គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ឯកឧត្តម ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រី​​ក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី២៦ ខែសីហា ឆ្នាំ២០២២​ |
    ឯកឧត្តម ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រី​​ក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន ឯកឧត្តម ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រី​​ក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន

    ភ្នំពេញ៖៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលជាសមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល​គណបក្សប្រជាជនកម្ពុជា និងជាប្រធាន​យុវជនគណបក្ស​ប្រជាជនកម្ពុជា​ថ្នាក់កណ្តាល បានទទួលជួបពិភាក្សាការងារជាមួយ លោក លីវ ជានឆាវ រដ្ឋមន្ត្រី​​ក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន កាលពី​រសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែសីហា ឆ្នាំ២០២២ ។

    ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម លីវ ជានឆាវ បានជម្រាបជូនថា គោលបំណង នៃទស្សន​កិច្ច​នេះ គឺដើម្បីពង្រឹង និងពង្រីកនូវចំណងមិត្តភាព សាមគ្គីភាព និង​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យរវាងគណបក្ស រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ។ លោកក៏បានវាយតម្លៃខ្ពស់ និង​កោត​សរសើរចំពោះការអភិវឌ្ឍ លើគ្រប់វិស័យដែលប្រទេសកម្ពុជាសម្រេចបាន ក្រោម​ការ​ដឹកនាំ​ដ៏​ត្រឹម​ត្រូវ​របស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជា​ប្រមុខដឹកនាំដ៏ឆ្នើម បានធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាកាន់តែល្អប្រសើរ និង​តួនាទី​របស់​កម្ពុជា លើឆាកអន្តរជាតិ កាន់តែត្រូវបានលើកកម្ពស់។ ភាគីមិត្ត បាន​សម្តែង​នូវ​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹងដល់កម្ពុជាចំពោះភាពជាម្ចាស់ និងមាគ៌ាដឹកនាំរបស់ខ្លួន ក្នុងការការពារសន្តិភាព អធិបតេយ្យភាព និងការអភិវឌ្ឍ ដោយគ្មានការជ្រៀតជ្រែកពីខាងក្រៅ។

    ជាការឆ្លើយតប ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែង​អំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​គណបក្សកុម្មុយនីស្តចិន ដែលជានិច្ចជាកាល តែងតែជួយឧបត្តម្ភគាំទ្រដល់គណបក្ស រដ្ឋាភិបាល និងប្រជាជនកម្ពុជា។ ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានស្នើឱ្យ​មិត្ត​ចិន​បន្ត​ជួយ​សម្រួល​ដល់​និសិ្សតកម្ពុជា ក្នុងការវិលត្រលប់ទៅបន្តការសិក្សានៅប្រទេសចិនវិញ និងជួយ​ជំរុញវិនិយោគិនចិន ឱ្យមកវិនិយោគ លើវិស័យកសិកម្ម និងបន្តជំរុញឱ្យ​មាន​អ្នក​ទេសចរណ៍​មក​ទស្សនកិច្ចនៅកម្ពុជាកាន់តែច្រើន ក្រោយពីស្ថានភាពជំងឺកូវីដ-១៩ បាន​ល្អ​ប្រសើរ​។

    បន្ថែម​ពី​នេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានជម្រាបជូនភាគីចិនថា គណបក្ស​ប្រជាជន​កម្ពុជា​ ក្នុងនាមជាប្រទេសកាន់អំណាច ប្រកាន់ខ្ជាប់ចំពោះគោលនយោបាយចិនតែមួយឥតងាករេ នៅគ្រប់កាលៈទេសៈទាំងអស់។ លោកបណ្ឌិត ក៏បានប្តេជ្ញាបន្តធ្វើការជាមួយភាគីចិន ក្នុងការគាំទ្រគ្នាទៅវិញទៅមក នៅក្នុងវេទិកាតំបន់ និងអន្តរជាតិ ដើម្បីសន្តិភាព វិបុលភាពរួម និងផលប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

    ជាទីបញ្ចប់ ភាគីទាំងពីរ បានឯកភាពបន្តពង្រឹង និងពង្រីកនូវចំណងមិត្តភាពដែកថែប និងការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន៕

    អត្ថបទទាក់ទង