមន្ត្រី ជាប្រមុខ រួមជាមួយនឹង​ការ​ចូល​រួម​គាំទ្រ​ពី​សំណាក់​មន្ត្រីរាជការ, កងកម្លាំងប្រដាប់អាវុធ និងប្រជាជនកម្ពុជា, ធុរជន-វិនិយោគិន, អង្គការ​ជាតិ និងអន្តរជាតិ, ដៃគូអភិវឌ្ឍន៍ ព្រមទាំងបណ្តាប្រទេសជាមិត្ត កម្ពុជា​អាច​គ្រប់​គ្រង​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺកូវីដ-១៩ យ៉ាងមានប្រសិទ្ធភាព ទាំងលើការលើការព្យាបាល និងការចាក់​វ៉ាក់សាំង​នៅ​ទូទាំង​ប្រទេស និងបានឈានដល់ការស្តារស្ថានភាពសង្គម-សេដ្ឋកិច្ច​ឡើង​វិញ​យ៉ាង​ឆាប់​រហ័ស​ផង​ដែរ​។ ជាក់ស្តែង ទោះបីជាវិបត្តិនៃជំងឺកូវីដ-១៩ បានធ្វើឱ្យកំណើនសេដ្ឋកិច្ចកម្ពុជា មានការ​ធ្លាក់​ចុះ​ក្នុង​អត្រា -៣,១% នៅក្នុងឆ្នាំ២០២០ ក៏ដោយ, ប៉ុន្តែបានងើបឡើងវិញក្នុងអត្រា ៣% នៅក្នុង​ឆ្នាំ​២០២១​ និងត្រូវបានព្យាករថានឹងបន្តកើនឡើងក្នុងអត្រាប្រមាណខ្ពស់ជាង ៥% នៅក្នុងឆ្នាំ ២០២២នេះ​។

    ឆ្លងតាមបទពិសោធន៍ដែលជួបប្រទះនេះ រាជរដ្ឋាភិបាលកម្ពុជា បាន​និង​កំពុង​ប្រែ​ក្លាយ​វិបត្តិឱ្យ​ទៅ​ជា​ឱកាស តាមរយៈការរៀបចំដាក់ចេញនូវយុទ្ធសាស្ត្រ និងគោលនយោបាយជាបន្តបន្ទាប់ សំដៅ​ស្តារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែខ្លាំងជាងមុន ព្រម​ទាំង​ពង្រឹង​ភាព​ធន់​ទៅ​នឹង​វិបត្តិ​ផ្សេង​ៗ ដែលអាចកើតមានឡើងជាយថាហេតុនាពេលអនាគត។ ជាក់ស្តែង, រាជរដ្ឋាភិបាលបាន  សម្រេច​ដាក់ឱ្យអនុវត្តនូវ ”ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុ​ង​ការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣” ដោយ​ឈរ​លើ​សសរស្តម្ភចំនួន ៣ ដែលរួមមាន ៖ (១). ការស្តារកំណើនសេដ្ឋកិច្ច ឡើងវិញ, (២). ការ​កែ​ទម្រង់ ដើម្បីកសាងមូលដ្ឋានគ្រឹះរឹងមាំសម្រាប់កំណើន, ពិពិធកម្ម និងភាពប្រកួតប្រជែង និង (៣). ការពង្រឹងភាពធនប្រកបដោយចីរភាព និងបរិយាបន្ន។

    ជាមួយនឹងការសម្ពោធនៅថ្ងៃនេះ ឯកឧត្ដម​ ហ៊ុន​ ម៉ាណែត បាន​សម្តែង​នូវ​ការ​អបអរ​សាទរ​ចំពោះ​ព្រឹត្តិការណ៍​ដ៏​វិសេសវិសាលរបស់ក្រុមហ៊ុនអ៊ិនធើ-ម៉ាទ្រីដ បេវើរិច (ខេមបូឌា) ដែល​ជា​ការ​ចូលរួម​ចំណែក​ជំរុញ​ពិពិធកម្ម និងពង្រឹងផលិតកម្មក្នុងស្រុក ដោយអាចបង្កើតការងារបានរហូតដល់ទៅ ៥៥០ កន្លែងនៅក្នុងរោងចក្រផ្ទាល់ ក៏ដូចជាការចូលរួមចំណែកបង្កើនចំណូលពន្ធរបស់រដ្ឋ និង​លើក​ស្ទួយ​វិស័យកសិកម្ម, កសិ-ឧស្សាហកម្ម និងវិស័យពាក់ព័ន្ធផ្សេងទៀតនៅកម្ពុជា។ ព្រឹត្តិការណ៍​នេះ​បាន​បង្ហាញឱ្យឃើញអំពីសក្តានុពល នៃវិស័យវិនិយោគនៅកម្ពុជា ហើយក៏​ជា​ការ​គាំទ្រ​ដល់​ការបោះជំហានទៅមុខនៃចក្ខុវិស័យក្នុងការជំរុញកែប្រែ និងធ្វើ​ទំនើបកម្ម​រចនា​សម្ព័ន្ធ​ឧស្សាហកម្ម​កម្ពុជា ពី ”ឧស្សាហកម្មអតិពលកម្ម“ ឈានទៅជា “ឧស្សាហកម្មផ្អែកលើជំនាញ និង​បច្ចេកវិទ្យា”​ ដូចមានកំណត់នៅក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥-២០២៥ របស់រាជរដ្ឋាភិបាលកម្ពុជា៕

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង