លទ្ធផលកិច្ចប្រជុំលើកទី១ ការកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត ឆ្នាំ២០២៣
ភ្នំពេញ៖ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី២ ឆ្នាំទី២ បានបើកកិច្ចប្រជុំលើកទី១ ដើម្បីពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៣។
កិច្ចប្រជុំបានលទ្ធផលដូចខាងក្រោម៖
១- បានធ្វើបទបង្ហាញអំពីស្ថិតិសំខាន់ៗ សម្រាប់ភាគីពាក់ព័ន្ធធ្វើជាមូលដ្ឋាន ក្នុងការប្រើប្រាស់លក្ខណវិនិច្ឆ័យ ទាំង៧ ដែលជាធាតុចូលដ៏សំខាន់ក្នុងការចរចាប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិត ផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៣។
២- បានស្តាប់គោលជំហរពីតំណាងភាគីនីមួយៗទៅលើបម្រែបម្រួលលក្ខណវិនិច្ឆ័យបែបសង្គម (ស្ថានភាពគ្រួសារ អត្រាអតិផរណា និងការចំណាយក្នុងការរស់នៅ) និងលក្ខណវិនិច្ឆ័យបែបសេដ្ឋកិច្ច (ផលិតភាព ភាពប្រកួតប្រជែងរបស់ ប្រទេស ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ) ប៉ុន្តែភាគីតំណាងនិយោជក និងភាគីតំណាងកម្មករ និយោជិត មិនទាន់អាចបញ្ជាក់បាននូវតួលេខដែលជាគោលជំហរផ្លូវការរបស់ខ្លួននៅឡើយ ដោយស្នើសុំប្រជុំផ្ទៃក្នុងរបស់ ខ្លួនម្តងទៀតសិន។
៣- នឹងរៀបចំកិច្ចប្រជុំបន្ទាប់នៅថ្ងៃទី២៤, ទី៣១ ខែសីហា, ទី៧, ទី១៤, ទី២២ និងទី២៣ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។