គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ពិធីបុណ្យខួបគម្រប់១០០ថ្ងៃ ឧទ្ទិសចំពោះវិញ្ញាណក្ខន្ធសម្តេចឧត្តមទេពញាណ ហ៊ុន ណេង

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី១២ ខែសីហា ឆ្នាំ២០២២​ |
    ពិធីបុណ្យខួបគម្រប់១០០ថ្ងៃ ឧទ្ទិសចំពោះវិញ្ញាណក្ខន្ធសម្តេចឧត្តមទេពញាណ ហ៊ុន ណេង ពិធីបុណ្យខួបគម្រប់១០០ថ្ងៃ ឧទ្ទិសចំពោះវិញ្ញាណក្ខន្ធសម្តេចឧត្តមទេពញាណ ហ៊ុន ណេង

    ពិធីបុណ្យទក្ខិណានុបទានគម្រប់ខួប ១០០ថ្ងៃ ឧទ្ទិសកុសលជូនដល់ដួងវិញញញាណក្ខន្ធ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ប្រារព្ធឡើងនៅ១៤កើត ១៥កើត ខែស្រាពណ៍ ត្រូវនឹងថ្ងៃទី១១ និងទី១២ ខែសីហា ឆ្នាំ២០២២។

    នៅព្រឹកថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ លោកជំទាវ លាង វួចឆេង ហ៊ុនណេង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបាសក ហ៊ុន ស៊ាងហេង លោកជំទាវ ហ៊ុន គឹមឡេង និងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អ្នកឧកញ៉ា ហ៊ុន តូ និងលោកជំទាវ លោកស្រី ហ៊ុន ចាន់ធូ និងស្វាមី លោកស្រី ហ៊ុន ចាន់ថា និងស្វាមី លោក ហ៊ុន តុលា និងភរិយា ត្រូវជាភរិយា ប្អូនបង្កើត ប្អូនថ្លែ កូនបង្កើត កូនប្រសារ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង បានមូលមតិគ្នាជាឯកច្ឆ័ន្ទប្រារព្វពិធីរាប់បាតព្រះសង្ឈចំនួន ៧២អង្គ ដើម្បីឧទ្ទិសកុសលជូនដល់ដួងវិញ្ញណក្ខន្ធ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលបានធ្វើកម្មកិរិយាមរណភាពលាចាកលោកយើងនេះ ទៅកាន់លោកខាងមុខ ក្នុងជន្មាយុ៧២ឆ្នាំ។

    សូមរម្លឹកថា ភ្លាមៗបន្ទាប់ពីទទួលមរណភាព ព្រះករុណាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ​កម្ពុជា បានត្រាស់បង្គាប់ផ្តល់គោរមងារជូនដល់ឯកឧត្តមហ៊ុន ណេង ជា«សម្តេច ឧត្តមទេពញាណ ហ៊ុន ណេង»។  ក្នុងព្រះរាជសាររបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង  ព្រះរាជប្រទាននេះ ឆ្លើយតបយ៉ាងប្រត្យក្សទៅនឹងការចូលរួមរបស់សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ព្រមទាំងក្រុមគ្រួសារគ្រប់ជំនាន់ ក្នុងបុព្វហេតុរួម នៃការធានាកិច្ចការពាររបបរាជានិយម ការពារព្រះមហាក្សត្រ និងព្រះរាជបល្ល័ង្ក ដែលនេះជាភាពស្មោះត្រង់​ក្នុងនាមប្រជាជនខ្មែរ​ដែលគោរពចំពោះព្រះមហាក្សត្រ ចំពោះរាជបល្ល័ង្ក និងរបបរាជានិយមឥតងាករ៉េ។ ការត្រាស់បង្គាប់ផ្តល់គោរមងារជូនដល់សម្តេច ឧត្តមទេពញាណ ហ៊ុន ណេង គឺជា​មហាកិត្តិយស​ដ៏ខ្ពង់ខ្ពស់ក្រៃលែងសម្រាប់ក្រុមគ្រួសារនៃសព។

    ព្រះរាជសារ និងសារចូលរួមរំលែកមរណទុក្ខពីគ្រប់មជ្ឍដ្ឋាន បានចាត់ទុកការបាត់បង់រូប​សម្តេចឧត្តមទេពញាណ គឺជាការបាត់បង់នូវលោកឪពុក លោកឪក្មេក និងជីតា ប្រកបដោយសង្គហធម៌ ព្រហ្មវិហារធម៌ ពិសេសក៏ជាការបាត់បង់ដ៏ធំធេងនូវឥស្សរជន​នយោបាយខ្មែរដ៏ឆ្នើមមួយរូប ដែលពោរពេញដោយឆន្ទៈ  មនសិកាក្នុងការបម្រើបុព្វហេតុជាតិ ជាតិ សាសនា ព្រះមហាក្សត្រ គ្រប់កាលៈទេសៈ ព្រមទាំងបានរួមចំណែក​យ៉ាងសកម្ម​ក្នុងការលើកកម្ពស់តម្លៃនៃនីតិរដ្ឋប្រកបដោយឧត្តមគតិខ្ពង់ខ្ពស់ជាអនេកប្បការជារហូតមក។

    សម្តេចឧត្តមទេពញាណ ហ៊ុន ណេង មានស្នាដៃ និងបទពិសោធន៍ចូលរួមកសាង និងការពារជាតិប្រកបដោយសមត្ថភាព និងស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេស សម្តេចបានធ្វើពលិកម្មដ៏ខ្ពង់ខ្ពស់ ដើម្បីរួមចំណែករំដោះជាតិ មាតុភូមិ និងប្រជាពលរដ្ឋកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ និងចូលរួមកសាងប្រទេសជាតិឡើងវិញ​រហូតទទួលបានការអភិវឌ្ឍរីកចំរើន​លើគ្រប់វិស័យមកដល់សព្វថ្ងៃនេះ។

    តាមរយៈពិធីបុណ្យទក្ខិណានុប្បទានគម្រប់ខួប១០០ថ្ងៃនាពេលនេះ លោកជំទាវ លាង វួចឆេង ត្រូវជាភរិយា ព្រមទាំងកូនៗ ចៅៗទាំងអស់  សម្តេចតេជោ ហ៊ុន សែន ជាប្អូនបង្កើត និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ព្រមទាំងបងប្រុស ប្អូនស្រី  កូនចៅ  និងក្រុមគ្រួសារ​ញាតិមិត្តជិតឆ្ងាយទាំងអស់ សូមបួងសួងដល់វិញ្ញាណក្ខន្ធ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

    BTVNews

    អត្ថបទទាក់ទង