គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអតីតប្រធានទីភ្នាក់ងារ JICA និងនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី១៦ ខែកញ្ញា ឆ្នាំ២០២២​ |
    សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអតីតប្រធានទីភ្នាក់ងារ JICA និងនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអតីតប្រធានទីភ្នាក់ងារ JICA និងនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម KITAOKA Shinichi អតីតប្រធាន​ទី​ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ចូលជួបសម្ដែងការគួរសម និងពិភា​ក្សា​ការងារ នៅវិមានសន្តិភាព ។

    ឯកឧត្តម KITAOKA បានគោរពសម្ដែងនូវការដឹងគុណ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត​ជូនសម្ដេចតេជោ ដែលបានផ្ញើសាររំលែកមរណៈទុក្ខរបស់ឯកឧត្តម Shinzo Abe។ ឯក​ឧត្តម KITAOKA មានប្រសាសន៍បន្តថា កម្ពុជា ជាដៃគូយ៉ាងសំខាន់របស់ជប៉ុន ។ ប្រទេសទាំងពីរ មាន​កិច្ចសហប្រតិបត្តិការច្រើន ហើយឈរលើមូលដ្ឋានការយល់គ្នាទៅវិញទៅមក លទ្ធភាពល្អ និងជាពិសេស ប្រសិទ្ធភាពការងាររបស់រដ្ឋាភិបាលទាំងពីរ ធ្វើឲ្យគេសហប្រតិបត្តិការរវាងប្រទេសទាំង​ពីរ ទទួលបានជោគជ័យ។

    ឯកឧត្តម KITAOKA បានឆ្លៀតឱកាសនោះ សំដែងនូវការគោរព និងវាយតម្លៃខ្ពស់ ចំពោះការដឹកនាំជាប្រធានអាស៊ាន របស់សម្ដេចតេជោ ជាពិសេស ចំពោះវិធានការនៅប្រទេសមីយ៉ាន់ម៉ា ។

    ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានជម្រាបជូនឯកឧត្តម KITAOKA ថា ឯកឧត្តម អាបេ ជាអ្នកមានគុណសម្រាប់យើង និងប្រទេសទាំងពីរ។ ឯកឧត្តម អាបេ បានបន្សល់ទុកនូវសមិទ្ធផលយ៉ាងច្រើននៅកម្ពុជា ក្នុងនោះរួមទាំងស្ពានគីហ្សូណា ស្ពានអ្នកលឿង ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៥ ។ ក្រៅពីជួយកម្ពុជា តាមរយៈជំនួយរដ្ឋាភិបាល ឯកឧត្តម អាបេ ក៏បានជួយកម្ពុជា តាមរយៈការកសាងសាលារៀនឲ្យកម្ពុជា តាមរយៈសមាគមសភាជប៉ុនផងដែរ ។

    សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបន្ថែមថា ឯកឧត្តម អាបេ តែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះការងារតំបន់ ក៏ដូចជាការងារមនុស្សធម៌ផងដែរ។ ឯកឧត្តម អាបេ តែងតែឆ្លៀតប្រជុំជប៉ុន-មេគង្គ យ៉ាងទៀងទាត់ ទោះមានការមមារញឹកយ៉ាងណាក៏ដោយ ហើយរាល់ពេលក្នុងកិច្ចប្រជុំ ឯកឧត្តម អាបេ តែងតែលើកឡើងអំពីការសុំការគាំទ្រលើបញ្ហាការចាប់ជំរិតជនជាតិជប៉ុន ដោយប្រទេសកូរ៉េខាងជើង។ សម្ដេចបានមានប្រសាសន៍បន្ថែមថា ការចាកចេញរបស់ឯកឧត្តម អាបេ គឺជាការបាត់បង់មិត្តភក្កិម្នាក់ ដែលធ្លាប់ជួយកម្ពុជា ក្នុងគ្រាលំបាក។

    បន្ទាប់មកនៅថ្ងៃដដែលនេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​ក៏បានអនុញាតឱ្យឯកឧត្តម Daren Tang នាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាពផងដែរ។

    ឯកឧត្តម Daren Tang បានជម្រាបជូនសម្ដេចតេជោថា ឯកឧត្តម បានមកកម្ពុជាជាច្រើនដងហើយ ហើយសព្វដងដែលឯកឧត្តម បានមកដល់កម្ពុជា គឺឃើញកម្ពុជា មានការអភិវឌ្ឍយ៉ាងឆាប់​រហ័ស។ ឯកឧត្តមសូមសម្ដែងនូវការគោរពនិងអបអរសាទរ ជូនចំពោះសម្ដេចតេជោនិងប្រជាជនកម្ពុជា ។

    ឯកឧត្តមក៏បានគោរពជម្រាបជូនសម្ដេចតេជោបន្ថែមថា អង្គការកម្មសិទ្ធិបញ្ញាពិភពលោក កាលពីដើមឡើយ គឺជាអង្គការបច្ចេកទេស ប៉ុន្តែនាពេលនេះ អង្គការនេះ កំពុងប្រែក្លាយខ្លួនទៅជាអង្គការអភិវឌ្ឍន៍ គាំទ្រគម្រោងការអភិវឌ្ឍរបស់ប្រទេសដែលកំពុងអភិវឌ្ឍន៍ ហើយដំណើរទស្សនកិច្ចរបស់ឯកឧត្តម មកកាន់ព្រះរាជាណាចក្រកម្ពុជា នៅពេលនេះ គឺដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានផង និងដើម្បីស្វែងយល់ និងស្វែងរក វិធីជួយគាំទ្រដល់កម្ពុជាផង ។

    ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានស្នើសុំឲ្យអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ជួយដល់កម្ពុជា ក្នុងការចុះបញ្ជីដំណាំភូមិសាស្ត្ររបស់កម្ពុជា ហើយក៏បានជម្រាបជូនឯកឧត្តម Daren Tang និងប្រតិភូ អំពីការកត់សម្គាល់របស់សម្ដេច រួមមាន៖ ពាណិជ្ជកម្មរវាងប្រទេសនៅក្នុងតំបន់ មានការកើនឡើងនៅក្នុងអំឡុងពេលមានកូវីដ19 នោះសបញ្ជាក់ឲ្យឃើញថា AFTA ចាប់ផ្ដើមដំណើរការសកម្មនៅពេលដែលមានជំងឺកូវីដ19។ ជាឧទាហរណ៍ពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម, កម្ពុជា-ថៃ និងកម្ពុជា-ឡាវ មានការកើនឡើងគួរឲ្យកត់សម្គាល់។ កំណត់សម្គាល់មួយទៀត គឺសង្គ្រាមនៅប្រទេសអ៊ុយក្រែន គឺជារឿងមួយ ប៉ុន្តែការដាក់ទណ្ឌកម្មហួសហេតុពេក នាំទៅដល់វិបត្តិ ដែលមិនត្រឹមតែនៅអឺរ៉ុបទេ ប៉ុន្តែវិបត្តិជាពិសេស គឺវិបត្តិសេដ្ឋកិច្ច រីករាលដាលដល់ប្រទេសដទៃទៀត នៅក្រៅទ្វីបអឺរ៉ុប ក្នុងនោះ រួមមានទាំងកម្ពុជាផងដែរ ៕

     

    អត្ថបទទាក់ទង