រដ្ឋមន្ត្រីការបរទេស នៃបណ្ដាប្រទេសអាស៊ាន បានមកដល់កម្ពុជាជាបន្តបន្ទាប់ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការបរទេស នៃបណ្ដាប្រទេសអាស៊ាន និងប្រទេសដៃគូមួយចំនួនបានមកដល់ប្រទេសកម្ពុជាបណ្ដើរៗហើយ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីក្រសួងការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានបូក ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅក្នុងឆ្នាំ២០២២នេះ។
រដ្ឋមន្រ្តីក្រសួងការបរទេសចិន អាមេរិក កូរ៉េ ជប៉ុន កាណាដា អង់គ្លេស រុស្ស៊ី ឥណ្ឌា អូស្រ្តាលី ញូហ្សឺឡែន និងសហគមន៍អឺរ៉ុប ក៏នឹងមកចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តី ក្រសួងការបរទេសអាស៊ាន និងអាស៊ានបូក ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ សម្រាប់ឆ្នាំ២០២២នេះផងដែរ។
នៅថ្ងៃទី៣សីហាស្អែកនេះរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Antony J. Blinken នឹងមកដល់ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ៣ ដើម្បីចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីសហរដ្ឋអាមេរិក អាស៊ាន ដើម្បីចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីសហរដ្ឋអាមេរិក អាស៊ាន កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស ជាផ្នែកមួយ នៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា និងវេទិកាតំបន់អាស៊ាន ដែលលោកនឹងធ្វើការបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះមជ្ឈភាពអាស៊ាន និងការអនុវត្តប្រកបដោយជោគជ័យ នៃទស្សនវិស័យអាស៊ាន ស្តីពីតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ។ លោករដ្ឋមន្ត្រីក៏នឹងជួបទ្វេភាគីផងដែរជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងឧបនាយករដ្ឋមន្ត្រី ជារដ្ឋមន្ត្រីក្រសួងការបរទេស ឯកឧត្តម ប្រាក់ សុខុន ដើម្បីពិភាក្សាពីការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះអាស៊ាន និង កិច្ចខិតខំប្រឹងប្រែងក្នុងការពង្រឹងនូវទំនាក់ទំនង ទ្វេភាគីរបស់យើងជាមួយកម្ពុជា។
សូមជំរាបថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹង អញ្ជើញជាអធិបតីក្នុងពិធីបើកជាផ្លូវការ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំ ពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន ហើយនឹងទទួលការចូលជួបសម្តែងការគួរសមរួមគ្នាដោយរដ្ឋមន្ត្រី ការបរទេស និងអគ្គលេខាធិការអាស៊ាន។ ស្របពេលជាមួយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ រដ្ឋមន្ត្រីការបរទេស និង អគ្គលេខាធិការអាស៊ាន នឹងអញ្ជើញធ្វើជាសាក្សីការចុះហត្ថលេខាលើលិខិតុបករណ៍នៃការចូលជា សមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ (TAC) ដោយ ព្រះរាជាណាចក្រដាណឺម៉ាក, សាធារណរដ្ឋក្រិក, ព្រះរាជាណាចក្រហូឡង់, ប្រទេសអូម៉ង់, រដ្ឋកាតា និងអារ៉ាប់រួមអេមីរ៉ាត់៕