កងទ័ពកម្ពុជា-ហ្វីលីពីន នឹងរៀបចំលំហាត់ហ្វឹកហ្វឺនរួមគ្នាក្នុងពេលឆាប់ៗខាងមុខនេះ
ភ្នំពេញ៖ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងកងកម្លាំង នៃវរសេនាធំប្រឆាំងភេរវកម្ម បញ្ជាការដ្ឋានប្រតិបត្តិការពិសេស កងទ័ពហ្វីលីពីន នឹងរៀបចំលំហាត់ហ្វឹកហ្វឺនរួមគ្នាក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីលើកកម្ពស់ទំនាក់ទំនង នៃកងទ័ពទាំងពីរឱ្យកាន់តែល្អបន្ថែមទៀត។
ក្នុងជំនួបរវាងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ជាមួយគណៈប្រតិភូវរសេនាធំប្រឆាំងភេរវកម្ម នៃបញ្ជាការដ្ឋានប្រតិបត្តិការពិសេស កងទ័ពហ្វីលីពីន ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី MONICO ESTOESTA ABANG កាលពីថ្ងៃទី២៨កក្កដាម្សិលមិញនេះ ភាគីទាំងពីរបានបង្ហាញសុទិដ្ឋិនិយម ចំពោះគម្រោង នៃការរៀបចំវគ្គហ្វឹកហ្វឺនរួមគ្នារវាងកងទ័ព នៃប្រទេសទាំងពីរ ដែលអាចនឹងដំណើរការទៅដោយរលូនដោយសារកងពលតូចលេខ៧០ របស់កម្ពុជា មានទីតាំងហ្វឹកហ្វឺនល្អ រួមជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារៈបំពាក់សមស្រប សម្រាប់ហ្វឹកហ្វឺនលើជំនាញដែលបានឯកភាពគ្នា។
ក្នុងជំនួបនេះដែរ ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក បានវាយតម្លៃខ្ពស់ចំពោះការសម្រេចបាននូវលទ្ធផលជាក់ស្តែងនៃការភ្ជាប់ទំនាក់ទំនងរវាងកងពលតូចលេខ៧០ កងទ័ពជើងគោកកម្ពុជា ជាមួយនឹងបញ្ជាការដ្ឋានប្រតិបត្តិការពិសេស កងទ័ពហ្វីលីពីន ដោយបានឈានមកដល់ការរៀបចំវគ្គហ្វឹកហ្វឺនរួមគ្នា ដែលគ្រោងនឹងបើកដំណើរការក្នុងពេលឆាប់ៗខាងមុខ។ វឌ្ឍនភាពនៃទំនាក់ទំនងបែបនេះ គឺការចាប់ផ្តើមដ៏ល្អនៃការភ្ជាប់ទំនាក់ទំនងរវាងអង្គភាពថ្នាក់យុទ្ធវិធី និងអាចជាការត្រួសត្រាយផ្លូវនាំឱ្យមានវគ្គហ្វឹកហ្វឺនរួមគ្នាជាបន្តបន្ទាប់ទៀតជាលក្ខណៈប្រចាំឆ្នាំផងដែរ។
ឧត្តមសេនីយ៍ត្រី MONICO ESTOESTA ABANG បានថ្លែងអំណរគុណកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទចំពោះបដិសណ្ឋារកិច្ចស្វាគមន៍ដ៏កក់ក្តៅ និងការបង្កលក្ខណៈដល់ការបំពេញទស្សនកិច្ចការងាររបស់គណៈប្រតិភូកងទ័ពហ្វីលីពីនឱ្យសម្រេចបានជោគជ័យ។
គួររំឭកថា វគ្គហ្វឹកហ្វឺនរួមគ្នារវាងកងកម្លាំងនៃកងពលតូចលេខ៧០ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងកងកម្លាំងនៃវរសេនាធំប្រឆាំងភេរវកម្ម បញ្ជាការដ្ឋានប្រតិបត្តិការពិសេស កងទ័ពហ្វីលីពីន ដែលគ្រោងនឹងដំណើរការក្នុងពេលខាងមុខនេះ គឺផ្នែកមួយនៃការអនុវត្តទិសដៅសហប្រតិបត្តិការទ្វេភាគី ដែល ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានពិភាក្សា និងឯកភាពគ្នាកន្លងមកជាមួយ ឧត្តមសេនីយ៍ឯក Macairog Alberto និង ឧត្តមសេនីយ៍ឯក CIRILITO SOBEJA-NA អតីតមេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន ដើម្បីធ្វើយ៉ាងណាបើកច្រកឱ្យមានការភ្ជាប់ទំនាក់ទំនងរវាងអង្គភាពថ្នាក់យុទ្ធវិធី នៃកងទ័ពទាំងពីរឱ្យបានកាន់តែទូលំទូលាយ និងមានចំនួនកើនឡើង៕