គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចក្រឡាហោម ដឹកនាំប្រជុំពិនិត្យវឌ្ឍនភាពប្រតិបត្តិការបោសសម្អាតគ្រាប់​យុទ្ធភណ្ឌ​មិនទាន់ផ្ទុះក្រោមទឹក និងស្រង់នាវាលិចក្នុងបាតទន្លេ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី១០ ខែសីហា ឆ្នាំ២០២២​ |
    សម្ដេចក្រឡាហោម ដឹកនាំប្រជុំពិនិត្យវឌ្ឍនភាពប្រតិបត្តិការបោសសម្អាតគ្រាប់​យុទ្ធភណ្ឌ​មិនទាន់ផ្ទុះក្រោមទឹក និងស្រង់នាវាលិចក្នុងបាតទន្លេ សម្ដេចក្រឡាហោម ដឹកនាំប្រជុំពិនិត្យវឌ្ឍនភាពប្រតិបត្តិការបោសសម្អាតគ្រាប់​យុទ្ធភណ្ឌ​មិនទាន់ផ្ទុះក្រោមទឹក និងស្រង់នាវាលិចក្នុងបាតទន្លេ

    ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ១៣កើត ខែស្រាពណ៌ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញ​ដឹកនាំកិច្ចប្រជុំ ដឹកនាំពិនិត្យ​វឌ្ឍនភាព​កិច្ច​ប្រតិបត្តិការ​បោស​សម្អាត​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះក្រោមទឹក និងស្រង់នាវាលិចក្នុងបាតទន្លេ នៅទីស្ដីការក្រសួងមហាផ្ទៃ។

     

    កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ និងជាប្រធាន​ក្រុម​ការងារ​អន្តរក្រសួងដើម្បីចុះសិក្សា និងដោះស្រាយ​ករណី​ឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ក្នុង​នាវា​លិចក្នុងទន្លេ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកស៊ីម៉ាក់(CMAC ថ្នាក់ដឹកនាំ និងមន្រ្តី​ពាក់ព័ន្ធ​មួយ​ចំនួនទៀត។

    ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាង បានធ្វើរបាយការណ៍ឱ្យដឹងថាគិតមកដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២នេះ ក្រុមការងារបាន​ស្រង់គ្រាប់​យុទ្ធភណ្ឌ​ក្រោម​ទឹក​បាន​ជាង​១​ពាន់​គ្រាប់​ហើយ ​ស្មើនឹងជាង១៧តោន។ ទន្ទឹមគ្នានេះ ឯកឧត្តមបន្តថា មន្រ្តីក្រុម​ការងារ​ទាំង​អស់​បាន​ខិតខំ​ពុះពា​រ​រាល់​ការលំបាក និងហ៊ានពលិកម្មគ្រប់បែបយ៉ាង ដើម្បីបំពេញ​បេសក​កម្ម​តាម​បទ​បញ្ជា​រាជរដ្ឋាភិបាល ទោះបីជាមិនទាន់មានកញ្ចប់ថវិកាដើម្បីគាំទ្រកិច្ចប្រតិបត្តិការនេះក៏ដោយ។

    ពាក់ព័ន្ធនឹងការងារបច្ចេកទេសនៃកិច្ចប្រតិបត្តិការស្រង់គ្រាប់យុទ្ធភណ្ឌក្រោមទឹកនេះដែរ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកស៊ីម៉ាក់(CMAC បានធ្វើ​បទ​បង្ហាញ​ជូន​សម្ដេចក្រឡាហោម និងអង្គប្រជុំ អំពីសកម្មភាពនៃកិច្ចប្រតិបត្តិការ លទ្ធផល និងបញ្ហា​ប្រឈម​នៃកិច្ចប្រតិបត្តិការ ព្រមទាំងអត្ថប្រយោជន៍ ទាំងលើទិដ្ឋភាពបច្ចេកទេស ច្បាប់ និង​នយោបាយ នៃកិច្ចប្រតិបត្តិការស្រង់គ្រាប់យុទ្ធភណ្ឌក្រោមទឹករបស់រាជរដ្ឋាភិបាល ដែលបាន​និង​កំពុង​អនុវត្តយ៉ាងសកម្មនាពេលនេះ។

    នាឱកាសនោះដែរ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានធ្វើរបាយការណ៍​ជូន​អង្គ​ប្រជុំ​អំពីភារកិច្ចសំខាន់ៗមួយចំនួនរបស់ក្រសួងរ៉ែ និងថាមពល ពាក់ព័ន្ធនឹង​កិច្ច​ប្រតិបត្តិការ​នេះ ក្នុងនោះរួមទាំងទិដ្ឋភាពបច្ចេកទេស និងច្បាប់ក្នុងការងារបូមខ្សាច់នៅតំបន់ប្រតិបត្តិការ។ ឯកឧត្តម បានឱ្យដឹងថានៅក្នុងការដ្ឋានទី៥នេះ ក្រសួងរ៉ែ និងថាមពល បាន​សម្រប​សម្រួល​ដំណើរ​ការបូមខ្សាច់ចេញបានប្រមាណជាង៥រយ៨ពាន់ម៉ែត្រត្រីគុណ។

    សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានគូស​បញ្ជាក់​ថា​រាជ​រដ្ឋាភិបាល បាន​ដាក់​គោល​ដៅ​បោស​សម្អាត​គ្រាប់​យុទ្ធភណ្ឌ​ក្រោម​ទឹក​ដែល​បន្សល់​ពី​សម័យ​សង្គ្រាម​ឱ្យ​អស់ដើម្បីសុវត្ថិភាពប្រជាពលរដ្ឋ និងសម្រួលដល់ដំណើរនាវាចរណ៍ រួមទាំង​ការងារ​ផ្សេងៗ​ទៀតពាក់ព័ន្ធនឹងទន្លេ។ សម្ដេច បានវាយតម្លៃខ្ពស់ ចំពោះការងារ​ដែល​បាន​ខិតខំ​ធ្វើ​ពលិកម្ម បោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក និងស្រង់​នាវា​លិច​ក្នុង​បាត​ទន្លេ​បាន​ជា​បន្ត​បន្ទាប់ ទោះបីជាមានឧបសគ្គខ្លះក៏ដោយ។

    នាឱកាស​នោះដែរ សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី បានបន្តលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំ និងក្រុមការងារប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌក្រោមទឹកបន្តការបំពេញបេសកម្មឱ្យទទួលបានជោគជ័យ។ ជាមួយគ្នានេះ សម្ដេចក៏បានមានប្រសាសន៍ដែរថា ចំពោះបញ្ហាប្រឈម​មួយ​ចំនួន​ដែល​ក្រុមការងារបានលើកឡើងក្នុងកិច្ចប្រជុំពាក់ព័ន្ធនឹងកិច្ចប្រតិបត្តិការនោះ សម្ដេចរួមទាំងថ្នាក់ដឹកនាំនឹងខិតខំជំរុញការដោះស្រាយដើម្បីធានាគាំទ្រដំណើរការប្រតិបត្តិការរបស់ក្រុមការងារឱ្យប្រព្រឹត្តិទៅដោយរលូនផងដែរ ៕

     

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង