សម្ដេច ស ខេង ដឹកនាំកិច្ចប្រជុំស្ដីពីករណីបង្ក្រាបបទល្មើសជួញដូរមនុស្ស និងល្បែង ស៊ីសងខុសច្បាប់
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំអំពីករណីបង្រ្កាបបទល្មើសជួញដូរមនុស្ស និងការបង្រ្កាបបទល្មើសល្បែងស៊ីសងខុសច្បាប់ នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ ។
កិច្ចប្រជុំនៅព្រឹកនេះ មានការចូលរួមពីអភិបាលរាជធានី-ខេត្ត ព្រមទាំងអគ្គស្នងការ និងស្នងការនគរបាលខេត្ត-ក្រុង និងកងរាជអាវុធហត្ថលើផ្ទៃប្រទេសជាដើម ។
ការដឹកនាំកិច្ចប្រជុំនេះ ធ្វើឡើងបន្ទាប់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដាក់បញ្ជា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ បង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ទម្រង់ដែលកើតមាន។
គួរបញ្ជាក់ថា គិតត្រឹមរយៈពេល២ថ្ងៃ ថ្ងៃទី១៧-១៨ ខែកញ្ញា ឆ្នាំ២០២២ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់ចេញនូវផែនការ និងបង្កើតក្រុមការងារ ធ្វើការបង្ក្រាបបើកលេងល្បែនស៊ីសងរយៈពេល២ថ្ងៃ ថ្ងៃទី១៧-១៨ ដោយធ្វើការបង្ក្រាប៣៦ករណី ឃាត់ខ្លួន៧០នាក់ (ស្រី ៣៥នាក់) (ចិន ១០នាក់ កូរ៉េ ១នាក់ អារ៉ាប់ ១នាក់) ។