គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    លិខិតមិត្តអ្នកអាន៖ «ប្រាប់កុំឲ្យបំពានច្បាប់ ចោទថាគេលាបពណ៌

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី១២ ខែសីហា ឆ្នាំ២០២២​ |
    លិខិតមិត្តអ្នកអាន៖ «ប្រាប់កុំឲ្យបំពានច្បាប់ ចោទថាគេលាបពណ៌ លិខិតមិត្តអ្នកអាន៖ «ប្រាប់កុំឲ្យបំពានច្បាប់ ចោទថាគេលាបពណ៌

    មាន​សហជីព​មួយ​ក្រុម​បាន​ប្រមូល​ផ្តុំគ្នា​ទាមទារ ឲ្យ​ក្រសួង​ការងារ​បញ្ឈប់​ការ​លាបពណ៌​សហជីព​ពាក់ព័ន្ធ​នឹង​បញ្ហា​ណាហ្គាវើលដ៍។  ហេតុផល​ដែលសហជីព​ទាំងនោះបាន​អះអាងថា ក្រសួងការងារ​លាបពណ៌​ដល់ពួកគេ ពិតជាគួរឲ្យ​អស់​សំណើច​ពី​ព្រោះ​ក្រសួង​ការងារ​បាន​ប្រាប់​ឲ្យ​មេ​សហជីព​ម្នាក់​ឈ្មោះ យ៉ាង សោភ័ណ ដែលមិនពាក់ព័ន្ធ​នឹង​ណាហ្គាវើលដ៍​សោះ​នោះ​ឲ្យ​បញ្ឈប់​សកម្មភាព​ញុះញង់​កម្មករ​ណាហ្គាវើលដ៍​ឲ្យ​តវ៉ាខុសច្បាប់តទៅទៀត។

    មូលហេតុ​ដែល​ក្រសួង​ត្រូវ​បានណែនាំ​យ៉ាង​ដូច្នេះ​ពីព្រោះតែ​មេសហជីពរូបនេះ​ដែលធ្វើការ​នៅកន្លែង​ផ្សេងសោះ​ស្រាប់តែចូលខ្លួន​មកដឹកនាំ​អតីត​បុគ្គលិក​ណាហ្គាវើលដ៍​ឱ្យធ្វើសកម្មភាព​អនាធិបតេយ្យ​តាម​ដងផ្លូវសាធារណៈ ហើយប្រើហិង្សាលើអាជ្ញាធរមានសមត្ថកិច្ចថែមទៀត។ សកម្មភាព​របស់ យ៉ាង សោភ័ណ ដែលមកបញ្ជា​អតីត​បុគ្គលិក​ណាហ្គាវើលដ៍​ឲ្យ​បំពាន​បម្រាម​អាជ្ញាធរ​ត្រូវ​បានគេមើលឃើញ យ៉ាងច្បាស់ក្រឡែត។

    ក្រសួងការងារក្នុងនាមអ្នកសម្របសម្រួលដោះស្រាយវិវាទការងារ បានព្យាយាម​ម្តងហើយ​ម្តងទៀត​អស់រយៈពេលជាច្រើនខែមកហើយដើម្បីដោះស្រាយបញ្ចប់វិវាទមួយនេះ ប៉ុន្តែបញ្ហា​នៅមិនទាន់អាចបញ្ចប់បាននោះឡើយដោយសារតែមានមេដឹកនាំសហជីពដែលមិនយល់ច្បាប់ចាំញុះញង់ពីក្រោយខ្នង។

    បញ្ហានេះពិតជាងាយយល់ណាស់៖ តើមានច្បាប់ណាចាប់បង្ខំឲ្យថៅកែត្រូវយកបុគ្គលិក​ដែល​គេ​មិន​ពេញ​ចិត្ត ឬដែលគេបញ្ឈប់ពីការងារ ដោយមូលហេតុណាមួយដូចជាមូលហេតុកូវីដ-១៩ ជាដើម​នោះឲ្យចូលធ្វើការវិញ? បើគ្មានច្បាប់បែបនេះទេ តើក្រសួងការងារ ឬ សហជីពមានសិទ្ធិអ្វី​ទៅបង្ខំថៅកែ​ឲ្យយកអតីតបុគ្គលិកណាហ្គាវើលដ៏ទាំងនោះវិញ? នេះជាចម្លើយដ៏ច្បាស់លាស់​ចំពោះ​សំណួររបស់ យ៉ាង សោភ័ណ ដែលសួរថា តើខ្លួនធ្វើខុសត្រង់ណា? «គឺខុសត្រង់ច្បាប់​មិន​បាន​ចែង​អំពីការចាប់បង្ខំឲ្យថៅកែយកបុគ្គលិកដែលគេមិនត្រូវការឲ្យចូលធ្វើការឡើយ» តែ​ខ្លួន​ឯង​នៅ​តែ​ល្ងង់តវ៉ាដោយគ្មានមូលដ្ឋានច្បាប់ទាល់តែសោះ។

    ខុសមួយទៀតគឺការញុះញង់ឲ្យប្រើហិង្សាប្រឆាំងអាជ្ញាធរសាធារណៈ។ ជាក់ស្តែង ថ្ងៃនេះ​ក៏​ដូច​លើក​មុនៗដែរ ក្រុមអតីតបុគ្គលិក​ណាហ្គាវើលដ៏​មួយ​ក្តាប់តូ​ច​នេះ​បាន​បំពាន​យ៉ាងកំរោល​ទៅ​លើ​អាជ្ញាធរ​មានសមត្ថកិច្ចដោយបានបុកទម្លាយបារ៉ាស់របស់សមត្ថកិច្ចដល់ទៅពីរ។ ប៉ុន្តែ សមត្ថកិច្ច​នៅ​​តែបន្តនូវការអត់ធ្មត់ខ្ពស់។

    ក្នុងករណីណាហ្គាវើលដ៏នេះ ដំណោះស្រាយមានតែការត្រួតពិនិត្យយ៉ាងដិតដល់​អំពី​សំណង​ដែល​ត្រូវ​ផ្តល់​ជូនបុគ្គលិក ដែលត្រូវគេបញ្ឈប់ទាំងនោះដើម្បីធានាថា ក្រុមហ៊ុន​ពិត​ជា​បាន​គោរព​តាម​ច្បាប់​កា​រងារមែន។

    ត្រង់ចំណុចនេះ ក្រសួងការងារបានបញ្ជាក់ជារឿយៗថា ក្រុមហ៊ុន​ណាហ្គាវើលដ៏​ពិត​ជា​បាន​ផ្តល់​សំណង​ត្រឹម​ត្រូវតាមច្បាប់ការងារគ្រប់ប្រការទាំងអស់។ ប៉ុន្តែផ្ទុយទៅវិញ គេក៍មិនដែលបានឃើញ រឺ​បាន​លឺសហជីពនិយាយអំពីបញ្ហាសំណងនេះសោះ ខណៈ​ដែល​ក្រុមហ៊ុន​ពិត​ជា​បា​ន​គោរព​តាម​គោលការណ៍​ច្បាប់យ៉ាងត្រឹមត្រូវ។

    ដូច្នេះ តើហេតុអ្វីបានជាមេសហជីពអស់សុពលភាពឈ្មោះ ឈឹម ស៊ីថរ នៅតែដឹកនាំ​អតីត​បុគ្គលិក​មួយក្តាប់តូចនេះធ្វើបាតុកម្ម ហើយមិនព្រមទទួលយកសំណង?

    មិនត្រឹមតែ​ដឹកនាំធ្វើបាតុកម្មខ្លួនឯងតែប៉ុណ្ណោះទេ ថែមទាំង បានទៅទៅកៀរគរ​គ្នី​គ្នា​មក​ជួយ​ស្រែក ជួយ​ខ្សឹប ជួយស៊ីញ៉ូភ្នែកឲ្យបាតុករបំពានបម្រាមអាជ្ញាធរថែមទៀត។ ក្រសួង​ការងារ​បាន​មើល​ឃើញ​សកម្មភាពជ្រុលនិយមនិងខុសឆ្គងរបស់សហជីពទាំងនោះ ហើយបានណែនាំ​ឲ្យ​បញ្ឈប់​ជាបន្ទាន់។ ប៉ុន្តែ សហជីពមិនស្គាល់ច្បាប់ទាំងនោះបែរជាស្រែកថា ក្រសួងការងារ​លាប​ពណ៌​ទៅវិញ។

    ចុះធ្វើមេសហជីពយ៉ាងដូចម្តេចបើមិនស្គាល់ច្បាប់ការងារផង? ច្បាប់បាន​ចែង​អំពី​ការ​ផ្តល់​សំណង​នៅ​ពេលថៅកែបញ្ឈប់បុគ្គលិកកម្មករ ! ចុះហេតុអ្វីបានជាគេសង​ហើយមិនព្រមទទួល​សំណង​ហើយ​នៅ​តែ​តវ៉ាសុំចូលធ្វើការវិញ? និយាយតាមបែបឡូហ្សិក បើសិនជាថៅកែ​ត្រូវ​ការ​ពួកគេ​ឲ្យ​នៅ​ធ្វើការ ម៉្លេះគេមិនបញ្ឈប់ពីការងារទេ។ នៅក្នុងពិភពលោកយើងនេះ គ្មានអ្នកជំនួញ​ឯណា​ដែល​មិន​ស្រឡាញ់ និងមិនប្រាថ្នាចង់បានបុគ្គលិកល្អៗមកធ្វើការនោះទេ? តែក៏គ្មានថៅ​កែ​ណាប្រាថ្នាចង់បានបុគ្គលិកដែលបើកប្រាក់ខែហើយមិនធ្វើការ និងចាំតែបង្កបញ្ហានោះដែរ។

    សរុបមកកវិញ អតីតបុគ្គលិកណាហ្គាវើលដ៏ភាគច្រើនបានយល់អស់ហើយអំពីគោលការណ៍ច្បាប់ ហើយសុខចិត្តទទួលយកសំណងជាបន្តបន្ទាប់។ នៅសល់តែអតីតបុគ្គលិកមួយ​ក្តាប់តូច​ដែល​នៅបន្ត​ការ​តវ៉ាខុសច្បាប់ក្រោមការញុះញង់របស់សហជីពមួយចំនួន និងដោយមានការគាំទ្រ និងលើកទឹកចិត្តពីក្រោយឆាកពីពួកបរទេសដើម្បីបំរើរបៀបវារៈនយោបាយ និងភូមិសាស្ត្រ​នយោបាយ។ ទោះជាយ៉ាងណា អាជ្ញាធរមានសមត្ថកិច្ច នៅតែខំអត់ធ្មត់ដល់កម្រិតខ្ពស់បំផុត ។ ចំណែកឯ ក្រសួងការងារឯណោះវិញថែមទាំងបានសន្យា សម្របសម្រួលជួយស្វែង​រក​ការងារ​ថ្មី​ជូន​អតីតបុគ្គលិកទាំងនោះថែមទៀតផង។

    ដូច្នេះ ដល់ពេលហើយ ដែលមេសហជីពទាំងនោះត្រូវភ្ញាក់ខ្លួន ហើយ​ស្វែង​យល់​អំពី​ច្បាប់​ការងារ​ឲ្យ​បាន​ច្បាស់លាស់ដើម្បីកុំឲ្យបន្តដឹកនាំបុគ្គលិកនិយោជិតធ្វើការតវ៉ាដោយខុសច្បាប់តទៅទៀត។ ដល់ពេលហើយដែលអតីតបុគ្គលិកណាហ្គាវើលដ៏ត្រូវដកខ្លួនចេញពីអ្នកចិញ្ចឹមបាតុកម្មខុសច្បាប់ទាំងនោះ ហើយវិលទៅទទួលយកសំណង និងទៅរកការងារថ្មីដើម្បីជីវភាពខ្លួននិងក្រុមគ្រួសារ ។ ដល់ពេលហើយដែលអាជ្ញាធរមានសមត្ថកិច្ចគួរពិចារណាអំពីវិធានការផ្លូវច្បាប់ចំពោះអ្នកប្រព្រឹត្តខុសច្បាប់។ ដល់ពេលហើយដែលអង្គការសមាគមទាំងឡាយគប្បីបញ្ឈប់សកម្មភាពការពារផលប្រយោជន៍សួនតួរបស់ខ្លួននិងបក្ខពួកខ្លួនតទៅទៀត ពីព្រោះ សកម្មភាព​បែប​នេះមិនត្រឹមត្រូវនោះទេ ហើយ​ពួក​គេ​ក៏​គួរគប្បីយល់ឱ្យបានច្បាស់ថា ការព្រមាន​ឲ្យបញ្ឈប់​សកម្មភាព​មិន​ត្រឹមត្រូវ​ណាមួយ​ដែលនាំ​ដល់​ការបំពានច្បាប់ គឺមិនមែនជាការលាបពណ៌នោះទេ តែជាការ​ប្រាប់ និង​ដាស់​តឿនឲ្យ​ដឹង​ខ្លួន​មុន​នឹងវិធានការច្បាប់ត្រូវបានប្រកាន់យក៕

    ដោយ : អ្នកនយោបាយតុកាហ្វេ

     

    អត្ថបទទាក់ទង