គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    កម្ពុជានៅសល់ផ្ទៃដីរងផលប៉ះពាល់ដោយសារគ្រាប់បែកចង្កោមប្រមាណជាង ៧៤៣ គីឡូម៉ែត្រក្រឡា ក្នុងខេត្តចំនួន១៩

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២០​ |
    កម្ពុជានៅសល់ផ្ទៃដីរងផលប៉ះពាល់ដោយសារគ្រាប់បែកចង្កោមប្រមាណជាង ៧៤៣ គីឡូម៉ែត្រក្រឡា ក្នុងខេត្តចំនួន១៩ កម្ពុជានៅសល់ផ្ទៃដីរងផលប៉ះពាល់ដោយសារគ្រាប់បែកចង្កោមប្រមាណជាង ៧៤៣ គីឡូម៉ែត្រក្រឡា ក្នុងខេត្តចំនួន១៩

    រតនគិរី៖ ព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន និងលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានអញ្ជើញទស្សនកិច្ចការងារបោសសម្អាតគ្រាប់បែកចង្កោមរបស់អង្គការ MAG និងអង្គការ NPA នៅខេត្តរតនគិរី។
    ឯកឧត្តមទេសរដ្ឋមន្រ្តី និងឯកអគ្គរដ្ឋទូត បានចុះពិនិត្យ ម៉ាស៊ីនគាំទ្រប្រតិបត្តិការបោសសម្អាតគ្រាប់របស់អង្គការ MAG ដែលជាជំនួយរបស់សហរដ្ឋអាមេរិកនៅក្រុងបានលុង និងលទ្ធផលនៃការបោសសម្អាតគ្រាប់បែកចង្កោមរបស់អង្គការ NPA នៅវិទ្យាល័យត្រពាំងក្រហម ស្រុកកូនមុំ ព្រមទាំងបានមើលការប្រកួតបាល់ទាត់នារីរវាងអ្នកដោះមីន/គ្រាប់របស់អង្គការ MAG និងអង្គការ NPA ផងដែរ។

    ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងថា ផ្អែកតាមលទ្ធផលនៃការស្រាវជ្រាវ ទិន្នន័យមូលដ្ឋាន ចាប់ពីឆ្នាំ២០០៩ ដល់ខែសីហា ឆ្នាំ២០២០ ប្រទេសកម្ពុជា រងផលប៉ះពាល់ដោយសារគ្រាប់បែកចង្កោមមានផ្ទៃដីប្រមាណជាង ៨៩៤ គីឡូម៉ែត្រក្រឡា ក្នុងនោះបានបោសម្អាតរួចមានប្រមាណជាង ១៨៥ គីឡូម៉ែត្រការ៉េ និងផ្ទៃដីនៅសល់មានប្រមាណជាង ៧៤៣ គីឡូម៉ែត្រការ៉េ ទៀត។

    ឯកឧត្តមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្រសកម្មភាពមីនមនុស្សធម៌នៅកម្ពុជាដ៏សប្បុរស ដែលបានផ្តល់ដោយរដ្ឋាភិបាល និងប្រជាជនសហរដ្ឋអាមេរិក ក្នុងការរួមចំណែកកាត់បន្ថយការគម្រាមកំហែងដោយសារគ្រាប់មីន និងគ្រាប់បែកចង្កោម និងសង្រ្គោះជីវិតមនុស្សនៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩២ ក្នុងទឹកប្រាក់ប្រមាណជាង ១៦០លានដុល្លារ តាមរយៈ WRA (Weapon Removal and Abatement) និងកម្មវិធី HDR& D (Humanitarian Demining, Research and Development) ។

    ឯកឧត្តមទេសរដ្ឋមន្រ្តី បានស្នើសុំឲ្យរដ្ឋាភិបាល និងប្រជាជនសហរដ្ឋអាមេរិក បន្តជួយគាំទ្រ៖ ទី១/ បង្កើននូវកញ្ចប់ថវិការបស់ខ្លួន ក្នុងការចូលរួមលើការងារបោសសម្អាតមីននិងគ្រាប់បែកចង្កោមនៅកម្ពុជា ទី២/ ជួយកសាងសមត្ថភាពថ្នាក់ជាតិក្នុងការគ្រប់គ្រងហានិភ័យសំណល់ជាតិផ្ទុះរយៈពេលវែងក្រោយឆ្នាំ២០២៥ និងទី៣/ គាំទ្រការបង្កើតបន្ថែមក្រុមការងារបច្ចេកទេសស្រាវជ្រាវចម្ការគ្រាប់បែកចង្កោម។

    ឯកឧត្តម W. Patrick Murphy បានមានប្រសាសន៍ថា សហរដ្ឋអាមេរិក គឺជាអ្នកផ្តល់ជំនួយមនុស្សធម៌លើការងារបោសសម្អាតមីន/គ្រាប់នៅកម្ពុជាធំមួយ ក្នុងគោលដៅចូលរួមផ្តល់នូវសុខសុវត្ថិប្រភពជូនប្រជាពលរដ្ឋកម្ពុជា ហើយសហរដ្ឋអាមេរិក នឹងប្តេជ្ញាបន្តឈរជាមួយកម្ពុជាក្នុងការបញ្ចប់ការគម្រាមកំហែងដោយសារមីនអោយអស់នៅឆ្នាំ២០២៥ ស្របតាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ផងដែរ៕

    ពាក្យគន្លឹះទាក់ទង