គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ទិវា​ទេសចរណ៍​ពិភពលោក​ឆ្នាំ២០២០ ប្រារព្ធឡើង​ក្រោមប្រធានបទ​ «ទេសចរណ៍ និង​ការអភិវឌ្ឍជនបទ​»

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី៤ ខែតុលា ឆ្នាំ២០២០​ |
    ទិវា​ទេសចរណ៍​ពិភពលោក​ឆ្នាំ២០២០ ប្រារព្ធឡើង​ក្រោមប្រធានបទ​ «ទេសចរណ៍ និង​ការអភិវឌ្ឍជនបទ​» ទិវា​ទេសចរណ៍​ពិភពលោក​ឆ្នាំ២០២០ ប្រារព្ធឡើង​ក្រោមប្រធានបទ​ «ទេសចរណ៍ និង​ការអភិវឌ្ឍជនបទ​»

    សៀមរាប៖ នៅថ្ងៃទី​៣  ខែតុលា​ ឆ្នាំ​២០២០​ កម្ពុជា​បាន​ប្រារព្ធ​ពិធី​អបអរ​សាទរ​ទិវា​ទេសចរណ៍ពិភពលោក ឆ្នាំ២០២០ ដែលធ្វើឡើងក្រោមប្រធានបទ «ទេសចរណ៍ និងការអភិវឌ្ឍជនបទ» ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍​ នៅ​សណ្ឋគារសុ​ខាល័យ​អង្គរ ខេត្តសៀមរាប​ ។

    ពិធីនេះ​ក៏មានការចូលរួមពីលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងទេសចរណ៍ រដ្ឋបាលខេត្តសៀមរាប សមត្ថកិច្ចពាក់ព័ន្ធ សមាគមន៍ទេសចរណ៍ សហគមន៍ទេសចរណ៍ សាកលវិទ្យល័យ សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ផ្នែកឯកជន និងភាគីពាក់ព័ន្ធផ្សេងៗទៀតសរុបប្រមាណ ២៥០នាក់ ដោយគោរពតាមវិធានសុវត្ថិភាព និងអនាម័យក្នុងការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩។

    អង្គពិធីបានស្តាប់នូវខ្លឹមសារដែលដកស្រង់ចេញពីវីដេអូឃ្លីបរបស់លោក អង់តូនីញ៉ូ ហ្គូទែរ៉េស (Antonio Guterrres) អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក ហ្ស៊ូរ៉ាប់ ប៉ូឡូលីកាហ្ស៊ីលី (Zurab Pololikashvili) អគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក (UNWTO) និងសារលិខិតអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២០ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

    អង្គពិធីនេះបានបង្ហាញពីគន្លឹះជាច្រើន ដោយផ្តោតសំខាន់លើចំណុចមួយចំនួន៖

    ១៖ ទេសចរណ៍ ការអភិវឌ្ឍជនបទ និងកូវីដ-១៩៖ ទេសចរណ៍ គឺជាមូលដ្ឋាននៃជីវភាពរស់នៅសម្រាប់សហគមន៍ជនបទ ជាពិសេសនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ តាមព្យាករណ៍របស់ UNWTO ទេសចរអន្តរជាតិនឹងធ្លាក់ចុះចន្លោះ ៦០-៨០% ក្នុងឆ្នាំ២០២០ ដូច្នេះនឹងមានផលប៉ះពាល់យ៉ាងខ្លាំងលើជីវភាពរស់នៅ និងអាជីវកម្មតាមជនបទ។ ពិភពលោកយល់ឃើញថាទេសចរណ៍ផ្ទៃក្នុងនឹងត្រឡប់មកវិញមុនទេសចរណ៍អន្តរជាតិ។ ដូចនេះប្រសិនបើមានការគ្រប់គ្រងច្បាស់លាស់ សហគមន៍ជនបទអាចនឹងទទួលបានផលចំណេញច្រើន ជាពិសេសបង្កើតឱកាសការងារ បង្កើនជីវភាពរស់នៅ និងពង្រឹងសេដ្ឋកិច្ចមូលដ្ឋានរបស់ប្រជាពលរដ្ឋជាដើម។

    ២៖ ទេសចរណ៍ជំរុញការអភិវឌ្ឍជនបទ៖ វិស័យនេះមានសមត្ថភាពពិសេសក្នុងការគាំទ្រដល់សកម្មភាពរស់ឡើងវិញនៃសហគមន៍ជនបទ ជួយសហគមន៍មូលដ្ឋានឲ្យងើបចេញពីវិបត្តិកូវីដ-១៩ និងជំរុញកំណើនប្រកបដោយបរិយាបន្ន និងចីរភាព។ ការអភិវឌ្ឍទេសចរណ៍ជនបទ មិនត្រឹមតែផ្តល់ឱកាសការងារ និងលើកស្ទួយជីវភាពរស់នៅរបស់សហគមន៍ប៉ុណ្ណោះទេ ថែមទាំងបានចូលរួមដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងការបម្រែបម្រួលអាកាសធាតុ ចំណាកស្រុក តាមរយៈសកម្មភាពនានា ដូចជា ការការពារ និងអភិរក្សបរិស្ថាន តំបន់ធម្មជាតិ បេតិកភណ្ឌ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់មូលដ្ឋាន។

    ៣៖ ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យអប់រំ៖ ការអភិវឌ្ឍទេសចរណ៍ជនបទ ទាមទារឲ្យមានការយកចិត្តដាក់ខ្ពស់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ស្របតាមតម្រូវការសង្គមសេដ្ឋកិច្ច និងការវិវត្តបច្ចេកវិទ្យា។ ស្ថាប័នពាក់ព័ន្ធ ក៏មានតួនាទីដ៏សំខាន់ផងដែរ ក្នុងការធានាបាននូវការកសាងហេដ្ឋារចនាសម្ព័ន្ធរឹងឲ្យបានគ្រប់គ្រាន់ ដើម្បីធ្វើឲ្យទេសចរអាចទស្សនាកម្សាន្ត និងទទួលបានបទពិសោធន៍ល្អៗពីតំបន់ជនបទ ពិសេស អេកូទេសចរណ៍កសិទេសចរណ៍ដោយងាយស្រួល។

    ៤៖ ការបង្កើតការងារបន្ថែម និងកាន់តែប្រសើរក្នុងសហគមន៍ជនបទ៖ ការអភិវឌ្ឍទេសចរណ៍ជនបទបានបង្កើតការងារបន្ថែមសម្រាប់ក្រុមដែលងាយរងគ្រោះ ដូចជា ស្ត្រី យុវជនវ័យក្មេង ព្រមទាំងអ្នកដែលមានជំនាញកម្រិតទាប។ តាមរយៈពិពិធកម្មផលិតផលទេសចរណ៍ជនបទ ការងារថ្មីៗ គំនិតច្នៃប្រឌិត និងនវានុវត្តន៍ នឹងកើតឡើងដែលជាមូលដ្ឋានទ្រទ្រង់សេដ្ឋកិច្ចច្នៃប្រឌិត (Creative Economy)។

    ៥៖ ឱកាសថ្មីៗ៖ តាមរយៈការមកទស្សនារបស់ទេសចរនៅតំបន់ជនបទ សហគមន៍មានឱកាសទទួលបាននូវគំនិតថ្មី និងអាចបង្កើនសមត្ថភាពផ្នែកបច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍។ ការអភិវឌ្ឍជំនាញ ការទទួលបានហិរញ្ញវត្ថុ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការផ្លាស់ប្តូរឌីជីថល ការធ្វើពិពិធកម្មសេដ្ឋកិច្ច អភិបាលកិច្ចថ្មី និងការវាយតម្លៃផលប៉ះពាល់ គួរតែត្រូវបានដាក់ជាចំណុចស្នូលនៃផែនការស្តារវិស័យទេសចរណ៍ឡើងវិញ ជាពិសេសទេសចរណ៍ជនបទ ក្នុងគោលដៅអាចធ្វើឲ្យសហគមន៍អាចមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ក្នុងមូលដ្ឋានរបស់ខ្លួន។

    អង្គពិធីបានចងចាំនូវគុណបំណាច់យ៉ាងថ្លៃថ្លាមិនអាចបំភ្លេចបាន និងវីរភាពដ៏អង់អាចក្លាហានរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងដំណើរការបង្រួបបង្រួមជាតិ និងកសាងមាតុភូមិកម្ពុជាពីសំណល់ផេះផង់បន្សល់ទុកដោយរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបានប្រែក្លាយកម្ពុជាឲ្យមានភាពសម្បូររុងរឿងដូចបច្ចុប្បន្ន ស្មើមុខស្មើមាត់ក្នុងឆាកអន្តរជាតិ ព្រមទាំងកំពុងដើរតួនាទីកាន់តែសំខាន់ក្នុងតំបន់ និងពិភពលោកផងដែរ។ អង្គពិធីបានប្តេជ្ញាថែរក្សាសន្តិភាពឲ្យស្ថិតស្ថិរគង់វង្សជាអមតៈ ទោះក្នុងតម្លៃណាក៏ដោយ និងជឿជាក់ថា «មានសន្តិភាព មានទេសចរណ៍ មានការអភិវឌ្ឍ»៕

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង