គិតត្រឹមពេលនេះ កម្ពុជាដណ្ដើមបានមេដាយសរុប ១៩គ្រឿង, មាស ៦គ្រឿង, ប្រាក់ ៧គ្រឿង, សំរឹទ្ធ ៦គ្រឿង
កម្ពុជាបានបំបែកកំណត់ត្រាក្នុងប្រវត្តិសាស្ដ្ររបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមបន្ទាប់ពីដណ្ដើមបានមេដាយច្រើនបំផុត សម្រាប់ការចូលព្រឹត្តិការណ៍កីឡាជនពិការប្រចាំតំបន់នេះ បើគិតចាប់ពីឆ្នាំ២០០១ ដែលជាឆ្នាំបង្កើកដំបូងរហូតមកទល់បច្ចុប្បន្ន។
គិតត្រឹមពេលនេះ កម្ពុជាដណ្ដើមបានមេដាយសរុប ១៩គ្រឿងរួមមានមេដាយមាស៦, ប្រាក់៧ និងសំរឹទ្ធ ៦គ្រឿង។ សមិទ្ធផលនេះបានធ្វើឲ្យកម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ដ្រលើកដំបូង ពោលគឺមិនធ្លាប់មានឆ្នាំណាដែលក្រុមអត្តពលិកជនពិការកម្ពុជា ដណ្ដើមបានមេដាយច្រើនបែបណានេះឡើយ ពិសេសមេដាយមាសដែលកម្ពុជាធ្លាប់ដណ្ដើមបានច្រើនបំផុតត្រឹម ៣គ្រឿងកាលពីអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០១៣ នៅមីយ៉ាន់ម៉ា។
ខាងក្រោមនេះជាប្រវត្តិចូលរួមប្រកួត និងដណ្ដើមមេដាយរបស់អត្តពលិកជនពិការកម្ពុជា ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម៖
- លើកទី១ ឆ្នាំ២០០១ នៅម៉ាឡេស៊ី៖ កម្ពុជាឈ្នះមេដាយមាស ១ ប្រាក់ ១ និងសំរឹទ្ធ ១ សរុប ៣
- លើកទី២ ឆ្នាំ២០០៣ នៅវៀតណាម៖ កម្ពុជាឈ្នះមេដាយមាស ១ ប្រាក់ ៥ និងសំរឹទ្ធ ៣ សរុប ៩
- លើកទី៣ ឆ្នាំ២០០៥ នៅហ្វីលីពីន៖ កម្ពុជាឈ្នះមេដាយប្រាក់ ៣ និងសំរឹទ្ធ ២ សរុប ៥
- លើកទី៤ ឆ្នាំ២០០៧ នៅថៃ៖ កម្ពុជាឈ្នះមេដាយប្រាក់ ១ សរុប ១
- លើកទី៥ ឆ្នាំ២០០៩ នៅម៉ាឡេស៊ី៖ កម្ពុជាឈ្នះមេដាយមាស ១ ប្រាក់ ២ និងសំរឹទ្ធ ៤ សរុប ៧
- លើកទី៦ ឆ្នាំ២០១១ នៅឥណ្ឌូនេស៊ី៖ កម្ពុជាឈ្នះមេដាយប្រាក់ ៥ និងសំរឹទ្ធ ២ សរុប ៧
- លើកទី៧ ឆ្នាំ២០១៣ នៅមីយ៉ាន់ម៉ា៖ កម្ពុជាឈ្នះមេដាយមាស ៣ ប្រាក់ ៤ និងសំរឹទ្ធ ២ សរុប ៩
- លើកទី៨ ឆ្នាំ២០១៥ នៅសិង្ហបុរី៖ កម្ពុជាឈ្នះមេដាយមាស ១ ប្រាក់ ២ និងសំរឹទ្ធ ៦ សរុប ៩
- លើកទី៩ ឆ្នាំ២០១៧ នៅម៉ាឡេស៊ី៖ កម្ពុជាឈ្នះមេដាយប្រាក់ ៥ និងសំរឹទ្ធ ៥ សរុប ១០
- លើកទី១០ ឆ្នាំ២០១៩ នៅហ្វីលីពីនត្រូវបានម្ចាស់ផ្ទះសម្រេចលុបចោល ព្រោះបញ្ហាកូវីដ-១៩។
ដោយឡែកការប្រកួតអាស៊ានប៉ារ៉ាហ្គេមលើកទី១១ ដែលកំពុងប្រព្រឹត្តទៅនៅឥណ្ឌូនេស៊ីពេលនេះវិញ ទោះបីកម្ពុជា បានបង្កើតកំណត់ត្រាដណ្ដើមបានមេដាយច្រើនពុំធ្លាប់មានយ៉ាងណា តែកម្ពុជានៅមានលទ្ធភាពដណ្ដើមមេដាយបន្ថែមទៀត ដ្បិតនៅសល់វិញ្ញាសាជាច្រើនត្រូវប្រកួត៕