ក្រសួងសាធារណការ អំពាវនាវឲ្យពលរដ្ឋអត់ធ្មត់រង់ចាំដល់ថ្ងៃ១តុលាខាងមុខ សម្រាប់ការប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ

តាមរយៈហ្វេសប៊ុកនៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ជូនថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បច្ចុប្បន្ន “មិនទាន់អនុញ្ញាត” ឱ្យប្រើប្រាស់ ជាសាធារណៈនៅឡើយទេ។
ក្រសួងសាធារណការបានបន្តថា «សូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់អត់ធ្មត់ រង់ចាំដល់ថ្ងៃទី០១ តុលា ២០២២ ទើបអាចប្រើប្រាស់បាន។ សូមបងប្អូនមានការយោគយល់អធ្យាស្រ័យ សូមបើកបរដោយសុវត្ថិភាព សូមអរគុណ!»។
សូមជម្រាបថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នឹងដាក់ឲ្យដំណើរការសាកល្បងប្រើប្រាស់ ដោយឥតគិតថ្លៃចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ខាងមុខនេះ។
ផ្លូវនេះមានប្រវែងសរុប ១៨៧,០៥គីឡូម៉ែត្រ ត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០១៩ ដែលតួផ្លូវមានទទឹង ២៤ម៉ែត្រ មាន ៤គន្លង (២ទៅ ២មក) និងគន្លងឈប់បន្ទាន់ (១ទៅ ១មក) ក្រាលបេតុងកៅស៊ូ (AC) តភ្ជាប់ពីរាជធានីភ្នំពេញទៅដល់សង្កាត់លេខ ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយឆ្លងកាត់ខេត្តកណ្តាល កំពង់ស្ពឺ និងខេត្តកោះកុង។
ផ្លូវនេះ មានសួនច្បារខណ្ឌកណ្តាល មានផ្លូវបំបែកប្តូរទិស (Inter-Change) ភ្ជាប់មកផ្លូវជាតិលេខ ៤ ចំនួន ៦កន្លែង មានកន្លែងឈប់សម្រាក ៣កន្លែង និងចំណតរថយន្ត ១កន្លែង ផងដែរ។ ប្រជាពលរដ្ឋអាចធ្វើដំណើរ និងដឹកជញ្ជូនទំនិញ លើផ្លូវមួយខ្សែនេះ ប្រកបដោយប្រសិទ្ធភាព កាត់បន្ថយការចំណាយដឹកជញ្ជូន និងចំណេញពេលវេលាធ្វើដំណើរ មកត្រឹមតែប្រមាណ ២ម៉ោងប៉ុណ្ណោះពីរាជធានីភ្នំពេញទៅក្រុងព្រះសីហនុ ដែលកន្លងមកត្រូវចំណាយពេលពី ៥ទៅ ៦ម៉ោង តាមផ្លូវជាតិលេខ ៤៕