គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ភាពតានតឹងរវាងចិននិងអាមេរិក គឺជាពេលវេលា សម្រាប់ការ​គិតគូរ​ឡើងវិញ​​អំពី​សណ្តាប់​ធ្នាប់​របស់​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី១០ ខែសីហា ឆ្នាំ២០២២​ |
    ភាពតានតឹងរវាងចិននិងអាមេរិក គឺជាពេលវេលា សម្រាប់ការ​គិតគូរ​ឡើងវិញ​​អំពី​សណ្តាប់​ធ្នាប់​របស់​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក ភាពតានតឹងរវាងចិននិងអាមេរិក គឺជាពេលវេលា សម្រាប់ការ​គិតគូរ​ឡើងវិញ​​អំពី​សណ្តាប់​ធ្នាប់​របស់​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក

    ទំនាក់ទំនងចិន-អាមេរិក និងភូមិសាស្ត្រនយោបាយរបស់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក គឺ​ស្ថិត​ក្នុង​ដំណាក់​កាល​នៃការគិតគូរឡើងវិញ។ ខណៈពេល​ដែល​ការ​ប្រកួត​ប្រជែង​អំណាច​ថ្មី​មួយបាន​និង​កំពុង​ផ្ទុះ​ឡើងរវាងអាមេរិកនិងចិន ភាពមិនប្រាកដប្រជាជាច្រើនក៏បានលេចរូបរាងឡើងផងដែរ។

    តើវានឹងមានលក្ខណៈស្រដៀងគ្នាទៅនឹងសង្រ្គាមត្រជាក់នៃសតវត្សរ៍ចុងក្រោយរវាងសហរដ្ឋអាមេរិក និងសហភាពសូវៀតដែរឬទេ? តើទីតាំងភូមិសាស្ត្រនយោបាយសំខាន់ៗនៅទូទាំងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក បូករួមទាំងច្រកសមុទ្រតៃវ៉ាន់ អាចក្លាយជាសមរភូមិប្រយុទ្ធគ្នារវាងសហរដ្ឋអាមេរិក និងចិនដែរឬទេ?

    បន្ទាប់ពីការសន្ទនាតាមទូរសព្ទរវាងប្រធានាធិបតី Joe Biden និងសមភាគីចិន លោក Xi Jinping ដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងរាស្រ្តអាមេរិក Nancy Pelosi ទៅកាន់កោះតៃវ៉ាន់ បានបង្កឱ្យមានការដាក់ចេញនូវវិធានការតបតពីប្រទេសចិន ហើយភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយរវាងអាមេរិកនិងចិនក៏បានផ្ទុះឡើងម្តងទៀត។

    តើបញ្ហានេះនឹងមានអត្ថន័យយ៉ាងដូចម្តេចសម្រាប់អ្នកពាក់ព័ន្ធផ្សេងៗទៀតនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលសេរី បើកចំហ ប្រកបដោយបរិយាប័ន្ន និងដែលពឹងផ្អែកលើច្បាប់ដូចជាប្រទេសឥណ្ឌាជាដើម? ការនិយាយគ្នាតាមទូរសព្ទរយៈពេលជិត ២ ម៉ោង និង ២០ នាទីរវាងលោក Biden និងលោក Xi Jinping គឺជាការហៅទូរសព្ទលើកទី ៥ បើគិតចាប់តាំងពីការផ្លាស់ប្តូររដ្ឋបាលអាមេរិកកាលពីឆ្នាំមុន។

    ការសន្ទនានេះបានគ្របដណ្តប់លើបញ្ហាជាច្រើន ក៏ប៉ុន្តែបញ្ហាមួយដែលបានទាក់ទាញចំណាប់អារម្មណ៍ខ្លាំងគឺ «កោះតៃវ៉ាន់»។ បើទោះបីជាកំពុងកើតមានវិបត្តិនៅអ៊ុយក្រែនដែលបានបង្កផលប៉ះពាល់ដល់សណ្តាប់ធ្នាប់សន្តិសុខរបស់អឺរ៉ុប និងបាននាំយកមកវិញនូវការគំរាមកំហែងរបស់រុស្ស៊ីក៏ដោយ ក៏ការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយដ៏ទូលំទូលាយរវាងអាមេរិកនិងចិននៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក នៅតែជាចំណុចស្នូលដែលអាចនាំមកនូវសណ្តាប់ធ្នាប់ពិភពលោកថ្មី។

    ការហៅទូរសព្ទបែបនេះ មិនមែនជារឿងថ្មីនោះទេនៅក្នុងទំនាក់ទំនងរវាងប្រទេសមហាអំណាច។ ខ្សែទូរសព្ទទាន់ហេតុការណ៍ផ្សេងៗត្រូវបានបង្កើតឡើងក្នុងអំឡុងសង្គ្រាមត្រជាក់ នៅពេលកើតមានភាពមិនប្រាកដប្រជាជាច្រើននៅក្នុងទំនាក់ទំនងរវាងសហភាពសូវៀត និងសហរដ្ឋអាមេរិក។ ការទំនាក់ទំនងគ្នាតាមទូរសព្ទជាលើកដំបូងរវាងសហរដ្ឋអាមេរិកនិងចិន ត្រូវបានចាប់ផ្តើមនៅក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី Bill Clinton ក្នុងឆ្នាំ ១៩៩៨។

    ឥរិយាបទឈ្លានពានរបស់ចិននៅទូទាំងដែនដី និងសមុទ្រនៃតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក បូករួមនឹងការដែលអាមេរិកងាកទៅរកដៃគូដែលមានចិត្តគំនិតដូចគ្នាតាមរយៈការបង្កើតក្រុម Quad និងវេទិកាផ្សេងៗទៀត កំពុងកែប្រែលក្ខខណ្ឌមិត្តភាពនិងកិច្ចសហប្រតិបត្តិការសម្រាប់សណ្តាប់ធ្នាប់របស់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

    ដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi បានបង្កនូវផលប៉ះពាល់យ៉ាងខ្លាំង ដោយក្នុងនោះវាបានបង្កើនសកម្មភាពយោធារបស់ចិននៅទូទាំងច្រកសមុទ្រតៃវ៉ាន់ ដែលរួមមានទាំងការបញ្ជូនយន្តហោះចំនួន ២១ គ្រឿង ទៅកាន់តំបន់ការពារដែនអាកាសរបស់តៃវ៉ាន់, ការរំកិលរថក្រោះទៅកាន់ឆ្នេរសមុទ្រ Fujian ការដាក់ពង្រាយរថយន្តកងទ័ពរំដោះប្រជាជនចិន (PLA) ទៅកាន់កោះ Pintang និងការគំរាមកំហែងធ្វើសមយុទ្ធយោធាដោយបាញ់គ្រាប់ពិត នៅក្នុងតំបន់ដែលត្រូវបានចាត់ទុកជាដែនទឹករបស់កោះតៃវ៉ាន់។

    ដំណើរទស្សនកិច្ចនេះក៏បានឆ្លុះបញ្ចាំងអំពីភាពព្រហើនរបស់អាមេរិកក្នុងការមិនអើពើចំពោះការលើកឡើង របស់លោក Xi ដែលថា «អ្នកណាលេងភ្លើង អ្នកនោះនឹងត្រូវភ្លើងឆេះ»។ កាលពីពេលថ្មីៗនេះ នៅចំពេលកើតមានភាពតានតឹងកាន់តែខ្លាំងជុំវិញបញ្ហាកោះតៃវ៉ាន់ សហរដ្ឋអាមេរិកបានបញ្ជូននាវាដឹកយន្តហោះមួយ «USS Ronald Reagan» និងក្រុមវាយប្រហាររបស់ខ្លួនពីប្រទេសសិង្ហបុរីឆ្ពោះទៅកោះតៃវ៉ាន់។

    ជាការឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi ប្រទេសចិនបានបញ្ឈប់ការចូលរួមជាមួយសហរដ្ឋអាមេរិកលើបញ្ហាជាច្រើន បូករួមទាំងបញ្ហាស្តីពីការប្រែប្រួលអាកាសធាតុ និងកិច្ចសន្ទនារវាងយោធានៃប្រទេសទាំងពីរ។ លោកស្រី Pelosi គឺជាបុគ្គលដែលកាន់តំណែងដ៏សំខាន់មួយនៅក្នុងរចនាសម្ព័ន្ធនយោបាយរបស់សហរដ្ឋអាមេរិក ក៏ប៉ុន្តែលោកស្រីមិនមែនជាសមាជិកនៃសាខាប្រតិបត្តិដែលគ្រប់គ្រងលើគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកនោះទេ។

    ទោះបីជាអាមេរិកនៅបន្តរក្សាភាពមិនច្បាស់លាស់ជាយុទ្ធសាស្ត្រចំពោះកោះតៃវ៉ាន់ ហើយបើទោះបីជាមានរបាយការណ៍ដែលបានលើកឡើងអំពីការខ្វែងគំនិតគ្នារវាងលោក Biden និងលោកស្រី Pelosi ជុំវិញដំណើរទស្សនកិច្ចរយៈពេលខ្លីក៏ដោយ ក៏ចិននៅតែមានការយល់ឃើញផ្ទាល់ខ្លួនអំពីសញ្ញាយុទ្ធសាស្ត្រនេះ និងបានបង្កើនសម្ពាធនៅច្រកសមុទ្រតៃវ៉ាន់។

    ការរក្សាវត្តមានយោធានៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកគឺជារឿងដ៏លេចធ្លោមួយនៅក្នុងសណ្តាប់ធ្នាប់សន្តិសុខនៅក្រោយសង្គ្រាមលោកលើកទី២ ក្រោមការដឹកនាំរបស់សហរដ្ឋអាមេរិក។ ឥឡូវនេះ នៅពេលដែលសណ្តាប់ធ្នាប់ចាស់កំពុងបាត់បង់ឥទ្ធិពល សណ្តាប់ធ្នាប់ថ្មីកំពុងលេចរូបរាងឡើង ហើយភាពមិនប្រាកដប្រជានៅក្នុងអាកប្បកិរិយាជាយុទ្ធសាស្ត្រក៏បានបង្ហាញវត្តមានឡើងផងដែរ។

    ភាពតានតឹងដែលកំពុងកើនឡើងបានឆ្លុះបញ្ចាំងអំពីភាពច្របូកច្របល់នៅក្នុងស្រុក និងភាពងាយរងគ្រោះរបស់មហាអំណាចដ៏មានឥទ្ធិពល។ ខណៈពេលដែលរដ្ឋបាល Biden នឹងត្រូវប្រឈមមុខនឹងបញ្ហាស្មុគស្មាញក្នុងការបង្កើតនូវគោលនយោបាយ ដោយសារតែការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិនៅពេលខាងមុខ ប្រទេសចិនក៏នឹងត្រូវរៀបចំសមាជបក្សលើកទី ២០ នៅរដូវស្លឹកឈើជ្រុះនេះផងដែរ ដែលនៅពេលនោះ លោក Xi អាចនឹងបង្កើនការរឹតបន្តឹងការក្តោបក្តាប់អំណាចនៅក្នុងប្រទេសចិន។

    នៅពេលដែលការប្រឈមមុខដាក់គ្នារវាងចិននិងអាមេរិកកំពុងមានការកើនឡើងជុំវិញបញ្ហាកោះតៃវ៉ាន់ និងតំបន់ភូមិសាស្ត្រនយោបាយផ្សេងៗទៀត ដូចជានៅសមុទ្រចិនខាងត្បូង តួអង្គសំខាន់ៗនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដូចជាឥណ្ឌាជាដើម នឹងត្រូវគិតគូរឱ្យបានហ្មត់ចត់ និងឆាប់រហ័សជាងមុន អំពីឱកាស និងភាពងាយរងគ្រោះរបស់ពួកគេ។

    ទោះបីជាមានទំនោរគាំទ្រសហរដ្ឋអាមេរិកក៏ដោយ ក៏ឥណ្ឌាតែងតែមានបំណងចង់ឃើញតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកមានលក្ខណៈជាពហុប៉ូល ដោយគ្មានការគ្រប់គ្រងដោយមហាអំណាចណាមួយ។ ប៉ុន្តែ ការរក្សាតុល្យភាពអំណាចរវាងសហរដ្ឋអាមេរិកនិងចិន មិនមែនជារឿងងាយស្រួលនោះទេសម្រាប់ឥណ្ឌា។ នៅក្នុងវិបត្តិដូចជានៅអ៊ុយក្រែន ប្រទេសឥណ្ឌាបានប្រឈមមុខនឹងបញ្ហាលំបាកក្នុងការរក្សាអព្យាក្រឹតភាពរបស់ខ្លួន ទន្ទឹមនឹងការបន្តចូលរួមទាំងជាមួយរុស្ស៊ីនិងអាមេរិក។

    បញ្ហាដែលកំពុងកើតឡើងអាចនាំមកនូវការដួលរលំនៃតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលមានលក្ខណៈពហុប៉ូល (បើទោះបីជាពហុប៉ូលនេះនៅមិនទាន់បានលេចចេញជារូបរាងក៏ដោយ)។ ជាងនេះទៅទៀត ការប្រកួតរវាងមហាអំណាចទាំងពីរនៅពេលនេះ នឹងបង្ហាញឱ្យឃើញនូវទិដ្ឋភាពភូមិសាស្ត្រនយោបាយដែលស្មុគស្មាញខ្លាំងជាងក្នុងអំឡុងសង្គ្រាមត្រជាក់។

    ប្រទេសចិនដែលជាមហាអំណាចជិតខាង និងជាប្រទេសដែលកំពុងមានជម្លោះព្រំដែនដែលនៅមិនទាន់បានដោះស្រាយជាមួយឥណ្ឌា អាចនឹងបង្កើនការឈ្លានពានកាន់តែខ្លាំង បើទោះបីជាមានការប្តេជ្ញាចិត្តចំពោះការរក្សាសន្តិភាពក៏ដោយ។ សេណារីយ៉ូបែបនេះនឹងក្លាយជាការធ្វើតេស្តសាកល្បងលើយន្តការការទូតរបស់ភាគីពាក់ព័ន្ធនានាដូចជាឥណ្ឌាជាដើម ដែលមិនចង់ធ្វើជាសម្ព័ន្ធមិត្តសន្ធិសញ្ញារបស់សហរដ្ឋអាមេរិក ហើយក៏មិនចង់ប្រឈមមុខជាមួយប្រទេសចិនដោយផ្ទាល់ដែរ៕

    The Diplomat

     

    ពាក្យគន្លឹះទាក់ទង