ប្រធានគណៈចលនាមហាជនបក្សប្រជាជនរម្លឹកសមាជិកទាំងអស់ត្រូវទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងវាយបកឲ្យបានរហ័ស

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២នេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស និងជាប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាស្ដីពី “ការចែករំលែក និងការផ្លាស់ប្ដូរបទពិសោធន៍លើការងារព័ត៌មាន និងការផ្សព្វផ្សាយមហាជននៅក្នុងបរិបទឌីជីថល” នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា។
សិក្ខាសាលារយៈពេលនេះ មានការចូលរួមជាសិក្ខាកាមពីសំណាក់រចនាសម្ព័ន្ធគណៈចលនាមហាជនរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ, ជនបង្គោលទទួលបន្ទុកការងារចលនាមហាជនពីបណ្តា ក្រសួង-ស្ថាប័ន, រចនាសម្ព័ន្ធផ្សព្វផ្សាយរបស់រាជរដ្ឋាភិបាលប្រមាណជាង ៧០០នាក់។
នៅក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានរម្លឹកដល់សមាជិក-សមាជិកាទាំងអស់ត្រូវទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងវាយបកវិញឲ្យបានរហ័ស ដើម្បីកុំឲ្យប្រជាពលរដ្ឋមានការភ័ន្តច្រឡំ។ លោកជំទាវបានថ្លែងថា ស្ថានភាពនយោបាយបច្ចុប្បន្នរបស់ប្រទេសកម្ពុជាកំពុងស្ថិតក្នុងស្ថានភាពល្អ និងអំណោយផល ដែលតាំងពីឆ្នាំ២០១៨ មកគណបក្សប្រជាជនកម្ពុជាបានក្តាប់នូវអំណាចពេញដៃទាំងស្រុង ក្នុងការដឹកនាំប្រទេស ចាត់ចែងកិច្ចការផ្ទៃក្នុង រៀបចំកំណែទម្រង់ផ្សេងៗ ដើម្បីអភិវឌ្ឍប្រទេសជាតិឱ្យកាន់រីកចម្រើន ហើយលទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់កាលពីខែមិថុនាកន្លងទៅនេះក៏បានបង្ហាញថា ប្រជាជនភាគច្រើនបានគាំទ្រ ជឿជាក់ ទុកចិត្តមកលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា។
លោកជំទាវបន្តថា ការពង្រឹងសមត្ថភាពនៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា និងឌីជីថលជាពិសេសប្រព័ន្ធបណ្តាញព័ត៌មានសង្គមដែលមានលក្ខណៈងាយស្រួល និងលឿនរហ័សទាំងក្នុងការផ្សព្វផ្សាយ និងចែកចាយបន្ត គឺមានសារៈសំខាន់មិនគួរមើលរំលង ដើម្បីឈានទៅពង្រីកវិសាលភាព នៃការផ្សព្វផ្សាយមហាជនឱ្យកាន់តែទូលាយក្នុងមជ្ឈដ្ឋានមហាជន ក៏ដូចជាការប្រើប្រាស់ប្រព័ន្ធនេះក្នុងការពន្យល់បកស្រាយ និងឆ្លើយតបបកភ្លាមៗលើការវាយប្រហារផ្សេងៗឱ្យមានភាពរស់រវើក និងទាន់សភាពការណ៍ ដើម្បីបញ្ជ្រាបឱ្យប្រជាជនយល់ច្បាស់អំពីភាពត្រឹមត្រូវ ការយកចិត្តទុកដាក់ខ្ពស់ និងកិច្ចខិតខំប្រែងប្រែងរបស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំ ដោះស្រាយបញ្ហាសង្គមនានា សំដៅរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងជំរុញការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។
គួរបញ្ជាក់ដែរថា ការរៀបចំសិក្ខាសាលាខាងលើមានគោលបំណងសំខាន់ចំនួន ៤ រួមមាន៖ ទី១. ធ្វើបច្ចុប្បន្នភាពស្ថានភាពនយោបាយ សេដ្ឋកិច្ច សង្គម និងស្វែងយល់អំពីតួនាទីរបស់ការងារផ្សព្វផ្សាយ និងសាធារណមតិ, ទី២. ចែករំលែកអំពីវិធីសាស្ត្រនៃការផ្សព្វផ្សាយមហាជនក្នុងបរិបទឌីជីថល, ទី៣. បង្កើតឱកាសជួបជុំ និងពង្រីកការទំនាក់ទំនងជាមួយអង្គការចាត់តាំង និងយន្តការផ្សព្វផ្សាយនានារបស់គណបក្ស ជាពិសេសដើម្បីពង្រឹងប្រសិទ្ធភាពភាពប្រទាក់ក្រឡាគ្នាទាំងយន្តការនានានៅថ្នាក់កណ្តាល និងរវាងទំនាក់ទំនងរវាងយន្តការថ្នាក់កណ្តាលជាមួយថ្នាក់មូលដ្ឋាន និងទី៤. បង្កើតឱកាសបានរៀនសូត្រពីគ្នាទៅវិញទៅមកដកស្រង់ទស្សនៈ ចែករំលែកបទពិសោធន៍ និងស្វែងយល់ពីការផ្សព្វផ្សាយនៅតាមមូលដ្ឋាននីមួយៗ និងពីតម្រូវការ៕