គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    បទអត្ថាធិប្បាយនយោបាយ ៖ “ជនក្បត់ជាតិ៣ជំនាន់​ស​ម រង្ស៊ី” ទុកមិនចំណេញ កម្ចាត់ចេញរឹតតែមិនខាត

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី២៤ ខែតុលា ឆ្នាំ២០២២​ |
    បទអត្ថាធិប្បាយនយោបាយ ៖ “ជនក្បត់ជាតិ៣ជំនាន់​ស​ម រង្ស៊ី” ទុកមិនចំណេញ កម្ចាត់ចេញរឹតតែមិនខាត បទអត្ថាធិប្បាយនយោបាយ ៖ “ជនក្បត់ជាតិ៣ជំនាន់​ស​ម រង្ស៊ី” ទុកមិនចំណេញ កម្ចាត់ចេញរឹតតែមិនខាត

    មានសារជាតិមិនខុសពីជីតា និងឪពុក ទណ្ឌិត សម រង្ស៊ី បានបន្ដប្រព្រឹត្ដទង្វើដ៏គួរឱ្យស្អប់ខ្ពើម គឺ​ការព្យាយាមបំផ្លិចបំផ្លាញប្រទេស និងប្រជាជនកម្ពុជាម្ដងហើយម្ដងទៀត ដូច្នេះពិតជាសម​ណាស់​នឹង​ឈ្មោះថ្មី “ជនក្បត់ជាតិ៣ជំនាន់”។ ខ្ចាត់ព្រាត់ពីប្រទេសកំណើតរត់ភៀសខ្លួនដល់បរទេស តែ​ជន​នេះមិនព្រមសម្ងំលាក់ខ្លួនឱ្យស្រួលនោះទេ បែជា​ប្រឹង​កៀរ​គរ​គ្នី​គ្នា​រិះរក​មធ្យោបាយ​បំផ្លាញ​ដែន​ដី​កំណើត ចង់ធ្វើជាសត្រូវប្រឆាំងនឹងជាតិសាសន៍ឯងទៅវិញ។

    រឿងដែលហួសចិត្ដថ្មីៗនេះ ទណ្ឌិត សម រង្ស៊ី បានប្រកាសក្ដែងៗញុះញង់ឱ្យពលរដ្ឋ និងកងទ័ព​ងើប​បះបោរផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកំពុងរស់ក្រោមម្លប់សន្ដិភាព ដោយស្រែក​ថា​ខ្លួន​ធ្វើដើម្បី​ពលរដ្ឋខ្មែរ។ នេះគឺជាសម្ដីដែលគ្មានអៀនខ្មាស និងគ្រាន់តែ​ដើម្បី​បោក​ប្រាស់​ពលរដ្ឋខ្មែរ​ប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ គោលនយោបាយ​ចង​អាឃាតគិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​បែប​នេះ មិនអាចមកបោកបញ្ឆោតពលរដ្ឋខ្មែរដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាថ្នាក់ដឹកនាំកំពូលបានឡើយ។ ផែនការផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់របស់ជនក្បត់ជាតិ សម រង្ស៊ី មិនអាចទៅរួចនោះទេ គឺបានត្រឹមស្រែកពីក្រៅស្រុកប៉ុណ្ណោះ។

    សម្ដេចតេជោបានបញ្ជាក់ថា រាជរដ្ឋាភិបាលគ្មាន​ការ​ភ័យខ្លាច​សូម្បី​បន្ដិច​ចំពោះ​ការ​ប្រយុទ្ធ​តតាំង​ជាមួយ​នឹង​ការប៉ុនប៉ងផ្ដួលរំលំរបស់ទណ្ឌិត សម រង្ស៊ី ប្រសិនបើឈានដល់ការប្រើហិង្សាមែន ប៉ុន្ដែ​សម្ដេចគ្រាន់តែស្ដាយស្រណោះចំពោះសាច់ឈាមពលរដ្ឋខ្មែរដែលធ្លាប់រងគ្រោះដោយសារសង្គ្រាម​។ យ៉ាងណាបើដល់ដំណាក់កាលចុងក្រោយ ក៏គ្មានជម្រើសក្រៅពីការពារជាតិ ការពារ​រាជានិយម ការពាររាជបល្ល័ង្គ ការពាររដ្ឋធម្មនុញ្ញ និងការពាររាជរដ្ឋាភិបាល។

    ពេលនេះ ទណ្ឌិតក្បត់ជាតិ សម រង្ស៊ី ពិតជាត្រូវអស់លក្ខណ៍ ព្រោះផែនការ​ធ្វើ​បដិវត្ដន៍​ពណ៌​គ្មាន​សង្ឃឹម​នឹង​ជោគជ័យ។ សម្ដេចតេជោ ហ៊ុន សែន ដែលជាវីរបុរសកាច់​ចង្កូត​ដឹកនាំ​នាវា​កម្ពុជា​ចេញ​ពីរបប​ប្រល័យពូជសាសន៍មករកសុខសន្ដិភាព ស្ថិរភាព ដូចពេលបច្ចុប្បន្ន ពិតជាមិនអាចឈរ​ឱបដៃ​មើល​ជនក្បត់ជាតិ៣ជំនាន់ មកបង្កចលាចលឡើយ ហើយក៏មិនអាចទុក​ឱកាសប៉ុន​សរសៃ​សក់​សម្រាប់ជនក្បត់ជាតិរូបនេះដែរ។

    នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ក្នុងឱកាសជួបសំណេះសំណាល​ជា​មួយ​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​នៅតំបន់រុនតាឯក ក្នុងខេត្ដសៀមរាប សម្ដេចតេជោបានប្រកាសប្ដូរផ្ដាច់ជាថ្មីថា នឹង​កម្ចាត់​ចោលឱ្យខានតែបាននូវមនោគមន៍វិជ្ជារបស់ជនក្បត់ជាតិ៣ជំនាន់នេះ។ សម្ដេចអះអាងថា បើសិនមិន​ប្រកាសរំសាយចោលនូវនយោបាយមានឯងអត់អញ។  សម្តេចប្តេជ្ញាកម្ចាត់​ចោល​ឱ្យបាន​ជាដាច់ខាត។ ចំពោះវិធីកម្ចាត់ប្រើយុទ្ធសាស្ដ្រតែ២អក្សរប៉ុណ្ណោះ គឺIF បានន័យថា Isolated (ផ្ដាច់ខ្លួនចេញ) បន្ទាប់មក Finish(បញ្ចប់)តែម្ដង មិនប្រើយុទ្ធសាស្ដ្រ៥អក្សរ (DIFID) ដូចមុនឡើយ។

    កន្លងមកសម្ដេចតេជោធ្លាប់បានផ្ដល់ឱកាសឱ្យពីរលើកដើម្បីកែខ្លួន ប៉ុន្ដែមិនត្រឹមមិនព្រមកែ ផ្ទុយទៅវិញ​ជន​ក្បត់​ជាតិសម រង្ស៊ី រឹងរឹតតែផ្គើនលើសដើម។ ទោសទណ្ឌដែលជន​ក្បត់​ជាតិ​រូប​នេះ​មាន​ជាប់​ខ្លួន ក៏មិនអាចនឹងលើកលែងបានទៀត បូករួមទាំងការ​សម្រេច​របស់​តុលាការ​កាល​ពី​ថ្ងៃ​ទី​១៩​តុលា ផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត និងដកសិទ្ធិ​ធ្វើ​នយោបាយ​ជា​ស្ថាពរ​ក្នុង​សំណុំរឿ​ង​លួចចុះកិច្ចព្រមព្រៀងកាត់ទឹកដីកម្ពុជាចំនួន៤ខេត្ដ ឱ្យទៅជនជាតិ​ភាគ​តិច​ម៉ុងតាញ៉ា​វៀតណាម។

    សម្ដេចតេជោក្នុងនាមជាថ្នាក់ដឹកនាំប្រទេសបានខំប្រឹងយ៉ាងលំបាកលំបិន ដើម្បីចរចា​បញ្ហាព្រំដែន​មិន​ទាន់បានឯកភាព១៦ភាគរយជាមួយភាគីវៀតណាម ព្រោះតែចង់រក្សាទឹកដី​នៅ​សេស​សល់​ឱ្យគង់វង្សតកូនចៅទៅមុខ មិនហ៊ានឱ្យបាត់បង់សូម្បីមួយតឹងមួយផឹក។ ប៉ុន្ដែជនក្បត់​ជាតិ​រូប​នេះបែរជាហ៊ានលួចចុះកិច្ចព្រមព្រៀងកាត់ខេត្ដ៤ឱ្យទៅបរទេស តើនេះមិន​មែន​ជា​ទង្វើ​ក្បត់​ជាតិ​ទេឬ? ដល់ពេលហើយដែលត្រូវលេងធម៌ក្ដៅជាមួយមនុស្សកែលែងឡើង អង្គុយរក​តែ​វិធី​សន្សំរឿ​ងបំបែកបំបាក់ជាតិសាសន៍ខ្មែរ។

    ញត្ដិគាំទ្រសម្ដេចតេជោ បានចេញយ៉ាងព្រោងព្រាត ឱ្យកម្ទេចចោលជនក្បត់ជាតិ៣ជំនាន់សម រង្ស៊ី។ ការណ៍នេះសបញ្ជាក់ថា ពលរដ្ឋខ្មែរមិនច​​ង់​ឱ្យ​ប្រទេស​ដ៏កំសត់​របស់​ខ្លួន​ត្រូវ​មនុស្ស​វិកល​ចរិត​មកបំផ្លាញទៀតទេ។ ទណ្ឌិតក្បត់ជាតិសម រង្ស៊ីល្មមភ្ញាក់រលឹកថា អំពើ​អាក្រក់​មិន​ឈ្នះ​អំពើ​ល្អដាច់​ខាត។ កន្លងមកអ្នកធ្លាប់ប្រើគោលនយោបាយ “មានសែនអត់ស៊ី មានស៊ីអត់សែន” ឥលូវ​នេះ​ដល់​វេនបុរសខ្លាំងកម្ពុជាយកគោលនយោបាយនេះទៅប្រើលើមនុស្សក្បត់ជាតិដូចអ្នកឯងវិញ ព្រោះក្រុមសាបព្រោះមនោគមន៍វិជ្ជាជ្រុលនិយម បើងើបមួយសមនឹងវ៉ៃមួយ បើងើបពីរ​សម​នឹង​វ៉ៃ​ពីរ ដូចសម្ដេចតេជោមានប្រសាសន៍។ ពួកនេះមិនបាននាំឱ្យជាតិរីកចម្រើន មានតែ​បង្ក​មហន្ដរាយ​ធ្ងន់ធ្ងរ។

    ក្រុមក្បត់ជាតិជ្រុលនិយមដូចទណ្ឌិត សម រង្ស៊ី កុំស្រមៃថាអាចធ្វើអ្វីបានស្រេចតែចិត្ដ។ ជង់មិន​ដែល​ភ្លេច​កុកនោះទេ មានតែកុកដែលភ្លេចជង់។ ដូចគ្នាដែរ ល្គឹកណាមានសម្ដេចតេជោ មានគណបក្ស​ប្រជាជនកម្ពុជា នៅបន្ដដឹកនាំប្រទេស ល្គឹកនោះក៏គ្មានវត្ដមាន​ជន​ក្បត់​ជាតិ​៣​ជំនាន់ សម រង្ស៊ី អាចមកប្រឡូកក្នុងសង្វៀននយោបាយក្នុងស្រុកខ្មែរបន្ដទៀតបានដែរ។ មនុស្ស​ពិសពុល​ដូច​ទណ្ឌិត សម រង្ស៊ី មិនអាចរួចខ្លួនពីសំណាញ់ច្បាប់កម្ពុជាបានដាច់ខាត ហើយជោគ​វាសនារបស់ជននេះច្បាស់ណាស់នឹងត្រូវចោលឆ្អឹងនៅក្រៅស្រុក។ សម្ដេចតេជោ​ក៏​ព្រមាន​អ្នក​ដែល​ពាក់​ព័ន្ធសូមដកខ្លួនចេញឱ្យឆ្ងាយពីទណ្ឌិតសម រង្ស៊ីបើចង់សុខ ហើយ​គណបក្ស​នយោបាយ​បើ​ហ៊ាន​ភ្ជាប់ខ្លួនជាមួយនឹងជនក្បត់ជាតិរូបនេះនឹងត្រូវប្ដឹងទៅតុលាការដើម្បីរំលាយចោលតែម្ដង។

    ជារួមគោលនយោបាយកម្ចាត់ចោលជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី ត្រូវតែធ្វើមិន​អាច​ខក​ខាន​បាន ដើម្បីរក្សាកម្ពុជាឱ្យបន្ដស្ថិតក្នុងសន្ដិភាព ពលរដ្ឋអាចរស់នៅបានសុខសាន្ដ។

    បច្ចុប្បន្ន​​គ្មាន​នរណាមានសមត្ថភាពផ្ដល់ម្លប់ដល់ពលរដ្ឋខ្មែរដូចសម្ដេចតេជោនោះទេ ដូច្នេះ​ទណ្ឌិត​​ក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី ទុកពិតជាមិនចំណេញកម្ចាត់ចេញរឹតតែមិនខាត៕

    ដោយ ៖ ពេញ ផេង

    អត្ថបទទាក់ទង