គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    មូលនិធិមុទិតា និងសហភាពសហព័ន្ធយុវជនកម្ពុជា ប្រារព្ធកម្មវិធី«សាទរស្នាព្រះហស្ថព្រះបិតាឯករាជ្យជាតិ»

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២២​ |
    មូលនិធិមុទិតា និងសហភាពសហព័ន្ធយុវជនកម្ពុជា ប្រារព្ធកម្មវិធី«សាទរស្នាព្រះហស្ថព្រះបិតាឯករាជ្យជាតិ» មូលនិធិមុទិតា និងសហភាពសហព័ន្ធយុវជនកម្ពុជា ប្រារព្ធកម្មវិធី«សាទរស្នាព្រះហស្ថព្រះបិតាឯករាជ្យជាតិ»

    ភ្នំពេញ ៖ មូលនិធិមុទិតា និងសហភាពសហព័ន្ធយុវជនកម្ពុជា បានចូលរួមជាមួយរាជរដ្ឋាភិបាល និងស្ថាប័នជាតិនានា ដើម្បីសហការរៀបចំកម្មវិធី «សាទរស្នាព្រះហស្ថព្រះបិតាឯករាជ្យជាតិ» ប្រារព្ធឡើងនាល្ងាចថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅសួនច្បារព្រះរាជបណ្តាំ (ខាងមុខព្រះបរមរាជវាំង)។

    ​កម្មវិធី «សាទរស្នាព្រះហស្ថព្រះបិតាឯករាជ្យជាតិ» ឋិតក្រោមវត្តមានឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវ អមដំណើរដោយឯកឧត្តម ស សុខា អនុប្រធាន ស.ស.យ.ក. និងលោកជំទាវ រួមទាំង ថ្នាក់ដឹកនាំ ស.ស.យ.ក. ក៏មានការអញ្ជើញចូលរួមពីគណៈកម្មការរៀបចំព្រះរាជពិធី ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា ស.ស.យ.ក. និងមូលនិធិមុទិតាប្រមាណ២០០នាក់ផងដែរ។

    កម្មវិធីនេះធ្វើឡើងក្នុងគោលបំណង រំលឹកដល់ព្រះគុណូបការៈ និងសម្តែងនូវមនោសញ្ចេតនាចងចាំជានិច្ចគ្មានថ្ងៃបំភ្លេចបាន ប្រកបដោយសេចក្ដីកតញ្ញូ កតវេទី ជូនចំពោះព្រះមហាករុណាទិគុណដ៏ធំធេងរបស់ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ នៅក្នុងបុព្វហេតុទាមទារឯករាជ្យជូនប្រជាជាតិ ការកសាងជាតិ និងការបង្រួបបង្រួមជាតិ ការការពារបូរណភាពទឹកដី ជូនជាតិមាតុភូមិ និងប្រជានុរាស្ត្រកម្ពុជា និងការរួបរួមដើម្បីសន្តិភាព ឯករាជ្យ និងកសាងជាតិគ្មានឈប់ឈរ។

    នាបរិយាកាសដ៏វិសេសវិសាលនេះ គណៈអធិបតី និងអ្នកចូលរួមបានទស្សនាភាគយន្តរឿង «ឆាយាលើអង្គរ»ដែលជាស្នាព្រះហស្ដព្រះរាជនិពន្ធ របស់ករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងកម្មវិធី «សាទរស្នាព្រះហស្ថព្រះបិតាឯករាជ្យជាតិ» ដែលប្រៀបប្រដូចទៅនឹងព្រះរាជឱង្ការរបស់ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះមរមរតនកោដ្ឋ មានអត្ថន័យសរបញ្ជាក់ឱ្យឃើញពីស្មារតីសេ្នហាជាតិ ហ៊ានធ្វើបូជនីយកិច្ច ការពារប្រទេសជាតិ និងការសាមគ្គីរួបរួមជាធ្លុងមួយ ដើម្បីប្រឆាំងនឹងអំពើអបាយមុខ និងក្បត់ជាតិរបស់ក្រុមមួយចំនួនតូច ដែលចង់បង្កឱ្យមានអស្ថេរភាព និងចលាចលក្នុងប្រទេស។ បន្ទាប់ពីទទួលបានឯករាជ្យដ៏ពេញលេញ ការការពារ និងថែរក្សាឯករាជ្យជាតិពិតជាសំខាន់បំផុតសម្រាប់ប្រជាជាតិ ហើយការរួបរួមសាមគ្គីនេះហើយ គឺជាគឹន្លះនៃការជួយស្រោចស្រង់ប្រទេសនៅសន្តិភាព និងភាពសុខសាន្ត។

    កម្មវិធីដ៏មានអត្ថន័យនេះ បានប្រារព្ធឡើងដើម្បីបង្ហាញពីទឹកចិត្ត និងស្មារតីនៃការចងចាំចំពោះព្រះរាជបណ្តាំដ៏ថ្លៃថ្លា និងពោរពេញទៅដោយអត្ថន័យទូន្មានដែលជាព្រះរាជឱង្ការរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ។កម្មវិធីនាល្ងាចនេះក៏ចង់រលឹកពីព្រះរាជគុណូបការៈដ៏ខ្ពង់ខ្ពស់បំផុត តាមរយៈស្នាព្រះហស្ថដែលជាប្រវត្តិសាស្រ្តរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះមរមរតនកោដ្ឋ ក្នុងមួយព្រះជន្មរបស់​ព្រះអង្គដែលបានគិតគូរពី​ឧត្តមប្រយោជន៍ជាតិ​លើសអ្វីទាំងអស់ ក្នុងនាមព្រះអង្គបានបំពេញព្រះរាជបូនីយកិច្ចទាមទារបានឯករាជ្យ និងបូរណភាពទឹកដីខ្មែរឱ្យបានគង់វង្ស៕ BTVNews