លោកជំទាវ ឱ វណ្ណឌីន៖ ជនជាតិនីហ្សេរីយ៉ាដែលសម្រាកព្យាបាលជំងឺអុតស្វាត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យហើយ ក្រោយតេស្តអវិជ្ជមាន

ភ្នំពេញ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា ជនជាតិនីហ្សេរីយ៉ាដែលសម្រាកព្យាបាលជំងឺអុតស្វានៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នាពេលកន្លងមក ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ ហើយនៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ ដោយមានលទ្ធផលតេស្ត អវិជ្ជមានវីរុសអុតស្វា បញ្ជាក់ពីមន្ទីរពិសោធន៍ប៉ាស្ទ័រកម្ពុជានាថ្ងៃទី៥សីហាម្សិលមិញ។
លោកជំទាវវេជ្ជបណ្ឌិតបានឲ្យដឹងដែរថា បច្ចុប្បន្នបុគ្គលរូបនេះ ត្រូវបានប្រគល់ជូនអាជ្ញាធរមានសមត្ថកិច្ចរួចហើយដែរ ដើម្បីបន្តនិតិវិធីតាមផ្លូវច្បាប់ទៅតាមការចាត់ចែងរបស់សមត្ថកិច្ច។
ជាមួយគ្នានេះដែរ លោកជំទាវបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមបន្តអនុវត្តវិធានការការពារខ្លួនពីការចម្លងជំងឺអុតស្វាតាមការណែនាំក្រើនរំលឹកបន្ថែមទៀត របស់ក្រសូងសុខាភិបាល ដែលបានចេញផ្សាយពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ កន្លងមកនេះ។ និងសូមកុំភ្លេចបន្តអនុវត្តវិធានការ “៣ការពារ និង ៣កុំ និងចាក់វ៉ាក់សាំងកូវីដ-១៩” ជាពិសេសដូសជំរុញ (ទី៣, ទី៤, និងទី៥) ពេលដល់វេនលោកអ្នកឱ្យបានគ្រប់ៗគ្នា ដើម្បីសុខភាពផ្ទាល់ខ្លួនលោកអ្នក និងអ្នកជាទីស្រឡាញ់របស់លោកអ្នក។