ក្រសួងធនធានទឹក អំពាវនាវឲ្យប្រុងប្រយ័ត្នខ្ពស់ ខណៈកម្ពុជាមានភ្លៀងធ្លាក់ច្រើន អាចប្រឈមនឹងទឹកជំនន់
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវប្រជាពលរដ្ឋនៅទូទាំងប្រទេសបន្តប្រុងប្រយ័ត្នខ្ពស់ ចំពោះស្ថានភាពអាកាសធាតុ ខណៈកម្ពុជាទទួលរងឥទ្ធិពលព្យុះទី៧ ឈ្មោះ មូឡេន(MULAN) ដែលបង្កឲ្យមានភ្លៀងធ្លាក់ច្រើន ក្នុងអាងទន្លេមេគង្គ ហើយនឹងអាចប្រឈមនឹងទឹកជំនន់។
ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងថាយោងលើស្ថានភាពអាកាសធាតុដែលបាននឹងកំពុងមានការប្រែប្រួលកើតឡើងដោយសារឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបនិងវិសម្ពាធដែលនឹង ក្លាយទៅជាព្យុះទី ៧ ឈ្មោះ មូឡេន (MULAN) បណ្តាលឲ្យនៅតំបន់ផ្ទៃរងទឹកភ្លៀង នៃទន្លេមេគង្គ ក្នុងប្រទេសថៃ ឡាវ វៀតណាម និង ប្រទេសកម្ពុជា មានភ្លៀងធ្លាក់ច្រើន នៅក្នុងអាងទន្លេមេគង្គ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
– ទឹកទន្លេមេគង្គនឹងហក់ឡើងក្នុងរយៈពេលពី ៤ ទៅ ៥ ថ្ងៃខាងមុខ ជាពិសេសនៅភាគខាងលើ និងបណ្តាខេត្តនៅក្នុងតំបន់ខ្ពង់រាបនៃប្រទេស កម្ពុជា មានខេត្តស្ទឹងត្រែង ទឹកនឹងអាចឡើងដល់កម្ពស់ ៨,៥០ ម៉ែត្រ, ខេត្តក្រចេះ ទឹកនឹងអាចឡើងដល់កម្ពស់ ១៩,០០ ម៉ែត្រ និងខេត្តកំពង់ចាម ទឹកនឹងអាចឡើងដល់កម្ពស់ ១២,០០ ម៉ែត្រ ។
-ទឹកទន្លេដែលហក់ឡើងនៅពេលនេះនៅមិនទាន់ដល់កម្រិតប្រកាសឲ្យមានការប្រុងប្រយ័ត្ននៅឡើយទេតែទឹកអាចលិចតំបន់ទំនាបមួយចំនួនអម ដងទន្លេ និងហូរចូលទៅតាមបណ្តាព្រែកមួយចំនួន។
-ទឹកទន្លេនៅតំបន់ភាគឦសាន រួមមានទន្លេសេកុង ទន្លេសេសាន និងទន្លេស្រែពក ទឹកទន្លេកំពុងហក់ឡើង ដែលអាចប្រឈមនឹងទឹកជំនន់ ។