គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ​ក្រុម​សិស្ស​​វិទ្យាល័យ ​ហ៊ុន សែន ប្រាសាទ​បាគង ក្លាយជា​ម្ចាស់ជ័យលាភី កម្មវិធី​ជជែក​ដេញ​ដោល​យុវជនថ្នាក់ជាតិ ឆ្នាំ២០២២

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី១៣ ខែសីហា ឆ្នាំ២០២២​ |
    ​ក្រុម​សិស្ស​​វិទ្យាល័យ ​ហ៊ុន សែន ប្រាសាទ​បាគង ក្លាយជា​ម្ចាស់ជ័យលាភី កម្មវិធី​ជជែក​ដេញ​ដោល​យុវជនថ្នាក់ជាតិ ឆ្នាំ២០២២ ​ក្រុម​សិស្ស​​វិទ្យាល័យ ​ហ៊ុន សែន ប្រាសាទ​បាគង ក្លាយជា​ម្ចាស់ជ័យលាភី កម្មវិធី​ជជែក​ដេញ​ដោល​យុវជនថ្នាក់ជាតិ ឆ្នាំ២០២២

    ភ្នំពេញ៖ កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិឆ្នាំ ២០២២ ដែលមានរយៈពេល១១ខែ​រៀបចំ​ដោយ​ក្រសួងអប់រំ យុវជន និងកីឡា បានឈានដល់វគ្គផ្ដាច់ព្រ័ត្រ ក្រោមប្រធានបទ “ យុវជន​ត្រូវ​មាន​ចំណេះ​ដឹង បំណិន និងចរិយាធ៌មជា​ពលរដ្ឋល្អ ដើម្បី​ក្លាយ​ទៅ​ជា​សសរ​ទ្រូង​ពិត​ប្រាកដ​របស់​ប្រទេស​ជាតិ​”​។ វគ្គផ្ដាច់ព្រ័ត បានរកឃើញនូវម្ចាស់ជ័យលាភី ជា​ក្រុម​សិស្ស​ដែល​មក​ពី​វិទ្យាល័យ​ហ៊ុនសែន ប្រាសាទ​បាគង ខេត្តសៀមរាប។

    កម្មវិធីនេះបានឈានដល់វគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ម្សិលមិញ ក្រោម​ការ​ប្រកួតប្រជែង​ដ៏​ស្វិត​ស្វាញ រវាង​ក្រុម​មក​ពី​សាលា​ប៊ែលធី​អន្តរជាតិ ជាក្រុមស្រប និងក្រុមមកពី វិទ្យាល័យ ហ៊ុន សែន ប្រាសាទ​បាគង ខេត្ត​សៀមរាប ជាក្រុមបដិសេធ។

    ការប្រកួតនេះរៀបចំឡើងក្រោមប្រធានបទ“ យុវជនត្រូវមានចំណេះដឹង បំណិន និង​ចរិយាធ៌ម​ជា​ពលរ​ដ្ឋ​ល្អ ដើម្បី​ក្លាយ​ទៅជាសសរទ្រូងពិតប្រាកដរបស់ប្រទេសជាតិ” ដោយមាន​ការ​ដាក់​ពិន្ទុ​សុក្រឹត្យ​ពី សមាសភាព​គណៈកម្មការ​ពោ​ពេញ​​ដោយសមត្ថភាពចំនួន ៧រូប មកពីវិស័យផ្សេងៗគ្នា និង​មានការបោះឆ្នោត​គាំទ្រផងដែរ។

    ជាលទ្ធផលក្រោយបញ្ចប់ការប្រកួត គឺក្រុមមកពី វិទ្យាល័យ ហ៊ុន សែន ប្រាសាទ​បាគង ខេត្ត​សៀមរាប បានក្លាយ​ជាម្ចាស់​ជ័យលាភី រីឯក្រុមមកសាលាប៊ែលធី ទទួលចំណាត់ថ្នាក់លេខពីរ។

    ទោះការប្រកួតនេះមានការចាញ់ ឈ្នះយ៉ាងណាក្ដី ក្រុមទាំងពីរសុទ្ធតែពេញចិត្ត និង​ចាត់​ទុក​ថា​នេះ ជាជោគជ័យ។ ពួកគាត់ជាយុវជនលើកឡើងថា នេះជាចំណុចចាប់ផ្ដើម ហើយ​ពួក​គាត់​នឹង​ប្រឹង​ប្រែង​បន្តទៀត។ ប្រឹងប្រែងដើម្បីខ្លួន​ឯង ប្រឹងប្រែងដើម្បីគ្រួសារ និងប្រឹង​ប្រែង​ដើម្បី​សង្គម​ជាតិ​។

    ជាការមើលឃើញរួមនៃកម្មវិធីនេះ លោកជំទាវ ស្រូយ សុជាតិ អគ្គនាយកយុវជន នៃក្រសួងអប់រំ ជាអ្នក​រៀបចំ​ឱ្យមា​ន​កម្ម​វិធីជជែកដេញដោលនេះឡើង លើកឡើងជាការពេញចិត្តជាខ្លាំង ចំពោះ​សមត្ថភាព​យុវជន ដែលបាន​ចូលរួម​ប្រកួត។ លោកជំទាវ វាយតម្លៃថាសមត្ថភាពយុវជនកម្ពុជា ក្នុង​ការចូលរួមការប្រកួតនេះ គឺកាន់តែមានភាព​ប្រសើរពី​មួយឆ្នាំ​ទៅមួយឆ្នាំ។

    កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិឆ្នាំ ២០២២ ក្រៅពីមានវត្តមាន សមាស​ភាព​គណៈ​កម្មការ​ចំនួន ៧រូប ក៏មាន​វត្ត​មាន ផងដែរ។

    ខណៈអញ្ជើញ​ទស្សនា​ដោយ​ផ្ទាល់ ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ​ក៏​បាន​ផ្ដល់​អនុសាសន៍មួយចំនួន ដោយបញ្ជាក់ឱ្យយុវជនត្រូវខិតខំ ព្រោះ​ការ​សិក្សា​គ្មាន​ទី​បញ្ចប់​នោះទេ។ ឯកឧត្តម​បន្ត​ថា គ្រប់រូបអាចធ្វើការស្វ័យសិក្សា តាមការអានសៀវភៅ ការ​ប្រើ​ប្រាស់​អ៊ីនធឺណិត ដើម្បីបន្តវិវត្តខ្លួន​ឱ្យ​ទាន់​នឹង​សង្គម​ជាតិ​។

    សូមបញ្ជាក់ថា ម្ចាស់ជ័យលាភី កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ឆ្នាំ២០២២ រួមមាន ជ័យលាភីលេខ១ វិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង ខេត្តសៀមរាប, ជ័យលាភីលេខ២ សាលា ប៊ែលធី អន្តរជាតិ រាជធានីភ្នំពេញ, ជ័យលាភីលេខ៣ វិទ្យាល័យសម្តេចឳ សម្តេចម៉ែ ខេត្តរតនគិរី និងជ័យលាភីលេខ៣ស្ទួន សាលារៀនសុវណ្ណភូមិ សាខាទី២៥ ខេត្តតាកែវ៕



    អត្ថបទទាក់ទង