ដំណាំមៀនកម្ពុជា ត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ប្រទេសចិន
អគ្គរដ្ឋបាលគយចិន ទើបបានអនុម័តទទួលស្គាល់ជាផ្លូវការ អនុញ្ញាតឲ្យចំការមៀនចំនួន៧៤ និងរោងចក្រវេចខ្ចប់ចំនួន៨ អាចការកែច្នៃ និងនាំចេញផ្លែមៀនស្រស់ទៅកាន់ប្រទេសចិនបានដោយផ្ទាល់។
ការអនុម័តទទួលស្គាល់ជាផ្លូវការ របស់អគ្គរដ្ឋបាលគយចិន ធ្វើឡើងនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ បន្ទាប់ពីមន្ត្រីជំនាញរបស់ខ្លួន បានដំណើរការត្រួតពិនិត្យចំការមៀន និងរោងចក្រប្រព្រឹត្តកម្មកម្ចាត់សមាសភាពចង្រៃលើផ្លែមៀន តាមរយៈប្រព័ន្ធវីឌីអូ នាពេលថ្មីៗនេះ។
យោងតាមបញ្ជីរាយឈ្មោះចម្ការ និងរោងចក្រវេចខ្ចប់ផ្លែឈើក្នុងការនាំចេញទៅកាន់ប្រទេសចិន ដែលចេញផ្សាយដោយរដ្ឋបាលគយប្រទេសចិន បានឱ្យដឹងថា ក្នុងបញ្ជីរាយឈ្មោះខាងលើបានបន្ថែម ឈ្មោះចម្ការ និងរោងចក្រវេចខ្ចប់ផ្លែមៀនកម្ពុជាដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ប្រទេសចិន មានន័យថាដំណាំមៀនកម្ពុជាបានបញ្ចប់នីតិវិធីទាំងស្រុងក្នុងការនាំចេញទៅកាន់ប្រទេសចិន និងអាចនាំចេញទៅទីផ្សារចិនបាន។
រោងចក្រវេចខ្ចប់ទាំង៨ ដែលទទួលបានការអនុញ្ញាតរួមមាន ១៖ ក្រុមហ៊ុន BAMIN AGRICULTURE HI-TECH DEVELOPMENT CO., LTD, ២៖ ក្រុមហ៊ុន CHINA JINKWOAYUAN IMPORT EXPORT (CAMBODIA) CO., LTD, ៣៖ ក្រុមហ៊ុន TCMC CO., LTD, ៤៖ ក្រុមហ៊ុន CAMBODIAN BANANA AGRICULTURAL CO., LTD, ៥៖ ក្រុមហ៊ុន GAO YUAN (CAMBODIA) DEVELOPMENT CO., LTD, ៦៖ ក្រុមហ៊ុន AL JAZEELAN FOOD PTE. LTD , ៧៖ ក្រុមហ៊ុន JIA DUO BAO BEVERAGE CO., LTD និង៨៖ ក្រុមហ៊ុន JINDIYUAN AGRICULTURAL DEVELOPMENT CO., LTD។
លើកនេះ ចម្ការផ្លែឈើដែលបានចុះបញ្ជីចំនួន៧៤កន្លែង និងរោងចក្រវេចខ្ចប់ចំនួន៨កន្លែង ត្រូវបានអនុញ្ញាតដោយភាគីចិនក្នុងការនាំចេញផ្លែមៀនទៅកាន់ប្រទេសចិន។ លើសពីនេះ ចម្ការដំណាំស្វាយចំនួន៧៥កន្លែង និង រោងចក្រវេចខ្ចប់ដំណាំស្វាយចំនួន ២កន្លែងផ្សេងទៀតក៏ត្រូវបានបន្ថែមផងដែរ។
ចាប់តាំងពីដើមឆ្នាំ២០២២នេះមក ភាគីចិនបានបង្កើតទម្រង់ការងារថ្មី និងបានបញ្ចប់ការវាយតម្លៃហានិភ័យលើត្រីប្រា ដំណាំពោត និងដំណាំមៀននៅកម្ពុជាយ៉ាងមានប្រសិទ្ធភាពដោយតាមរយៈវីដេអូ។ រហូតមកដល់បច្ចុប្បន្ននេះ កម្ពុជាមានផ្លែឈើធំៗចំនួន៣ប្រភេទដែលអាចនាំចេញទៅកាន់ប្រទេសចិនរួមមានដំណាំចេក ស្វាយ និងមៀន។